តួកគី​ចាប់​ឃុំ​ខ្លួន​ទាហាន​បះ​បោរ​ជាង​៦០០០នាក់ និង​ពិចារណា​ទោស​ប្រហារជីវិត

  • 2016-07-18 17:50:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ប្រទេសតួកគី បាន​ធ្វើ​សន្និសីទ​​កាសែត​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ខ្លួន​បាន​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ជនសង្ស័យ​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បរាជ័យ​ ប្រឆាំង​នឹង​ប្រធានាធិបតី​ស្រប​ច្បាប់ Recep Tayyip Erdogan ក្នុង​នោះ​អាជ្ញាធរ​បាន​ឃុំ​ខ្លួន​ទាហាន​ចំនួន ៦០០០នាក់ និង​សន្យា​តាម​ចាប់​មេ​រដ្ឋប្រហារ។

 

 

ប្រធានាធិបតី​​​លោក Erdogan បាន​មាន​ប្រសាសន៍​ថា ប្រទេសតួកគី​អាច​នឹង​ពិចារណា​យក​ទោស​ប្រហារ​ជីវិត​មក​ប្រើ​ឡើង​វិញ ដែល​ទោស​នេះ​បាន​ឈប់​ប្រើ​ជាង​១០ឆ្នាំ​ហើយ ទោះ​បី​ត្រូវ​​សហគមន៍​អន្តរជាតិ​សម្ដែង​ការ​ព្រួយបារម្ភ​ក៏ដោយ​។

 

ក្រុម​មេដឹកនាំ​ពិភពលោក​ជាច្រើន រួម​ទាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា​ផង បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កងទ័ព​ដណ្ដើម​អំណាច​នេះ និង​រូបភាព​ធ្វើ​ទារុណកម្ម​លើ​ជន​សង្ស័យ។

 

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ Bekir Bozdag ថ្លែង​ថា មនុស្ស​ប្រមាណ ៦០០០នាក់ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ប្រតិបត្តិការ​បោស​សម្អាត​ជន​ក្បត់ និង​ព្រមាន​ថា​ចំនួន​នេះ​នឹង​កើន​ឡើង​ច្រើន​ជាង​នេះ​។ អ្នក​ទាំង​នោះ​មាន​ក្រុម​មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់ ចៅក្រម​ មេធាវី និង​យោធា​ជាច្រើន​រូប​ទៀត។

 

គួរ​បញ្ជាក់​ថា ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​មិន​បាន​ជោគជ័យ​នេះ ​​មាន​អ្នក​ស្លាប់កើនដល់ ២៩០នាក់ ដោយ ១៩០នាក់​ជា​ប្រជាពលរដ្ឋ និង១០០នាក់​ជា​ក្រុម​កង​ទ័ពបះបោរ៕

 

 

 

 

ចុចអាន៖ បុរស​ឥណ្ឌា​ល្បី​ពាក់​មាស​ស្រោច​ខ្លួន​​​ ​ត្រូវ​គេ​សម្លាប់​​​​​​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ ABC