រមណីយដ្ឋាន ទឹកជ្រោះផ្អោកគីរីវង់ សម្បូរត្បូង
- 2016-08-01 23:40:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រមណីយដ្ឋាន ទឹកជ្រោះផ្អោកគីរីវង់ សម្បូរត្បូង
ចន្លោះមិនឃើញ
ទឹកជ្រោះផ្អោកគីរីវង់ ជារមណីយដ្ឋានដ៏ពេញនិយមមួយក្នុងខេត្តតាកែវ។ ទឹកជ្រោះផ្អោក មានប្រវែងប្រមាណជា ១ ០០០ ម៉ែត្រ និង ទទឹង ២ ម៉ែត្រ ដែលហូរពី លើភ្នំ ហើយកាត់ថ្មដាតូច-ធំ ចុះមកក្រោម និង មាន ផ្ទះស្បូវ សម្រាប់ អង្គុយលេងកម្សាន្ត រួមទាំងមាន លក់ម្ហូបអាហារ ដែលមានតម្លៃថោកសមរម្យ សម្រាប់ ភ្ញៀវទេសចរណ៍ មកកម្សាន្ត ផងដែរ។ អ្វីដែលកាន់តែជាពិសេសទៀតនោះ រមណីយដ្ឋានទឹកជ្រោះផ្អោក សម្បូរត្បូងមានតម្លៃ។
នៅមុនទឹកជ្រោះផ្អោកក្លាយជារមណីយដ្ឋានពេញនិយម គឺកាលពីជាង ១០ ឆ្នាំមុន នៅទីនេះ គឺជាទីតាំងសំខាន់ដែលមានប្រជាជនជាច្រើនមកជីករកត្បូងមានតម្លៃ។ ប៉ុន្តែ បច្ចុប្បន្នត្បូងនៅកន្លែងដែលប្រជាជនកំពុងលេងទឹកយ៉ាងសប្បាយបានខ្សត់ខ្សោយហើយ តែនៅមានអ្នករកត្បូងនៅលើកំពូលភ្នំ និង ព្រៃជ្រៅ មកដល់សព្វថ្ងៃ។
អ្នកស្រុកនៅទីនោះបាននិយាយថា ត្បូងដែលសម្បូរជាងគេ ដូចជា ត្បូងទឹកសមុទ្រ ត្បូងកញ្ចក់ ត្បូងផ្កាថ្ម ត្បូងមីសិល និង ត្បូងឃ្មុំជាដើម។ ហើយគេបែងចែកត្បូងជាពណ៌ថែមទៀត ត្បូងដែលថ្លៃជាងគេ គឺត្បូងពណ៌ទឹកសមុទ្រ ដែលគិតជាគីឡូ ១គីឡូ ចន្លោះពី ៣ម៉ឺន-៦ម៉ឺនដុល្លារ (ត្បូងពណ៌សមុទ្រមិនសូវមានជាគីឡូទេ ភាគច្រើនមានត្រឹមតែដើម) ត្បូងពណ៌ស តម្លៃ១ គីឡូ ជាង១ ០០០ ដុល្លារ និង ត្បូងពណ៌កាហ្វេ មានតម្លៃថោកជាងគេ គឺត្រឹមតែ ៥០ ដុល្លារ។
សូមទស្សនា វីដេអូ លម្អិត ពីរមណីយដ្ឋានទឹកជ្រោះផ្អោក ស្រុកគីរីវង់ ខេត្តតាកែវ ខាងក្រោមនេះ៖
ដូច្នេះ ប្រសិនបើប្រិយមិត្តចង់ទៅកម្សាន្តសប្បាយនឹងទឹកជ្រោះធ្លាក់ពីលើភ្នំ ហើយសម្បូរព្រៃឈើ តូច-ធំ អមដោយថ្មដា និង ចង់ស្វែងយល់ពីត្បូងមានតម្លៃនៅទឹកជ្រោះផ្អោក ទស្សនិកជនអាចធ្វើដំណើរពីទីរួមខេត្តតាកែវ តាមបណ្ដោយផ្លូវជាតិលេខ ២ អ្នកនឹងឃើញស្រុកគីរីវង់ជាប់នឹងព្រំដែនវៀតណាម។ ចេញពីផ្លូវជាតិតាមផ្លូវដែលមានឈ្មោះថា ផ្សាដើមទំព័រ ប្រមាណជា ៣ គីឡូ លោក អ្នកនឹងបានទៅដល់ទឹកជ្រោះផ្អោកដែលរមណីយដ្ឋាននេះ ស្ថិតនៅក្នុង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ មិនខាន៕
អត្ថបទ៖ វិបុត្រ