តំណាង Samsung នៅកម្ពុជា ជម្រះមន្ទិលរឿងមិនចេញ Note 6
- 2016-08-04 17:56:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំណាង Samsung នៅកម្ពុជា ជម្រះមន្ទិលរឿងមិនចេញ Note 6
ចន្លោះមិនឃើញ
Galaxy Note 7 ប្រកាសកាលពីពេលថ្មីៗនេះ តែបណ្ដាអ្នកគាំទ្រនៅកម្ពុជាជាច្រើនហាក់នៅមន្ទិលថាហេតុអ្វី Samsung មិនប្រកាស Galaxy Note 6 បែរជាចេញ Note 7 រំលង។
Galaxy Note 7
ដើម្បីជ្រះការសង្ស័យ លោក សុខ ឡេង ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន Samsung នៅកម្ពុជា អះអាងថា ដោយសារបច្ចេកវិទ្យាដែលក្រុមហ៊ុនបានបំពាក់លើ Galaxy Note 7 នេះទំនើបល្មមអាចឲ្យក្រុមហ៊ុន រំលងស៊េរី Note 6 បាន។ ជាក់ស្ដែងមុខងារស្កេនប្រស្រីភ្នែក (Iris Scanner) និង USB Type C សុទ្ធជាបច្ចេកវិទ្យាទំនើបដំបូងសម្រាប់ត្រកូល Galaxy Note។
ក្រៅពីបច្ចេកវិទ្យាទំនើប លោក ថា Samsung ចង់ឲ្យស្មាតហ្វូនត្រកូល Galaxy ស៊េរីថ្មីដូចជា S7/S7 Edge និង Note 7 សុទ្ធតែមានលេខ 7 ងាយស្រួលហៅ ក៏ដូចជាដើម្បីប្រជែងនឹងផលិតផលថ្មីរបស់គូប្រជែងធំផងដែរ។
Galaxy Note 7 មានអេក្រង់ ៥,៧ អ៊ីញ បំពាក់កញ្ចក់ប្រភេទ Gorilla Glass 5។ កាមេរ៉ាក្រោយទំហំ 12MP និងមុខ 5MP។ Note ស៊េរីថ្មីនេះបំពាក់បច្ចេកវិទ្យា Iris Scanner និងរន្ធដោតថ្ម USB Type C ដែលអាចសាកថ្មបានលឿននិងមិនបារម្ភរឿងដោតបញ្ច្រាស។
ការហៅត្រកូល Galaxy Note ជំនាន់ថ្មីរបស់ Samsung ស្របពេលដែល Apple នឹងបញ្ចេញ iPhone ស៊េរីថ្មីដែលប្រភពព័ត៌មានជាច្រើនហៅ iPhone 7 ដើម្បីចៀសវាងការយល់ច្រឡំរបស់អ្នកគាំទ្រមួយចំនួន។ Samsung បញ្ជាក់ថា ការប្រើឈ្មោះ Note 7 អាចឲ្យ Samsung ងាយប្រជែងជាមួយ iPhone 7 ព្រោះបើប្រើឈ្មោះ Note 6 អ្នកប្រើមួយចំនួនដែលមិនសូវយល់ពីទីផ្សារស្មាតហ្វូននឹងគិតថា Note 6 ជាម៉ូដែលចាស់ជាង iPhone 7។
ការបរិច្ឆេទដាក់លក់ផ្លូវការលើទីផ្សារក្នុងស្រុកគឺនៅថ្ងៃទី ២០ សីហានេះ ខណៈតម្លៃមិនទាន់ប្រាកដ៕
អាន៖ Galaxy Note 7 បង្ហាញខ្លួនផ្លូវការ ជាមួយបច្ចេកវិទ្យាថ្មីៗជាច្រើន
អាន៖ មុខងារពិសេស Note 7 ដែល iPhone មិនអាចធ្វើបាន
អត្ថបទ៖ ប៉ែត ផាន់និត