អុំទូកខាងមុខកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដូចម្តេច?
- 2014-10-31 15:45:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អុំទូកខាងមុខកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដូចម្តេច?
ចន្លោះមិនឃើញ
នៅសល់ពេលមិនដល់ ១ សប្ដាហ៍ទៀតទេ ពិធីបុណ្យអុំទូក នឹងមកដល់ហើយ។ ជាទូទៅនៅក្នុងអំឡុងពេលពិធីបុណ្យធំៗ រាជធានីភ្នំពេញរមែងកកស្ទះ និង ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែតើកើតមានឡើង។ ដូច្នេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូកនាពេលខាងមុខ តើត្រូវធ្វើដូចម្ដេច?
លោក ពា គីមវង មន្ត្រីផ្នែកអប់រំ និង ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រាប់ Sabay ថា៖ "មានតែបុគ្គលខ្លួនឯងផ្ទាល់ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន តាមរយៈការគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន បើកបរក្នុងល្បឿនមួយសមស្រប មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និង មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់"។
លោកបន្តថា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដូចជាគ្រោះថ្នាក់ផ្សេងៗ អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវយកចិត្តទុកដាក់យ៉ាងសំខាន់គឺ ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ អ្នកបញ្ជាម៉ូតូ និង អ្នករួមដំណើរគួរពាក់មួកសុវត្ថិភាពទាំងអស់គ្នាឲ្យបានត្រឹមត្រូវ ព្រោះបើតាមរបាយការណ៍មានអ្នករបួសក្បាល ៦០% គ្រោះថ្នាក់ពីការជិះម៉ូតូ។
ធម្មតាពេលបុណ្យទានតែងមានការផឹកស៊ីជួបជុំ ប៉ុន្តែអ្នកបើកបរត្រូវមានវិធានការខ្លួនឯងដោយស្នើសុំឲ្យអ្នកមិនហូបគ្រឿងស្រវឹងឌុបជំនួស។ ម្យ៉ាងវិញទៀត ភាពអធ្យាស្រ័យលើដងផ្លូវ ក៏ជាកត្តាចម្បងដែលនាំមកនូវការយោគយល់ និង ការទំនាក់ទំនងល្អរវាងគ្នានិងគ្នាដែលជាវប្បធម៌រក្សានូវភាពថ្លៃថ្នូរ ការកសាងសន្តិភាព និង សុភមង្គលក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោក គីមវង សង្ឃឹមថា បងប្អូនទាំងអស់នឹងរីករាយកម្សាន្តក្នុងឱកាសបុណ្យអុំទូកនាពេលខាងមុខ ចៀសវាងសប្បាយក្លាយជាទុក្ខ។
តាមទិន្នន័យពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ ក្នុងឱកាសបុណ្យធំៗរួមមានបុណ្យចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ អុំទូក និង ចូលឆ្នាំចិន គេសង្កេតឃើញចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានការកើនឡើងក្នុងឱកាសបុណ្យអុំទូកប្រពៃណីជាតិ ។
យោងតាមរបាយការណ៍នៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ក្នុងឆ្នាំ២០១៣មានមនុស្ស ប្រមាណជា៦០នាក់បានស្លាប់ និង ជាច្រើននាក់ផ្សេងទៀតរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅលើដងផ្លូវទូទាំងប្រទេសកម្ពុជាក្នុងឱកាសអុំទូក។
សូមអាន៖ ការព្យាករដ៏គួរឲ្យញាក់សាច់ នៃគ្រោះថ្នាក់ចរាចរណ៍នៅ១០ឆ្នាំខាងមុខ
អត្ថបទ៖ លឹម សុនា
រូបភាព៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក-គសចគ