AFF U16៖ ​ល្ងាច​នេះ​​ក្រុម​​ខ្លាំងណា​​​​ ឡើង​ទៅ​​​​ដណ្ដើម​ជើង​ឯក?

  • 2016-07-21 16:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​បាល់ទាត់​​​ពាន​រង្វាន់ AFF Smart U-16 Championship 2016 បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ហើយ ល្ងាច​នេះ​​ U16 អូស្ត្រាលី​​ជួប​ U16 ​ថៃ​នា​ម៉ោង៣:៣០​ និង​ ក្រុម ​U16​ កម្ពុជា​ស្វាគមន៍​ U16 ​វៀតណាម​ម៉ោង៦:៣០​ នាទី​ទាំង​ពីរ​គូ​ប្រកួត​​នៅ​អូឡាំពិក​ ដែល​​មាន​ការ​ផ្សាយ​ផ្ទាល់​​ដោយ​​ MY TV ​។ ចាំ​អ៊ុត​មើល​ល្ងា​ច​នេះ​ទាំង​អស់​គ្នា​តើ​ក្រុម​ណា​​ នឹង​ឡើង​ទៅ​ដណ្ដើម​ជើង​ឯក​?

 

​​ក្រុម​បាល់ទាត់​​ U16 ​ថៃ​​មិន​ទាន់​មាន​ដៃ​គូ​ទាត់​ចូល​ទី​របស់​គេ​​មួយ​គ្រាប់​ឡើយ​​​នៅ​វគ្គ​ក្នុង​ពូល​កន្លង​មក។ ពួក​​គេ​អាច​បំប៉ោង​សំណាញ់​ទី​ដៃ​គូ​រហូត​១២​គ្រាប់​​ក្នុង​ចំណោម៤​ប្រកួត​ក្នុង​ពូល។ ​ចំណែក​​ក្រុម​ជម្រើស​ជាតិ​ ​យុវជន​អូស្ត្រាលី​វិញ​​ជា​ក្រុម​ប្រយុទ្ធ​ស្រួច​ល្អ វាយ​លុក​គ្មាន​សំចៃ​ជើង​ ​ប៉ុន្តែ​ហាក់​​នៅ​មាន​ចន្លោះ​ប្រហោង​នៅ​តំបន់​ការពារ ​ពី​ព្រោះ​​​ក្រុម​មួយ​នេះ​តែ​ង​របូត​គ្រាប់​បាល់​​សឹង​គ្រប់​ប្រកួត​​ជម្រុះ​ក្នុង​ពូល A។

 

​ក្រុម​យុវជន​​ថៃ និង​អូស្ត្រាលី​ធ្លាប់​បះ​គ្នា​ចំនួន ៣​លើក​​ថៃ​ឈ្នះ​ពីរ​លើក និង​អូស្ត្រាលី​ឈ្នះ​មួយ​លើក។ ជំនួប​គ្នា​លើក​ចុង​ក្រោយ​ថៃ​ទម្លាក់​អូស្ត្រាលី ៣-២​ ​នៅ​កម្ពុជា​​កាល​ពី​ឆ្នាំ​២០១៥ ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្នុង​ពាន​​​ដូច​គ្នា​នេះ។

 

 

​​និយាយ​ពី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៦​ឆ្នាំ​វិញ​​​​ជា​ក្រុម​​ដែល​បាន​ឡើង​​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជា​លើក​ដំបូង​​​ក្នុង​ប្រវត្តិសាស្ត្រ​​នៃ​ពាន AFF U-16 Championship។ ក្រោយ​បាន​ឡើង​មក​ដល់​វគ្គ​នេះ​លោក ​ Inoue Kazunori ​ជា​គ្រូ​បង្វឹក​​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ​និង​បាន​និយាយ​អរគុណ​ចំពោះ​ការ​ផ្ដល់​កីឡាករ​​របស់​ក្លឹប​អាជីព​កម្ពុជា មក​ជួយ​ជម្រើស​ជាតិ​​​​។

 

​គ្រូ​បង្វឹក U16 ​កម្ពុជា​រូប​នេះ​បាន​បង្ហើប​ពី​​​ទម្រង់​លេង​របស់​វៀតណាម​ថា ​​ជា​ក្រុម​ខ្លាំង​មួយ​នៅ​​តំបន់​​អាស៊ាន ​​​ដែល​មាន​ចង្វាក់​លេង​ល្អ ខ្សែ​ការពារ​មាន​​សមត្ថភាព​ខ្ពស់​ក្នុង​ការ​​​រារាំង​​​ដៃ​គូ​មិន​ឲ្យ​អូស​បាល់​​ទៅ​​ក្បែរ​​ទី​​របស់​ខ្លួន។ ​ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្ដី​ក៏​លោក​ នៅ​តែ​មិន​​ទាន់​អស់សង្ឃឹម​​ ​ហើយ​បាន​តាំង​ចិត្ត​ថា នឹង​ធ្វើ​ឲ្យ​បាន​ល្អ​​​ដើម្បី​ជួយ​កម្ពុជា​បាន​ឡើង​ទៅ​ដណ្ដើម​ជើង​ឯក។

 

​ក្រុម​យុវជន​វៀតណាម​​មិន​ទាន់​ចាញ់​មួយ​ប្រកួត​ឡើង​ក្នុង​ពូលA  ​​​ថែម​ទាំង​បំបាក់​ក្រុម​ខ្លាំង​មាឌ​ធំ​​យុវជន​អូស្រា្តលី​ចាស់​ដៃ​៣-០​ទៀត​ផង។ ជំនួប​រវៀង​ម្ចាស់​ផ្ទះ​​កម្ពុជា និង​​វៀតណាម​​​ច្បាស់​ណាស់​ក្រុម​ភ្ញៀវ​​​​ត្រូវ​បាន​​គេ​មើល​ឃើញ​ថា នឹង​អាច​មាន​ប្រៀប​លើ​ក្រុម​យុវជន​កម្ពុជា ប៉ុន្តែ​ក្រុម​កម្ពុជា​នឹង​មាន​អ្នក​គាំទ្រ​លើក​ទឹក​ចិត្ត​ច្រើន។

 

​​យុវជន​កម្ពុជា​ធ្លាប់​បរាជ័យ​ក្រោម​ថ្វី​ជើង​យុវជន​វៀតណាម ៣លើក​រួច​មក​ហើយ​ក្នុង​ចំណោម​ជួប​គ្នា​​​ទាំង​៣​ដង។ ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​​តុលា ឆ្នាំ​២០០៩ U16 ​កម្ពុជា​ចាញ់៧-១ និង​ ​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា ឆ្នាំ​២០១១​ យុវជន​កម្ពុជា​ចាញ់​៥-០​ ហើយ​ជំនួប​​គ្នា​លើក​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​២០១៣ យុវជន​កម្ពុជា​ចាញ់​ ៦-០។​

 

​​តើ​លើក​ទី​៤ នេះ​​ U16 កម្ពុជា​អាច​បំបែក​កំណត់​ត្រា​​មិន​ដែល​ឈ្នះ​ U16 វៀតណាម​បាន​ដែរ​ឬ​ទេ?

យុវជន​U16 កម្ពុជា

 
 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​

អត្ថបទពេញនិយម