បុរសៗបើត្រៀមខ្លួនអញ្ចឹងបាន មិនបាច់ភ័យបុកពោះពេលទៅជួបបងប្អូនខាងស្រីឡើយ
- 2014-10-23 17:40:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសៗបើត្រៀមខ្លួនអញ្ចឹងបាន មិនបាច់ភ័យបុកពោះពេលទៅជួបបងប្អូនខាងស្រីឡើយ
ចន្លោះមិនឃើញ
ប្រសិនបើថ្ងៃណាមួយ សង្សារចង់ឲ្យអ្នកទៅលេង និង ណែនាំខ្លួនទៅដល់ចាស់ៗខាងគេស្គាល់ តើគួរតែត្រៀមខ្លួនដូចម្ដេចខ្លះ? សម្រាប់អ្នកដែលធ្លាប់មានបទពិសោធន៍ជាមួយរឿងនេះមិនមែនជាបញ្ហាទេ តែចំពោះប្រុសៗមួយចំនួនដែលមិនធ្លាប់ឆ្លងកាត់សោះ គ្រាន់តែឮថា សង្សារចង់នាំឲ្យទៅលេងផ្ទះខាងគេហ្នឹង ច្បាស់ជាភ័យបុកពោះជាមិនខានឡើយ។
ប្រសិនបើមិនទាន់បានដឹងទេ ថ្ងៃនេះ sabay នឹងបង្ហើបប្រាប់ពីតិចនិកខ្លះៗ ក្នុងការត្រៀមខ្លួន មុនពេលទៅជួបលេងផ្ទះខាងស្រីតាមរយៈការលើកឡើងរបស់យុវជនខាងក្រោម៖
រូបតំណាង
"ស្គាល់សត្រូវឲ្យបានច្បាស់ ច្បាំង១០០ដង ឈ្នះទាំង១០០ដង" នេះជាទ្រឹស្ដីដែលយុវជន សួស វិចិត្រ អាយុ ២៦ ឆ្នាំ បុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលធ្លាប់បានទៅលេងផ្ទះសង្សារខ្លួន ហើយបានជួបម៉ាក់ ប៉ា និង បងប្អូនគេច្រើននាក់ទៀត រួចយកមកអនុវត្ត ឃើញថា ទទួលបានជោគជ័យពិតមែន។
វិចិត្រ បានពន្យល់ឲ្យដឹងពីទស្សនៈនេះថា៖ មានន័យថា មុននឹងទៅជួបប៉ា ម៉ាក់គេ គួរតែសួរសង្សាររបស់ខ្លួនឲ្យច្បាស់ពីចំណង់ចំណូលចិត្តរបស់គ្រួសារគេក៏ល្អម្យ៉ាងដែរ ជាពិសេសគឺប៉ាម៉ាក់របស់គេ ថាតើពួកគាត់ចូលចិត្តបុរសរបៀបណា ចារិតបែបណា។ ឧទាហរណ៍ ពួកគាត់ចូលចិត្តបុរសសុភាពរាបសា មិនសូវនិយាយច្រើន ឬក៏ចូលចិត្តអ្នកប្រើប្រាស់សម្ភារៈនិយមជាដើម។
សម្រាប់យុវជន សុង លីហេង អាយុ ២៣ ឆ្នាំ ជានិស្សិតឆ្នាំទី ៤ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ឯណោះវិញបាននិយាយថា៖ កាលហ្នឹងខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ មិនដឹងជាត្រូវត្រៀមខ្លួនយ៉ាងម៉េចខ្លះទេ ព្រោះមិនដែលធ្លាប់ជួបរឿងបែបនេះសោះពីមុនមក។ តែក្រោយមកខ្ញុំយល់ថា មានតែធ្វើអ្វីតម្រូវតាមចាស់ៗទៅច្បាស់ជាមិនខុសទេ។ ខ្ញុំក៏បានកាត់សក់ឲ្យខ្លីកុំទុកឲ្យវែងពេក ព្រោះចាស់ៗគាត់មិនសូវចូលចិត្តអ្នកទុកសក់វែងនោះទេ ម្យ៉ាងទៀតការស្លៀកពាក់ក៏ត្រូវតែជ្រើសរើសមកស្លៀកពាក់ឲ្យបានសមរម្យផងដែរ ជៀសវាងស្លៀកពាក់ពណ៌ឆើតឆាយពេក ឬដូចស្ទាវពេក។
យុវជនដដែលនេះ បានបន្តឲ្យដឹងបន្ថែមទៀតថា៖ តែទោះបីជាយ៉ាងណា ក៏មិនត្រូវភ្លេចលើកដៃសំពះ និង ជម្រាបសួរ គ្រប់សមាជិកគ្រួសារគេទាំងអស់ ដែលសង្សារបានណែនាំឲ្យស្គាល់ដែរ។ ទន្ទឹមនឹងការជម្រាបសួរ គួរតែបញ្ចេញទឹកមុខញញឹមឲ្យជាប់ជានិច្ច ឯពាក្យសម្ដីវិញត្រូវនិយាយពាក្យថា " បាទ " ជានិច្ចមិនត្រូវភ្លេចខ្លួនទេ។
ទាក់ទងជុំវិញបញ្ហានេះដែរ យុវជន ហួត ចាន់សេង អាយុ២៤ឆ្នាំ អតីតនិស្សិតជំនាញព័ត៌មានវិទ្យាទើបបញ្ចប់ការសិក្សាឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានប្រាប់ឲ្យដឹងផងដែរថា៖ "ការនិយាយស្ដីគួរតែ មានកាយវិការគួបផ្សំខ្លះទើបល្អប្រសើរ តែមិនមែនធ្វើកាយវិការច្រងេងច្រងាងពេកនោះទេ ហើយត្រូវចាំថា និយាយអ្វីកុំអួតក្អេងក្អាង ចង់ឲ្យគាត់មើលមកថាយើងអស្ចារ្យនោះក៏មិនបាច់ដែរ"។ ហើយត្រូវនិយាយអ្វីដែលត្រង់ មិនគួរប្រាប់គាត់ខុសការពិត ឬលាក់បាំងអ្វីពីគាត់ទេ។
សម្រាប់យុវជន ឌឿន រ៉ាឌី អាយុ២០ឆ្នាំ និស្សិតជំនាញអក្សរសាស្ត្រអង់គ្លេសនៃសាកលវិទ្យាល័យធនធានមនុស្ស បានប្រាប់ផ្ទុយពីយុវជនខាងលើថា៖ បើសិនជាទៅជួបគាត់លើកដំបូង គួរតែមានអ្វីខ្លះផ្ញើពួកគាត់ក៏ល្អដែរ អាចជាទឹកផ្លែឈើ ទឹកក្រូច ឬនំអ្វីផ្សេងក៏បានដែរឲ្យតែមានជាប់ខ្លួនទៅ គឺសមរម្យហើយ។
យុវជនដដែលបានបន្ថែមទៀតថា៖ "នៅពេលពួកគាត់សួរអ្វីត្រូវឆ្លើយឲ្យបានច្បាស់ ជាពិសេសគឺពន្យល់ប្រាប់គាត់ពីការងារយើងដល់គាត់ ដើម្បីឲ្យគាត់ទុកចិត្តថា យើងពិតជាមានសមត្ថភាព និង ចំណេះដឹងគ្រប់គ្រាន់អាចចិញ្ចឹមកូនស្រីគាត់បាន"៕
តើប្រិយមិត្តមានដឹងតិចនិកអ្វីផ្សេងក្រៅពីនេះទៀតអត់?
អត្ថបទ៖ យិន សំបូរ