និស្សិត​ឆ្នើមសរសេរ​កម្មវិធី​ទូរសព្ទ​ ​​ប្រាថ្នាចង់​​ធ្វើការ​នៅ​បរទេស

  • 2016-07-19 14:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លី សុខណា ជា​និស្សិត​ផ្នែក​​វិទ្យាសាស្ត្រ​​កុំព្យូទ័រ​ ដែល​ទទួល​​បាន​​ជោគជ័យ​ក្នុង​ការ​ប្រកួត​ប្រជែង​​សរសេរ​កម្មវិធី​ដាក់​លើ​ទូរសព្ទ។ យុវជន​រូប​នេះ​​មាន​មោទនភាពសម្រាប់​ការ​សម្រេច​បាន​សមិទ្ធផល​ក្នុ​ងការ​សិក្សា​។ សុខណា បាន​​កំណត់​គោលដៅក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ក្លាយ​​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី​មួយ​រូប​​ ជាពិសេស​មហិច្ឆតា​ដែល​យុវជន​រូប​នេះ​​ចង់​​​​មាន​ឱកាស​​អាច​ទៅ​ដក​ស្រង់​បទ​ពិសោធន៍​ការងារ​នៅ​ក្រៅ​ប្រទេស។

 

 

យុវជន លី សុខណា ជា​កូន​ប្រុស​ពៅ​ក្នុង​គ្រួសារ​ដែល​មាន​បងប្អូន ៧ នាក់។ សុខណា ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​សិក្សា ២០១២-២០១៣ ​នៅ​វិទ្យាល័យសម្ដេចឪ ក្នុង​ក្រុង​​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ និង​បាន​មក​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ជំនាញ​វិទ្យាសាស្ត្រ​​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។

 

ក្នុង​ឆ្នាំ ២០១៤ យុវជន សុខណា បាន​ចូលរួម​ការ​ប្រកួត​ប្រជែង​​កម្មវិធី App Contest សម្រាប់​ដាក់​​នៅ​លើ iOS និង Android ដោយ​ទទួល​បាន​ជយលាភី​លេខ ១ តាម​រយៈ​ការ​សរសេរ​​ Concept កម្មវិធី​​​មួយ​មាន​ឈ្មោះ​ថា "CamAds” ដែល​​អាច​ទិញ​​ទំនិញ​តាម​អន​ឡាញ​។

 

 

ដោយ​ការ​ស្រលាញ់ចូលចិត្ត​ ការ​ប្រឹងប្រែង​រួម ទាំង​ភាព​ប៉ិន​ប្រសប់​លើ​ជំនាញ​សរសេរ​កម្មវិធី សុខណា ក៏​ទទួល​បាន​ជយលាភី​លេខ​មួយ​ម្ដង​ទៀត​ក្នុង​ឆ្នាំ ២០១៥ ការ​ប្រកួត​ប្រជែង​កម្មវិធី​ Hackaton ដោយ​បាន​បង្កើត​កម្មវិធី​ឈ្មោះ​ “Smart Remote”។

 

 

ការ​ទទួល​បាន​ជោគជ័យ​ទាំង​បទ​ពិសោធន៍​នៅ​ក្មេង​ខ្ចី​​​​ ​យុវជន​រូប​នេះ​ប្រាប់​ថា ​ចង់​​ត​ថ្នាក់​អនុបណ្ឌិត​នៅ​ក្រៅ​ប្រទេស​លើ​ការ​សិក្សា​​​ជំនាញ​សរសេរ​កម្មវិធី​​ដើម្បី​អាច​ពង្រឹង​សមត្ថភាព​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត។ នៅ​ថ្ងៃ​អនាគត​ក៏​មាន​​​មហិច្ឆតា​​ ចង់​ស្វែង​រក​បទពិសោធន៍​ការងារ​នៅ​​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំ​ៗលើ​ពិភពលោក​ ដែល​ជា​បំណង​ប្រាថ្នា​ដែល​គេ​ចង់​សម្រេច​ឲ្យ​បាន។

 

ក្នុង​នាម​ជា​យុវជន​រៀម​ច្បង​ យុវជន​ សុខណា​ ​ចង់​ឱ្យ​និស្សិត​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​សរសេរ​កម្មវិធី​លើ​ទូរសព្ទ ត្រូវ​សម្រួច​ជំនាញ​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់​ ដោយ​ដាក់​ជា​សំណួរ​​​សួរ​ខ្លួន​ឯង​​​​ដែល​ចង់​ក្លាយ​ជា​អ្នកអភិវឌ្ឍ​កម្មវិធី​មួយ​រូប​។ ស្រលាញ់​អ្វី ត្រូវ​ព្យាយាម​​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព។ បើ​សិន​មាន​កម្មវិធី​បច្ចេកវិទ្យា​​ គួរ​ចូលរួម​​ដើម្បី​បាន​សិក្សា​បទ​ពិសោធន៍​ពី​អ្នក​ដទៃ​​ដើម្បី​អាច​ប្រើ​ជា​ប្រយោជន៍​អភិវឌ្ឍ​ខ្លួន​ឯង​។

 

ចុច​អាន៖  និស្សិត​ឆ្នើម IT រៀន​ពីរ​មហាវិទ្យាល័យ ខ្លាំង​រហូត​ក្លាយ​ជា​គ្រូ Java

 

អត្ថបទ៖ រក្សា