Starbucks សម្ពោធ​សាខាថ្មី​កក្រើក​ពេញ​ផ្សារ​ AEON

  • 2016-05-26 00:18:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Starbucks ជា​ហាង​កាហ្វេ​ដ៏​ល្បី​មាន​ដើមកំណើត​នៅ​សហរដ្ឋ​អា​មេ​រិច ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​នោះបាន​បើក​ស​ម្ពោ​ធសាខាថ្មី នៅខាងមុខ​​ផ្សា​ទំនើប​អ៊ី​អន​ជាន់​ផ្ទាល់​ដី កា​លពី​ព្រឹម​មិញ​នេះ។

 

សម្ពោធ​លក់​ថ្ងៃ​ដំបូងនៅសាខាថ្មី អតិថិជន​ជាច្រើន​រយ​នាក់ ដែល​ភាគច្រើន​ជា​យុវវ័យ​បាន​តម្រង់​ជួរ​យ៉ាង​វែង​និង​រង់ចាំ​ជាច្រើន​ម៉ោង​ដើម្បី​បាន​ភ្លក់​រសជាតិ​កា​ហ្វ​ដ៏​ល្បីឈ្មោះ​នេះ។

 

 

លោក ប៉ លីម ប្រធាន​គ្រប់គ្រង​ទូទៅ​ នៃ Starbucks កម្ពុជា​បាន​ឲ្យ​ដឹងថា សាខា​ថ្មីចំ​កណ្តាល​រាជធានី​ភ្នំពេញ​នេះ​រំពឹងថា​នឹង​អាច​ចែករំលែក​បទពិសោធន៍​ថ្មី​ក្នុង​ទីផ្សារ​កាហ្វេ​កម្ពុជា​កាន់តែខ្លាំង «អតិថិជន​ដែល​មកទទួលទានកាហ្វេ​នៅ Starbucks នឹង​ទទួលបានរសជាតិឈ្ងុយឆ្ងាញ់ រួមទាំងបរិយាកាស​កាន់តែ​ល្អ​ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទំនង ដែល​យើង​រំពឹងថា​នឹង​ក្លាយជាផ្ទះ​ទី​បី របស់​អតិថិជន​គ្រប់គ្នា បន្ទាប់ពី​នៅ​ជាមួយ​គ្រួសារ​និង​កន្លែងធ្វើការ»។

 

 

ប្អូនស្រី យូ​រី ដែល​បានមក​រង់ចាំ​ដំបូង​គេ​បង្អស់​ទទួលបាន​លេខ​រៀង​ទី១ ក្នុង​ជួរ​ដ៏​វែង បាន​ឲ្យ​ដឹងថា ប្អូន​បានមក​អង្គុយ​រង់ចាំ​តាំងពី​ម៉ោង៨ព្រឹក​ម្ល៉េះ។ ប្អូន​បានឮ​កាហ្វេ Starbucks នេះល្បីយូរ​មកហើយ ប្អូន​ចង់ដឹងថា​ឆ្ងាញ់​កម្រិតណា ហើយ​អ្វីដែល​ពិសេស​នោះមកចាំមុនគេ ដើម្បីបាន​កែវ​ទឹក​ស្រស់ស្អាត​របស់ Starbucks ដែល​ប្អូន​ចង់បាន​ជាទីបំផុត។

 

ចំណែក​ប្អូនស្រី សុជាតា ដែល​កំពុង​រង់ចាំ​នៅ​លេខ​រៀងទី១១ បាន​និយាយថា ប្អូន​បានមក​តម្រង់​ជួរ​នៅ​ម៉ោង​ប្រមាណ៩ព្រឹក។ ប្អូន​ធ្លាប់​ញ៉ាំ Starbucks រួចហើយ​នៅ​បរទេស​ ហើយ​ជក់ចិត្ត ពេល​ដឹងថា Starbucks មាន​​បើក​​នៅ​ភ្នំពេញ​ប្អូន​ក៏​ប្រញាប់​បបួល​មិត្ត​ភ័​ក្ត​មក​សាក​ម្តងទៀត។

 

 

Starbucks បានចាប់ផ្តើម​បើក​លក់​ជា​ផ្លូវការសម្រាប់​អតិថិជន​ដំបូងបង្អស់​នៅ​ម៉ោង ១២ថ្ងៃត្រង់​ទៅក្នុង​ថ្ងៃ​ស​ម្ពោធ​នេះ ដោយ​អតិថិជន២០០នាក់​ដំបូង​នឹង​ទទួលបាន​កែវ​ទឹក​រូប​និមិត្តសញ្ញា Starbucks ដ៏​ស្រស់ស្អាត​មួយនិង​ការលក់​បញ្ចុះតម្លៃផ្សេងៗទៀត។

 

 

ហាង​កាហ្វេ​ Starbucks មាន​ពីរ​សាខា គឺ​នៅ​ស្ថានីយចេញដំណើរ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ផ្សារ​ទំនើប​អ៊ី​អន ហើយ​គ្រោង​នឹងបើក​សាខា​ទី​បី​នៅក្នុង​សង្កាត់​បឹង​កេងកង១ នៅ​ចុង​ឆ្នាំនេះ៕

 

 

អត្ថបទៈ លីដា