ការព្យាករដ៏គួរឲ្យញាក់សាច់ នៃគ្រោះថ្នាក់ចរាចរណ៍នៅ១០ឆ្នាំខាងមុខ
- 2014-10-24 17:05:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការព្យាករដ៏គួរឲ្យញាក់សាច់ នៃគ្រោះថ្នាក់ចរាចរណ៍នៅ១០ឆ្នាំខាងមុខ
ចន្លោះមិនឃើញ
បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍បានក្លាយជា ឃាតករទី១ ដែលបានសម្លាប់ និងបណ្តាលឲ្យមនុស្សរងរបួសជាច្រើននាក់ ក្នុងមួយថ្ងៃ ។បញ្ហានេះត្រូវបានមជ្ឈដ្ឋាននានាកត់សំគាល់ថា គឺបណ្តាលមកពីការបើកបរហួសលឿនកំណត់ បើកបរ ក្នុងស្ថានភាពស្រវឹង និងជែងគ្នាជាដើម។
លោក ងួន ចាន់ធី បុគ្គលិកបម្រើការងារ នៅក្រុមហ៊ុនឯកជនមួយបានរៀបរាប់ថា ១០ ឆ្នាំខាងមុខ នឹងមានអ្នករងគ្រោះថ្នាក់ចរាចរណ៍ កាន់តែច្រើន ខណៈបច្ចុប្បន្នបញ្ហាគ្រោះថ្នាក់ចរាចរណ៍ មិនមានការថមថយនោះទេ។លោកបាននិយាយទៀតថា កត្តាមិនចេះច្បាប់ និងអ្នកចេះច្បាប់ហើយ មិនគោរពទៅទៀតនោះ អាចជាមូលហេតុធំមួយ ស្របគ្នានឹងចំនួនយានយន្តកាន់តែកើនឡើងនៅលើដងផ្លូវ។
ចំណែក លោក ពិន ចន អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ចេញទស្សនៈថា ប្រសិនបើករណីគ្រោះថ្នាក់ចរាចរណ៍នៅបន្តច្រើនបែបនេះ រហូតដល់ ១០ ឆ្នាំខាងមុខ បញ្ហាសង្គមមួយនឹងចាប់ផ្តើមកើតឡើង ដោយសារតែអ្នកស្លាប់ និងរបួសទាំងនោះ គឺជាធនធានមនុស្សសម្រាប់សង្គម និងអ្នករកចំណូល ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ។
ពិត ចន បានរំលឹកឡើងវិញពីករណីគ្រោះថ្នាក់ចរាចរណ៍ នៅ១០ឆ្នាំមុន ពិសេសនៅរាជធានីភ្នំពេញមានចំនួនតិច និងមិនបង្កការបារម្ភដូចរាល់ថ្ងៃពេកទេ។ ចន និយាយថា កត្តាចេះច្បាប់ចរាចរណ៍ ពេលបើកបរមានការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ចាប់ពីថ្ងៃនេះតទៅគឺជាការរួមចំណែករក្សាសុវត្ថិភាពសម្រាប់ ខ្លួនយើង និងអ្នកដ៏ទៃ។
ជុំវិញបញ្ហានេះ លោក ម៉ាក ចំរើន អតីតប្រធានសមាគមយុវជនខ្មែរ បានថ្លែងថា ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍បាន ពិសេសនៅរយៈពេល១០ឆ្នាំខាងមុខ ផ្នែកពាក់ព័ន្ធត្រូវមានផែនការមួយច្បាស់លាស់ដើម្បីឈានទៅរក កាត់បន្ថយគ្រោះថ្នាក់។ លោកបាននិយាយថា ការយកចិត្តទុកដាក់ អនុវត្តច្បាប់ និងគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ គឺជាប្រការមួយ ដែលមិនអាចមើលរំលង។ ក្រៅពីនោះវិធានការពង្រីកការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ពិសេសគឺកត្តាគ្រឿងស្រវឹង ដែលមិនត្រឹមបង្កឲ្យមានគ្រោះថ្នាក់ ក្នុងពេលបើកបរទេ តែក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកផឹងផងដែរ។ លោកបាន បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ គឺជាវិនាសសកម្មមួយ ដែលធ្វើឲ្យសង្គមខាតបង់កម្លាំងពលកម្ម សេដ្ឋកិច្ច និងធ្វើឲ្យសង្គមបាត់បង់ធនធានមនុស្ស។
លោក គង់ សុវណ្ណ តំណាងអង្គការដៃគូ សុវត្ថិភាព ចរាចរណ៍សាកលដែលធ្វើការងារពាក់ព័ន្ធការអប់រំពីច្បាប់ចរាចរណ៍ បានមានប្រសាសន៍ថា នៅក្នុងរយៈពេល ១០ ឆ្នាំខាងមុខប្រសិនបើ ផ្នែកពាក់ព័ន្ធមិនមានវិធានការច្បាស់លាស់ទេ នឹងអាចមានមនុស្សស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍យ៉ាងហោចណាស់ជាង ៣០០០ នាក់ ក្នុងមួយឆ្នាំ។
លោកបានបន្ថែមថា ដើម្បីឈានទៅកាន់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍បានកត្តាហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ និងវិធានការអប់រំលើ អ្នកបើកបរនៅតែនាំមុខគេ ហើយនិងទាមទារពេលវេលា។ក្រៅពីនោះ ការបង្កើតច្បាប់ថ្មី និងវិធានការរឹតបណ្តឹងការអនុវត្តច្បាប់ដោយមន្រ្តីនគរបាលចំពោះអ្នកខុសឆ្គង ក៏មានភាពចាំបាច់ដែរ។
នៅកម្ពុជាគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជាមធ្យមប្រមាណ ជា៥នាក់ក្នុងមួយថ្ងៃៗ។ ចំនួនអ្នកស្លាប់និងរបួសតែងកើនឡើងយ៉ាងគំហុកក្នុងពិធីបុណ្យធំៗ ដែលមនុស្សធ្វើដំណើរច្រើននៅតាមដងផ្លូវដូចជា បុណ្យចូលឆ្នាំថ្មី ជាដើម។ ការបើកបរក្នុងល្បឿនហួសកំណត់ មិនគោរពស្លាកសញ្ញាចរាចរណ៍ និងបើកបរ ក្នុងស្ថានភាពស្រវឹង គឺជាមូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍។
យោងតាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ពេញមួយឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជាង ១៩០០ នាក់ និងជាង៥៦០០នាក់ផ្សេងទៀតរបួសធ្ងន់ ដែលភាគច្រើនគឺរងរបួសចំក្បាល៕
អានអត្ថបទ៖ កញ្ញា គង់ កែវសុគន្ធា៖ កំព្រាឪពុកធ្វើឲ្យខ្ញុំរឹងប៉ឹងរហូតបានកាន់តំណែងធំៗ ចុចត្រង់នេះ
អត្ថបទ៖ មៃ សុខលីម