អរគុណ​ដែល​បាន​ដើរ​មក​ក្នុង​ជីវិត​ខ្ញុំ​

  • 2016-07-01 20:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រឡាញ់​មនុស្ស​ម្នាក់​វា​ងាយ​ស្រួល ​តែ​ពេល​បំភ្លេច​ទើប​ពិបាក។ ខ្ញុំ​ជឿ​ថា​អ្នក​ណាៗ​ក៏​យល់​អារម្មណ៍​នេះ​ដែរ​... តែ​សម្រាប់​ខ្ញុំ​គឺ​វា​ពិបាក​ខ្លាំង​មែន​ទែន​រហូត​ដល់​ពេល​ខ្លះ​ខ្ញុំ​ធ្វើ​អ្វី​មិន​កើត។

 

គេ​និង​ខ្ញុំ​គឺ​ជា​អតីត​និស្សិត​រៀន​នៅ​សាកល​វិទ្យាល័យ​ជាមួយ​គ្នា​។ ដំបូង​គេ​រៀន​វេន​ព្រឹក​ចំណែក​ខ្ញុំ​រៀន​វេន​យប់​ តែ​គេ​ក៏​ដូរ​មក​វេន​យប់​វិញ​ទើប​ធ្វើ​ឱ្យ​យើង​ស្គាល់​គ្នា។

 

ចូល​រៀន​ថ្ងៃ​ដំបូង​​គេ​សុំ​ខ្ញុំ​អង្គុយ​ជិត​ ព្រោះ​គេ​​មិន​បាន​យក​សៀវភៅ​មក។ ខ្ញុំ​ក៏​ឱ្យ​គេ​អង្គុយ​គេ​ក៏​ថា «អរគុណ​បង!»។ ប្រហែល​ជា​គេ​គិត​ថា​ខ្ញុំ​ជា​ស្រី​មុខ​ចាស់​អាយុ​ច្រើន​ហើយ ​ទើប​គេ​ហៅ​ខ្ញុំ​បង​ដូច្នេះ ឬ​មួយ​ក៏​ទម្លាប់​គេ​ប្រើ​សម្ដី​នេះ​ជាមួយ​មនុស្ស​ស្រី​​​ទើប​ស្គាល់?

 

ខ្ញុំ​ក៏​សួរ​នាំ​គេ​ថា​គេ​ដូរ​មក​ពី​ណា​? ហេតុអី​បាន​ដូរ? គេ​ប្រាប់​ថា​ គេ​ដូរ​ព្រោះ​គេ​ធ្វើ​ការ​ កាល​មុន​គេ​រៀន​តែ​មួយ​មុខ​ទើប​មាន​ពេល​រៀន​វេន​ព្រឹក។

ពេល​សម្រាក​​១០​នាទី​ គេ​បបួល​ខ្ញុំ​ទៅ​ញ៉ាំ​មី​ឆា​ តែ​ខ្ញុំ​ប្រកែក​មិន​ទៅ ព្រោះ​កុំ​ឱ្យ​គេ​ថា​ចេះ​តែ​ហ៊ាន​ទៅ​ណា​ទៅ​ណី​ជាមួយ​មនុស្ស​ទើប​ស្គាល់​។

 

ថ្ងៃ​បន្ទាប់​ៗ​មក​ទៀត​ គេ​ចាប់​ផ្ដើម​សុំ​លេខ​ទូរសព្ទ​ខ្ញុំ ព្រោះ​គេ​ចង់​ចូល​ក្រុម​ Assignmentជាមួយ​ខ្ញុំ តែ​គេ​តែង​តែ​ហៅ​ខ្ញុំ​ថា​បង​ជានិច្ច។

តាំង​ពី​បាន​លេខ​ខ្ញុំ​មក​ គេ​មិន​ដែល​តេ​មក​សូម្បី​តែ​ម្ដង ទាល់​តែ​ត្រូវ​ការ​ឱ្យ​ខ្ញុំ​ជួយ​សុំ​ច្បាប់​ទើប​គេ​តេ​មក​។

 

លុះ​ល្ងាច​ឡើង​គេ​ក៏​បបួល​ខ្ញុំ​និយាយ​ទូរសព្ទ​ សួរ​នាំ​ពី​នេះ​ ពី​នោះ​ រហូត​ពួក​យើង​បាន​ដឹង​រឿង​ជា​ច្រើន​ពី​គ្នា។ គេ​ថា​គេ​ជា​អ្នក​កំពង់សោម​ គេ​នៅ​ភ្នំពេញ​តែ​ម្នាក់​ឯង​ទេ ហើយ​មួយ​ទៀត​គឺ​យើង​អាយុ​ដំណាល​គ្នា​ទេ ដូច្នេះ​គេ​ក៏​ត្រឡប់​មក​ហៅ​ឈ្មោះ​ខ្ញុំ​វិញ។

 

ក្រោយ​មក​ទៀត​ យើង​ទាក់ទង​គ្នា​ជា​ញឹក​ញាប់​តាម​ទូរសព្ទ​។ គេ​តែង​តែ​យក​ចិត្ត​ទុកដាក់​ជាមួយ​ខ្ញុំ​ជានិច្ច​។ Laptop ខ្ញុំ​ខូច​ គេ​យក​ទៅ​ធ្វើ​ឱ្យ​ ពេល​ណា​ខ្ញុំ​មិន​ឃ្លាន​អី​ គេ​រត់​ទៅ​ទិញ​ឱ្យ​។ អំពើ​របស់​គេ​ ធ្វើ​ឱ្យ​ខ្ញុំ​គិត​ថា​ គេ​ប្រហែល​ជា​ស្រឡាញ់​ខ្ញុំ​ហើយ តែ​គេ​មិន​ដែល​និយាយ​ថា​ស្រឡាញ់​ខ្ញុំ​ម្ដង​ណា​ទេ។

 

ចប់​ឆ្នាំ​ទី​៣ ចូល​ឆ្នាំ​ទី​៤ គេ​នៅ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ ដូច​ជា​មនុស្ស​ប្រុស​យក​ចិត្ត​ទុកដាក់​នឹង​មិត្ត​ស្រី​ចឹង។ មាន​ពេល​មួយ​ គេ​ធ្លោយ​មាត់​ប្រាប់​ខ្ញុំ​ថា «ចាំ​ថ្ងៃ​ណា​មួយ​នាំ​ទៅ​ជួប​ម៉ាក់​ម្ដង!»។ ពេល​ខ្ញុំ​ជំរិត​សួរ​ថា​នាំ​ទៅ​ជួប​ធ្វើ​អី? គេ​ក៏​ប្ដូរ​ទៅ​និយាយ​ស្អី​ផ្សេង។

 

ត្រង់​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មិន​គិត​មិន​បាន​ ចុះ​ហេតុអី​ក៏​គេ​មិន​ព្រម​សារភាព? គេ​ក៏​ដឹង​ដែរ​ថា​ខ្ញុំ​មិន​​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ណា​នោះ​ទេ រឿង​អី​គេ​ត្រូវ​ស្ទាក់​ស្ទើរ?

 

ថ្ងៃ​ទទួល​សញ្ញាប័ត្រ​ ក៏​ជា​ថ្ងៃ​ដែល​ខ្ញុំ​ពិបាក​ចិត្ត​ដែរ​ ព្រោះ​គេ​ថា​គេ​លែង​នៅ​ភ្នំពេញ​ទៀត​ហើយ គេ​ត្រូវ​ទៅ​ធ្វើ​ការ​នៅ​ផែ ព្រោះ​មាន​ពូ​ធ្វើ​ការ​នៅ​ទីនោះ​ដែរ។

ក្នុង​ចិត្ត​ខ្ញុំ​ខ្លោច​ផ្សារ​ណាស់​ ព្រោះ​ខ្ញុំ​លែង​បាន​ឃើញ​មុខ​គេ​ទៀត លែង​មាន​អ្នក​ចាំ​យក​ចិត្ត​ទុកដាក់​នឹង​ខ្ញុំ​ទៀត​ហើយ។ អ្វី​ដែល​រឹត​តែ​តឹង​ចិត្ត​ទៀត​នោះ​គឺ​​ គេ​មិន​ព្រម​សារភាព​ទាល់​តែ​សោះ​! ឬ​មួយ​គេ​មិន​ស្រឡាញ់​ខ្ញុំ​ទេ?

 

​​តាំង​ពី​ថ្ងៃ​ចាក​ចេញ​ទៅ​នៅ​កំពង់សោម​វិញ​ គេ​មិន​ដែល​ទាក់​ទង​មក​ខ្ញុំ​​សូម្បី​តែ​ម្ដង។ ខ្ញុំ​នឹក​គេ​ជា​ខ្លាំង​ ហើយ​ក៏​គិត​ចង់​ប្រាប់​គេ​ពី​អារម្មណ៍​ខ្ញុំ​ម្ដងៗ​ដែរ។ ខ្ញុំ​បាន​តេ​ទៅ​គេ តែ​ទូរសព្ទ​គេ​បិទ​បាត់​ហើយ! ​ចិត្ត​ខ្ញុំ​កាន់​តែ​អន្ទះអន្ទែង​ខ្លាំង​ឡើង។

 

មួយ​ឆ្នាំ​ក្រោយ​បញ្ចប់​បរិញ្ញាបត្រ​ ខ្ញុំ​នៅ​តែ​មិន​ទាន់​សម្លឹង​ឃើញ​អ្នក​ណា​ក្រៅ​ពី​គេ​នោះ​ឡើយ ខ្ញុំ​នឹក​គេ​ស្ទើរ​រាល់​ថ្ងៃ ទាំង​​គេ​គ្មាន​សូម្បី​តែ​ការ​តេ​មក​លេង​ខ្ញុំ។

ថ្ងៃ​មួយ... គេ​បាន​យក​លេខ​ថ្មី​តេ​មក​ខ្ញុំ គេ​ថា​គេ​បាត់​ទូរសព្ទ​​បាត់​ទាំង​លេខ​ចាស់​ទៅ​បាត់​ហើយ តែ​សំណាង​ដែល​គេ​កត់​លេខ​ខ្ញុំ​ដាក់​សៀវភៅ។ គេ​ពូកែ​លេង​សើច​ដូច​មុន​ចឹង សួរ​នាំ​ខ្ញុំ​ បារម្ភ​ពី​ខ្ញុំ​ដូច​កាល​នៅ​រៀន​។ ថ្ងៃ​នោះ​យើង​និយាយ​ជាមួយ​គ្នា​​យ៉ាង​យូរ​ប្រហែល​​ជិត​ពីរ​ម៉ោង។

 

(រូបតំណាង)

 

ពេល​នោះ​ខ្ញុំ​ឆ្លៀត​សុំ​ឱ្យ​គេ​មក​លេង​ភ្នំពេញ គេ​ថា​អាទិត្យ​ក្រោយ​គេ​ឡើង​មក​ភ្នំពេញ​ ហើយ​មាន​រឿង​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ទៀត។ ខ្ញុំ​រំភើប​ជា​ខ្លាំង​ ហើយ​បន់​ឱ្យ​តែ​ដល់​ថ្ងៃ​នោះ​ឆាប់ៗ!

 

ថ្ងៃ​នោះ​បាន​មក​ដល់ គេ​បាន​ណាត់​ខ្ញុំ​ទៅ​ហាង​កាហ្វេ​មួយ​ ខ្ញុំ​បាន​រៀប​ចំ​ខ្លួន​យ៉ាង​ស្អាត​ ត្រៀម​ចិត្ត​ចាំ​ជួប​គេ។ ពេល​ទៅ​ដល់​ខ្ញុំ​ឃើញ​គេ​អង្គុយ​ក្បែរ​ស្រី​ម្នាក់​រង់ចាំ​ខ្ញុំ​... ស្រី​ម្នាក់​នោះ​មុខ​ស្រដៀង​គេ​ដែរ​ ដំបូង​រៀង​អន់​ចិត្ត​ តែ​ពេល​ឃើញ​ដូច្នេះ​ក៏​លួច​សប្បាយ​ចិត្ត​វិញ​ព្រោះ​​នាង​ប្រាកដ​ជា​ត្រូវ​ជា​ប្អូន​ស្រី​របស់​គេ​ហើយ។ ម្នាក់​ស្រី​នោះ​ជម្រាប​សួរ​ខ្ញុំ ខ្ញុំ​ក៏​ជម្រាប​សួរ​តប​វិញ។ យើង​និយាយ​សួរ​សុខ​ទុក្ខ​គ្នា​ មួយ​សន្ទុះ​ទើប​គេ​ហុច​ធៀប​មួយ​មក​ឱ្យ​ខ្ញុំ​ ហើយ​អញ្ជើញ​ខ្ញុំ​ញ៉ាំ​ការ។

 

គ្រាន់​តែ​ឃើញ​ធៀប​ខ្ញុំ​ស្ទើរ​ធ្លាក់​ថ្លើម​! នេះ​ឬ​រឿង​ដែល​គេ​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល? ខ្ញុំ​ស្ទើរ​តែ​ទប់​ទឹក​ភ្នែក​មិន​បាន​ តែ​ខំ​ធ្វើ​ជា​បើក​ធៀប​ហើយ​សួរ​បន្លប់​ «ការ​ដល់​ណា?» «កំពង់​ធំ​បង!» ម្នាក់​ស្រី​នោះ​ឆ្លើយ។​ ព្រះ​អើយ​! ខ្ញុំ​ស្មាន​ខុស​ស្រឡះ​ នាង​មិន​មែន​ជា​ប្អូន​ស្រី​គេ​ទេ នាង​គឺ​ស្រី​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​ជាមួយ​គេ​។ គេ​ថា​មនុស្ស​ស្រឡាញ់​គ្នា​ មុខ​ស្រដៀង​គ្នា​... ប្រហែល​ជា​ចឹង​ហើយ​មើល​ទៅ!

 

យើង​បន្ត​និយាយ​គ្នា​មួយ​សន្ទុះ​ ទើប​គេ​លា​ទៅ​មុន​ ព្រោះ​គេ​ថា​ត្រូវ​ចែក​ធៀប​បន្ត​ទៀត​។ មុន​ទៅ​គេ​បាន​ឱ្យ​ទុរេន​ខ្ញុំ​មួយ​ប្រអប់ ហើយ​ប្រាប់​ថា​នេះ​ជា​ទុរេន​កំពង់​សោម​ គេ​ទិញ​ផ្ញើ។ ខ្ញុំ​ទទួល​យក​ទុរេន​ទាំង​ក្រៀមក្រំ​ហើយ​​ពោល​អរគុណ។

 

បេះដូង​ខ្ញុំ​ធ្លុះធ្លាយ​អស់​ហើយ អារម្មណ៍​មិន​នៅ​ក្នុង​ខ្លួន​ទេ​។ ខ្ញុំ​យំ​ជា​ខ្លាំង​ ខូច​ចិត្ត​ជា​ខ្លាំង! ហួស​ចិត្ត​នឹង​ខ្លួន​ឯង​ ដែល​អាយុ​សាម​​ស្អែក​ខាន​ស្អែក​ហើយ​ នៅ​មក​ខូច​ចិត្ត​រឿង​ស្នេហា​ទៀត។ ទង្វើ​ល្អ​ដែល​គេ​ធ្លាប់​ធ្វើ​កាល​នៅ​រៀន​ គឺ​ក្នុង​នាម​ជា​មិត្ត​ល្អ​ប៉ុណ្ណោះ ខ្ញុំ​អ្នក​យល់​ច្រឡំ ខ្ញុំ​អ្នក​គិត​តែ​ម្នាក់​ឯង។

 

នៅ​ថ្ងៃ​ការ​របស់​គេ​ ខ្ញុំ​មិន​ទៅ​ចូល​រួម​នោះ​​ទេ ខ្ញុំ​បាន​ផ្ញើ​សារ​សុំទោស​គេ ហើយ​សន្យា​ថា​ពេល​​គេ​ឡើង​មក​លេង​ភ្នំពេញ​ជាមួយ​ភរិយា​ ខ្ញុំ​នឹង​អញ្ជើញ​គេ​ទាំង​ពីរ​ញ៉ាំ​អាហារ​ពេល​ល្ងាច​វិញ។ គេ​បាន​តប​មក​វិញ​ថា «That's OK my friend. If you are busy, just solve that first. Take care!»

 

ពីរ​​ឆ្នាំ​តាំង​ពី​គេ​ការ​មក គឺ​មិន​ឃើញ​​គេ​នឹង​ភរិយា​ឡើង​មក​លេង​ភ្នំពេញ​ ឬ​ទូរសព្ទ​មក​លេង​ខ្ញុំ​ឡើយ។​ខ្ញុំ​វិញ​ក៏​មិន​បាន​ទាក់​ទង​ទៅ​គេ​វិញ​ដូច​គ្នា... ពេល​នោះ​ហើយ​... ទំនាក់​ទំនង​របស់​យើង​ទាំង​ពីរ​គឺ​ចប់​ទាំង​ស្រុង! ខ្ញុំ​មាន​តែ​ជូនពរ​គេ​ឱ្យ​មាន​សុភមង្គល​ប៉ុណ្ណោះ... ហើយ​គេ​នៅ​តែ​ឋិត​ក្នុង​ចិត្ត​ខ្ញុំ​ជានិច្ច​ មិន​មែន​ជា​អ្វី​ គឺ​ជា​អតីត​មិត្ត​ល្អ​ម្នាក់៕

 

មនុស្ស​សំខាន់​ម្នាក់​ដែល​មិន​អាច​បំភ្លេច​បាន

អត្ថបទ៖ អ្នក​អាន​ Sabay ម្នាក់​

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.chanvanneng@sabay.com

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា ​​