ទីក្រុង​អាថ៌កំបាំង​ធំៗ​ដែល​កប់​បាត់​នៅ​សៀមរាប នឹង​ត្រូវ​លាត​ត្រដាង​ថ្ងៃ​ស្អែក​នេះ

  • 2016-06-12 22:58:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទីក្រុង​បុរាណ​ទាំង​ឡាយ​ដែល​កប់​បាត់​ខ្លួន​នៅ​ខេត្ត​សៀមរាប មាន​ទំហំ​ធំ​ជាង​អ្វី​ដែល​ធ្លាប់​រក​ឃើញ​ពី​មុន​ទៅ​ទៀត។ បុរាណវិទូ​ជនជាតិ​អូស្ត្រាលី Damian Evans គ្រោង​លាតត្រដាង​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​ទីក្រុង​បុរាណ​ទាំង​នោះ នៅ​ស្នាក់ការ​ក្រុម​អ្នក​ស្រាវជ្រាវ Royal Geographic Society ទីក្រុង​ឡុងដុង នា​ថ្ងៃ​ចន្ទ​ស្អែក​នេះ។

 

​​

ការ​ស្រាវជ្រាវ​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​រក​ឃើញ​តឹក​តាង​ថ្មី បង្ហាញ​ថា​ទីក្រុង​បុរាណ​ដែល​កប់​បាត់​ដាន​ក្នុង​ព្រៃ​ព្រឹក្សា​ជិត​ប្រាសាទ​អង្គរវត្ត មាន​ទំហំ​ធំ​ជាង​អ្វី​ដែល​គេ​ធ្លាប់​បាន​ដឹង​ពី​មុន​មក។ លទ្ធផល​ស្រាវជ្រាវ​ដែល​គូរ​ឡើង​តាម​រយៈ​បច្ចេកវិទ្យា​ស្កេន​ឡាស៊ែរ​ពី​លើ​អាកាស រំពឹង​ថា​នឹង​បង្ហាញ​លម្អិត​នៅ​ស្នាក់ការ​ក្រុម​អ្នក​ស្រាវជ្រាវ Royal Geographic Society ក្នុង​ទីក្រុង​ឡុងដុង នា​ថ្ងៃ​ចន្ទ​ស្អែក​នេះ ដោយ​បុរាណ​វិទូ​អូស្ត្រាលី Damian Evans។

​​

តាម​រយៈ​ការ​ដក​ស្រង់​សម្ដី​ដោយ​សារព័ត៌មាន The Guardian របស់​ចក្រភព​អង់គ្លេស លោក Damian Evans បាន​និយាយ​ថា៖ "យើង​បាន​រក​ឃើញ​ទីក្រុង​ទាំង​អស់​នៅ​ក្រោម​ព្រៃ​ព្រឹក្សា ដែល​គ្មាន​នរណា​ដឹង​ថា​មាន​នៅ​ទី​នោះ​ឡើយ... នៅ​ព្រះខ័ន និង​កំពង់ស្វាយ ហើយ​គ្រាន់​តែ​ថា​យើង​មិន​បាន​ចូល​ទៅដល់​ផ្នែក​មួយ នៃ​មហេន្ទ្របវ៌ត លើ​ភ្នំគូលែន (ក្នុង​ការ​ស្ទាប​ស្ទង់​ឆ្នាំ​២០១២)។ លោក​បាន​បញ្ជាក់​ទៀត​ថា៖ "​នៅ​ពេល​នេះ យើង​បាន​ទទួល​ការ​យល់​ស្រប​ទាំង​ស្រុង ហើយ​វា​ពិត​ជា​ធំ​ណាស់... ធំ​ស្មើ​នឹង​រាជធានី​ភ្នំពេញ។

​​

​​

របក​គំហើញ​របស់​លោក Evans ក៏​គ្រោង​បោះ​ពុម្ព​ផ្សាយ​លើ​ព្រឹត្តិបត្រ​វិទ្យាសាស្រ្ត Archaeological Science ផង​ដែរ។ នៅ​ពេល​នេះ ក្រុម​អ្នក​ស្រាវជ្រាវ Royal Geographic Society នៅ​ទីក្រុង​ឡុងដុង ចក្រភព​អង់គ្លេស មិន​ទាន់​បក​ស្រាយ​អ្វី​ពាក់​ព័ន្ធ​នឹង​របក​គំហើញ​ដ៏​អស្ចារ្យ​នេះ​នៅ​ឡើយ​ទេ៕

​​

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ theguardian

អត្ថបទពេញនិយម