សង្គ្រាម​លោក​លើក​ទី៣ នឹង​អាច​កើត​មាន​ឡើង​ដោយ​សារ​ជម្លោះ​ដែន​ទឹក?

  • 2014-09-19 14:30:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិភពលោក​កំពុង​​ជួប​ប្រទះ​បញ្ហា​​ជា​ច្រើន​ ដែល​ក្នុង​នោះ​ក៏​មាន​បញ្ហា​​ដែន​អធិបតេយ្យភាព​​ដ៏​ក្ដៅ​គគុក​ផង​ដែរ។ ជម្លោះ​ដែន​ទឹក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​​នៅ​តែ​បន្ត​យ៉ាង​រ៉ាំរ៉ៃ ខណៈ​បញ្ហា​ដ៏​ទៃ​ទៀត​បាន​កើត​ឡើង​បន្តបន្ទាប់ ដូច​ជា វិបត្តិ​រុស្ស៊ី - អ៊ុយក្រែន បញ្ហា​ក្រុម​ឥស្លាម​ជ្រុល​និយម ISIS ​និង​បញ្ហា​ស្កុតឡែន​ចង់​ផ្ដាច់​ខ្លួន​ចេញ​ពី​ចក្រភព​​អង់គ្លេស​ជា​ដើម។ ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប​​សាស្ត្រាចារ្យ​មួយ​រូប​នា​សាកលវិទ្យាល័យ​យោធា​របស់​ប្រទេស​ចិន​​ People's Liberation Army National Defense University បាន​ចេញ​មុខ​មក​អះអាង​ថា​​ សង្គ្រាម​លោក​លើក​ទីបី​ អាច​នឹង​កើត​ឡើង​នា​ថ្ងៃ​ខាង​មុខ។

 

ចុច​អាន៖ ស្កុតឡែន​បោះឆ្នោត​ផ្ដាច់​ខ្លួន​ពី​អង់គ្លេស​ បាន​ឬ​អត់​ស្អែក​នេះ?

 

ទាហាន​ចិន​​កំពុង​ហ្វឹកហាត់

​នៅ​ក្នុង​ការ​ចុះផ្សាយ​របស់​កាសែត​ Global Times ​សាស្ត្រាចារ្យ​ដែល​មាន​ឈ្មោះ​ថា​ Han Xudong នោះ បាន​​ឲ្យ​ដឹង​ថា​ប្រទេស​ជាតិ​ជា​ច្រើន​​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ទម្រង់​ថ្មី​នៃ​សង្គ្រាម​លោក។ លោក​បាន​និយាយ​ថា៖ "ចំនួន​អ្នក​ចូល​រួម​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែន​ទឹក បាន​កើន​ឡើង​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន។ វា​ជា​ជម្លោះ​ដែល​រីករាល​ដាល​យ៉ាង​​ក្ដៅ​គគុក។ សង្រ្គាម​លោក​លើក​ទី​៣ ​ទំនង​ជា​អាច​កើត​មាន​ឡើង ​ហើយ​វា​ជា​សង្គ្រាម​ដែល​ធ្វើ​​​​ឡើង​ដើម្បី​វាយ​ដណ្ដើម​សិទ្ធិ​កាន់កាប់​ដែន​ទឹក"។

 

ចុច​អាន៖ រឿង​សំខាន់​៩​យ៉ាង​ ពិភពលោក​កំពុង​​ផ្ដោត​អារម្មណ៍​ខ្លាំង

 

ប្រទេស​ចិន​ ​កំពុង​ជាប់ពាក់ព័ន្ធ​នឹង​បញ្ហា​​​ជម្លោះ​ដែន​ទឹក​​ក្នុង​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ ជាមួយ​នឹង​ប្រទេស​វៀតណាម ហ្វីលីពីន ប្រ៊ុយណេ តៃវ៉ាន់ និង​ម៉ាឡេស៊ី។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ប្រទេស​នេះ ក៏​មាន​ជម្លោះ​ជាមួយ​ជប៉ុន​ផង​ដែរ។ ចិន​បាន​អះអាង​ថា​កោះ Diaoyu ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្លួន ខណៈ​ជប៉ុន​ដែល​បាន​ហៅ​​កោះ​នោះ​ថា​ Senkaku ក៏​អះអាង​ថា​ស្ថិត​ក្នុង​ដែន​ទឹក​របស់​ខ្លួន​ដែរ។

ដោយ​សារ​តែ​គូ​ប្រជែង​ក្នុង​ជម្លោះ​ដែន​សមុទ្រ​មាន​កាន់​តែ​ខ្លាំង​ និង​តឹងតែង​ កង​យោធា​ចិន​បាន​អភិវឌ្ឍន៍​ខ្លួន​យ៉ាង​ខ្លាំង ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​ការពារ​សិទ្ធិ​កាន់កាប់។ លោក​សាស្ត្រាចារ្យ​ដដែល​បាន​បន្ថែម​ថា​កម្លាំង​យោធា​ដ៏​ខ្លាំង​របស់​ចិន នឹង​ត្រូវ​ពង្រឹង​បន្ថែម​ ដោយ​សារ​តែ​កង​កម្លាំង​យោធា​ខ្លាំងៗ​ដូច​ជា​អាមេរិក​ កំពុង​បង្កើន​ការ​ចាប់​អារម្មណ៍​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

 

កោះ​ Thitu ផ្នែក​មួយ​នៃ​ប្រជុំ​កោះ Spratly ដែល​ចិន និង​ហ្វីលីពីន កំពុង​ដណ្ដើម​គ្នា

នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​​រដ្ឋ​របស់​ចិន ​បាន​និយាយ​អំពី​បញ្ហា​សង្គ្រាម​ដែល​ទាក់ទង​នឹង​ចិន។ កាលពី​ឆ្នាំមុន ​កាសែត​គាំទ្រ​រដ្ឋាភិបាល Weweipo ​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដែល​ពិពណ៌នា​ថា ​ចិន​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​សង្រ្គាម​ចំនួន​៦ ក្នុង​រយៈ​ពេល​៥០ឆ្នាំ​បន្ទាប់។

កាសែត​នោះ​បាន​ប៉ាន់ស្មាន​ថា សង្រ្គាម​​ដណ្ដើម​កោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង នឹង​អាច​បន្ត​ពី​​ឆ្នាំ​២០២៥ ដល់​ឆ្នាំ​២០៣០ ​​ដោយសារ​តែ​ចិន​មានបំណង​ចង់​គ្រប់គ្រង​កោះ​មួយ​ចំនួន​ទៀត​​ ដូច​ជា​ប្រជុំកោះ Spratly (​ប្រទេស​មួយ​ចំនួន​ទៀត​​ក៏​ចាត់​ទុក​ថា​ជា​កោះ​របស់​ខ្លួន) និង​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough (​ប្រទេស​ហ្វីលីពីន​ក៏​ចាត់​ទុក​ថា​ជា​របស់​ខ្លួន)។ កាសែត​​ដដែល​ក៏​បាន​រំពឹង​​ដែរ​ថា​ជម្លោះ​ដណ្ដើម​កោះ Diaoyu / Senkaku​ ​នឹង​ក្លាយ​ជា​​​សង្គ្រាម​​នៅ​ឆ្នាំ ២០៤០។

 

ចុច​អាន៖ ព្រះមហាក្សត្រ​អាស៊ាន​ ២អង្គ ជា​កំពូល​ស្ដេច​មាន​ជាង​គេ​លើ​លោក

 

ប្រែ​សម្រួល៖ ទ្រី រ៉ាវី

 

ប្រភព៖ Business Insider