លក្ខណៈ​បុរស ៦ប្រភេទ ដែល​នារី​ប្រាថ្នា​ជា​គូ​អនាគត

  • 2016-05-25 16:34:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​គ្រប់​រូប​សុទ្ធតែ​ប្រាថ្នា​បុរស​សង្ហា មាន​ដុល្លារ​ចាយ​វាយ​ពេញ​ដៃ​ឬ? ប្រហែល​ជា​នៅ​សល់​ភាគ​តិច​ប៉ុណ្ណោះ​ដែល​គិត​បែប​នេះ ព្រោះ​បច្ចុប្បន្ន​នារី​ភាគ​ច្រើន​ចង់​បាន​សុភមង្គល​ពិត​ប្រាកដ ចង់​ក្លាយ​ជា​ព្រះ​នាង​តូច​របស់​អ្នក​ក្រ ក៏​មិន​ធ្វើ​មនុស្ស​កំដរ​របស់​អ្នក​មាន។ ចុះ​បុរស​បែប​ណា​ដែល​នាង​ប្រាថ្នា​ជា​គូ​អនាគត?

 

 

កញ្ញា រចនា ជា​បុគ្គលិក​ធនាគារ​ឯកជន​មួយ​នៅ​ភ្នំពេញ បាន​លើក​ឡើង​ពី​លក្ខណៈ​បុរស ៣​ប្រភេទ​ដែល​នាង​ចង់​រួម​ផ្លូវ​ជីវិត​ជា​មួយ​ទៅ​ថ្ងៃ​អនាគត៖

 

ស្លូត​បូត តែ​មិន​ទន់​ជ្រាយ៖ រចនា បាន​និយាយ​ថា បុរស​ដែល​ខ្លួន​ប្រាថ្នា ជា​មនុស្ស​ស្លូតបូត សុភាពរាបសារ មិន​អួតអាង​ច្រើន ប៉ុន្តែ​មាន​ចិត្ត​ក្លាហាន អាច​ការពារ​រូប​នាង​ឲ្យ​មាន​ភាព​កក់​ក្ដៅ​គ្រប់​ពេល​វេលា។ "ស្លូត តែ​មិន​មែន​ជ្រាយ​ទេ​បង... មនុស្ស​ប្រុស​ត្រូវ​តែ​ក្លាហាន ទើប​មនុស្ស​ស្រី​ស្រលាញ់"។ រចនា បញ្ជាក់។

 

ស្មោះ​ត្រង់៖ បុគ្គលិក​វ័យ ២៤​ឆ្នាំ​ខាង​លើ បាន​បន្ថែម​ទៀត​ថា ត្រឹម​ស្លូត​មិន​គ្រប់​គ្រាន់​ទេ ប៉ុន្តែ​ក៏​ត្រូវ​មាន​ចិត្ត​​ស្មោះ​ត្រង់ មិន​លាក់​លៀម​ក្រោយ​ខ្នង កុំ​ឲ្យ​ដូច​ពាក្យ​ចាស់​ថា ស្ងាត់ៗ​កេះ​ឆ្នាំង​បាយ​ធ្លុះ។ រចនា បន្ថែម​ថា៖ "មនុស្ស​ប្រុស​ល្អ​បែប​ណា​ក៏​ដោយ បើ​ចេះ​ក្បត់​ហើយ គឺ​ស្អប់​ដល់​ឆ្អឹង"។

 

គិត​អនាគត៖ ចំណុច​ទី៣ ដែល រចនា លើក​ឡើង គឺ​និយាយ​ពី​បុរស​ដែល​មាន​ទំនួល​ខុស​ត្រូវ ចេះ​គិត​ជ្រៅ​ទៅ​អនាគត មិន​មែន​លេង​សើច​អត់​ប្រយោជន៍​នោះ​ទេ។ រចនា បាន​និយាយ​ថា៖ "ខ្ញុំ​មិន​យក​ពេល​លេង​សើច​ច្រើន​ទេ បើ​គេ​ស្រលាញ់​មែន ត្រូវ​គិត​អនាគត... ហ្នឹង​ហើយ​មនុស្ស​ដែល​ខ្ញុំ​ត្រូវ​ការ"។

 

មាន​ហេតុ​ផល៖ ចំពោះ ស្រីអូន ជា​កម្មការិនី​រោង​ចក្រ​ម្នាក់​នៅ​ទឹក​ថ្លា បាន​និយាយ​ថា មនុស្ស​ប្រុស​ដែល​ខ្លួន​ប្រាថ្នា មិន​ទាមទារ​អ្វី​ច្រើន​ឡើយ គ្រាន់​តែ​ចង់​ឲ្យ​ជឿជាក់​លើ​រូប​នាង មាន​ហេតុផល មិន​មែន​ចេះ​តែ​រក​រឿង​ផ្ដេសផ្ដាស ហើយ​អាច​ធ្វើ​ឲ្យ​នាង​ញញឹម​បាន​ច្រើន​ជាង​ពិបាក​ចិត្ត គឺ​គ្រប់​គ្រាន់​ហើយ។

 

យក​ចិត្ត​ទុក​ដាក់​ចំពោះ​នាង៖ ងាក​មក​កញ្ញា ជា ស្រី​ថា ជា​និស្សិត​ឆ្នាំ២ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​បង្ហាញ​ក្ដី​ប្រាថ្នា​ថា បុរស​ដែល​ខ្លួន​ស្រលាញ់​ជា​មនុស្ស​ចេះ​យក​ចិត្ត​ទុក​ដាក់ ឆ្លៀត​ពេល​រវល់​ដើម្បី​ដឹង​ពី​សុខទុក្ខ​របស់​នាង។ ស្រី​ថា បាន​និយាយ​ថា៖ "មនុស្ស​ប្រុស​ដែល​ខ្ញុំ​ប្រាថ្នា​នោះ​គឺ ចេះ​យល់​ចិត្ត ចេះ​ដឹង​សុខទុក្ខ មិន​មែន​សោះ​អង្គើយ​ទេ...”។

 

ស្រលាញ់​គ្រួសារ ចេះ​ការងារ​ផ្ទះ៖ បុរស​ដែល​ចេះ​ធ្វើ​ម្ហូប ជួយ​ការងារ​ផ្ទះ និង​ស្រលាញ់​ក្រុម​គ្រួសារ គឺ​ជា​ក្ដី​ប្រាថ្នា​របស់​កញ្ញា ជិន ស៊ីយ៉ា បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ។ ស៊ីយ៉ា បាន​និយាយ​ថា៖ "ស្រលាញ់​ណាស់​មនុស្ស​ប្រុស​ចេះ​ការងារ​ផ្ទះ ចេះ​ធ្វើ​ម្ហូប... ធ្វើ​ទាំង​អស់​គ្នា ញ៉ាំ​ទាំង​អស់​គ្នា មិន​ដឹង​សប្បាយ​​ចិត្ត​​យ៉ាង​ណា​ទេ"។ ​

 

ចុចអាន៖ ​រឿងផ្អែមល្ហែម៨​យ៉ាង​​ គួរ​ធ្វើ​​ទៅ​កាន់​មនុស្ស​ជា​ទីស្រលាញ់ បញ្ជាក់​ថា​អ្នក​ស្រលាញ់​​គេ​ខ្លាំង ចុចអាន៖ ៨​​យ៉ាង​​ត្រូវ​ដឹង​ បើ​ដាក់​ចិត្ត​ស្រលាញ់​​នារី​​​ឆ្លាត​ ពូកែ ​រឹង​ប៉ឹង​​​មិន​ទន់​ជ្រាយ

អត្ថបទ៖ គង់ វិសាល ​​​
អត្ថបទថ្មី