ភ្លៀង​ខ្លាំង​មួយ​មេ​ម្សិលមិញ បន្សល់​ទុក​រឿង​កក្រើក ៣យ៉ាង

  • 2016-06-09 16:40:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ម៉ោង​ប្រមាណ​ជិត ១​រសៀល​ម្សិលមិញ​នេះ ទឹក​ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តំបន់​នានា ដែល​ធ្វើ​ឲ្យ​មាន​ព័ត៌មាន​ចាប់​អារម្មណ៍​ជា​ច្រើន​លេច​ឡើង ដូច​ជា​ការ​បាក់​ស្រុត​ដី​នៅ​ជិត​ពហុ​កីឡដ្ឋាន​ជាតិ ការ​រលំ​ដើមឈើ​សង្កត់​ឡាន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ព្រម​ទាំង​ការ​លិច​ទូក​នៅ​កំពង់ចម្លង​កោះកែវ។

 

​​១. ហេតុការណ៍​បាក់​ស្រុត​ដី​ជិត​ពហុកីឡដ្ឋាន​ជាតិ

 

 

វេលា​ម៉ោង​ប្រមាណ​ជាង១ ខណៈ​ដែល​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង ដី​ចំណី​ផ្លូវ​នៅ​ជាប់​ការដ្ឋាន​សំណង់​មួយ​ក្បែរ​ពហុ​កីឡដ្ឋាន​ជាតិ បាន​ស្រុត​ចុះ​ក្រោម​អំណាច​ទឹក​ហូរ។ រថយន្ត​បី​គ្រឿង ម៉ាក CRV ២​គ្រឿង និង​កាមេរី​បាឡែន​មួយ​គ្រឿង បាន​ចត​ចោល​នៅ​កន្លែង​កើត​ហេតុ ប៉ុន្តែ​គ្មាន​មនុស្ស​នៅ​ក្នុង​នោះ​ទេ ព្រោះ​ជា​រថយន្ត​ដាក់​លក់។ ក្រោយ​កើត​ហេតុ​ភ្លាមៗ គេ​បាន​ប្រើ​រថយន្ត​ស្ទូច​ឡាន​ទាំង៣ និង​ចាប់​ផ្ដើម​ជួសជុល​ភ្លាមៗ។

 

ទស្សនា​វីដេអូ៖

 

 

២. ហេតុការណ៍​រលំ​ដើម​ឈើ​សង្កត់​ឡាន​នៅ RUPP

 

 

នៅ​ម៉ោង​ប្រហែល​គ្នា​នេះ ក៏​មាន​ហេតុការណ៍​បាក់​រលំ​ដើម​ឈើ​ធំ​មួយ​នៅ​ក្រោយ​អគារ DMC សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយ​សង្កត់​រថយន្ត ២​គ្រឿង​ខូច​ខាត​ធ្ងន់ធ្ងរ​ជាង​គេ ប៉ុន្តែ​មិន​មាន​ប៉ះ​ពាល់​ដល់​មនុស្ស​ឡើយ។ បន្ទាប់​ពី​ភ្លៀង​រាំង ក្រុម​សន្តិសុខ​បាន​នាំ​គ្នា អា​កាត់​ដើម​ឈើ​នោះ​ចេញ ដើម្បី​ទាញ​យក​រថយន្ត​ទៅ​ជួសជុល។

 

ទស្សនា​វីដេអូ៖

 

 

៣. ហេតុការណ៍​លិច​ទូក​នៅ​កំពង់ចម្លង​កោះកែវ

 

 

នៅ​ម៉ោង​ប្រហែល ១:៣០​នាទី ទូក​ចម្លង​កោះកែវ ជ្រោយ​ដង ស្ថិត​នៅ​ភូមិ​កោះកែវ​ក្រោម​ ឃុំ​កោះកែវ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល បាន​ដឹក​អ្នក​ដំណើរ​ឆ្លង​ទន្លេ​ទៅ​ចំណុច​ភូមិ​ជ្រោយដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ដែល​មាន​អ្នក​ធ្វើ​ដំណើរ​សរុប ០៨នាក់ ស្រី៦នាក់។

 

រៀប​ចេញ​ដំណើរ​មេឃ​ងងឹត​រលឹម​តិចៗ ហើយ​ទូក​ថយ​ចេញ​ពី​ច្រាំង​បាន​ប្រហែល ៣០ម៉ែត្រ ស្រាប់​តែ​ធ្លាក់​ភ្លៀង​ខ្យល់​ខ្លាំង​បក់​មក​ដល់ បង្ក​ឲ្យ​មាន​រលក​ធំៗ​បោក​មក​លើ​ទូក​ក្រឡាប់​លិច​តែ​ម្ដង។ ភ្លាម​នោះ អ្នក​ដំណើរ​បាន​ហែ​​រួច​ខ្លួន​ចំនួន ០៦នាក់។ ក្នុង​ចំណោម​អ្នក​បាត់ខ្លួន ២នាក់ រក​ឃើញ​សាកសព​ម្នាក់ បាត់​ខ្លួន​ក្មេង​ស្រី​ម្នាក់ សមត្ថកិច្ច​កំពុង​តាម​រក៕

 

ចំពោះ​សម្ភារៈ​ដែល​បាត់បង់​មាន៖

១. ម៉ូតូ C១២៥ ស៊េរី ២០១៥ ចំនួន ១គ្រឿង ២. ម៉ូតូ C១២៥ ស៊េរី ២០១២ ចំនួន១គ្រឿង ៣. ម៉ូតូ គុប​ជ្រុង C៩០ ១គ្រឿង ៤. ម៉ូតូ C១២៥ស៊េរី ២០១៣ ចំនួន១គ្រឿង ៥. ទូរសព្ទ ចំនួន០៥ រឿង ៦. ប្រាក់ ៧០០ដុល្លារនិងប្រាក់ ៥២០០០០ រៀល និងឯកសារមួយចំនួន ។

 

អត្ថបទ៖ គង់ វិសាល ​​​​