ខេម ពី​អ្នក​រត់​ម៉ូតូឌុប​មក​ជា​តារា​ចម្រៀង​លំដាប់​ជួរ​មុខ​នាពេល​បច្ចុប្បន្ន​

  • 2014-11-01 12:00:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេម ដែល​ជាប់​ឈ្មោះ​ជា​តារា​ចម្រៀង​ស្អក​ៗ គឺជា​ ក្មេង​កំព្រា​ឪពុក និង ចេញ​រក​លុយ​តាំង​ពី​នៅ​តូច​​។ ត្បិតតែ​ ខេម មិន​បាន​បញ្ចប់​ការ​សិក្សា​​រហូត​ដល់​ថ្នាក់​ឧត្តមសិក្សា​​ក្ដី ប៉ុន្ដែ ខេម គឺជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​ និង តស៊ូ​ នៅ​ក្នុង​ជីវិត​ រហូត​បាន​ក្លាយ​ជាតារា​ចម្រៀង​​​ជួរ​មុខ​មួយ​​រូប​នៅ​ក្នុង​ពិភព​សិល្បៈ។ តើជីវិត​ជូរចត់​របស់​ខេម ហែល​ឆ្លង​ការ​លំបាក​អ្វី​ខ្លះ ទម្រាំ​ក្លាយ​ជា​តារា​ចម្រៀង​ល្បី​សព្វថ្ងៃ​នេះ?

ខាងក្រោម​នេះ គឺជា ប្រវត្តិត្រួសៗ​របស់​ ខេម៖

 

 
ឈ្មោះ ទី​កន្លែង​កំណើត ថ្ងៃ​កំណើត ជនជាតិ សញ្ជាតិ កម្ពស់ ទម្ងន់
ប៉ុន សុណារិនហៅ​ក្រៅ ខេមPun Sonarin កំពង់ឆ្នាំង ១៥ ឧសភា ១៩៨៥ ខ្មែរ ខ្មែរ ១៧០ សង់ទីម៉ែត្រ ៦៩ គីឡូក្រាម
 

ជីវិត​ក្នុង​វ័យ​កុមារភាព

 

ខេម ​ជា​កូន​ពៅ​នៅ​ក្នុង​ក្រុម​គ្រួសារ ​ដែល​មាន​បង​ប្អូន​ពីរ​នាក់ ប្រុស​មួយ​ និង ​ស្រី​មួយ។ បង​ស្រី​របស់​លោក​មាន​ឈ្មោះ ប៉ុន សុណារី ជា​អ្នក​កាន់​សាសនា​គ្រិស្ត​មួយ​រូប។ តារា​រូប​នេះ​ កើត​នៅ​ថ្ងៃ​ទី ១៥ ឧសភា ឆ្នាំ ​១៩៨៥ ក្នុង​ខេត្ត​ កំពង់​ឆ្នាំង។ ឪពុក​របស់​លោក ​មាន​ឈ្មោះ សេង ធក់ ជា​អតីត​មន្ត្រី​យោធា​មួយ​រូប (ស្លាប់) និង ​មាន​ម្ដាយ​ឈ្មោះ ឡាយ សីម៉ាលី ជា​ស្ត្រី​មេ​ផ្ទះ។ ប៉ុន សុណារិន ជា​ឈ្មោះ​​ នៅ​ក្នុង​បញ្ជីជាតិ​ ហើយ​ឈ្មោះ​ ខេម លោក​បាន​ប្រើ​​នៅ​​ពេល​​ចូល​សិល្បៈ។

 

ការ​អប់រំ​ក្នុង​ជីវិត

 

ណារិន​ ជា​មនុស្ស​ម្នាក់​ ដែល​មិន​សូវ​មាន​និស្ស័យ​ខាង​ការ​សិក្សា​ប៉ុន្មាន​ឡើយ។ តារា​រូប​នេះ​មាន​និស្ស័យ​ខាង​សិល្បៈ​ទៅ​វិញ ប៉ុន្តែ​ លោក​បាន​រៀន​នៅ​សាលា​​​បឋម​គំរូ​ក្រុង។ ការ​រៀន​មិន​មាន​ភាព​ទៀង​ទាត់​ប៉ុន្មាន​ទេ​ ព្រោះ​តែ​ស្ថានភាព​ជីវភាព​។ ក្រោយ​បញ្ចប់​ថ្នាក់​បឋម ខេម​បាន​បន្ត​ចូល​រៀន​នៅ នៅ​អនុវិទ្យាល័យ​ទី​រួម​ខេត្ត។ សម្រាប់​ ខេម ពេល​រៀន​អនុវិទ្យាល័យ​ក៏​មិន​ខុស​ប្លែក​គ្នា​ប៉ុន្មាន​ពី​បឋម​ដែរ​ កម្រិត​ជីវភាព​នៅ​តែ​មាន​ការ​លំបាក​ដដែល។ ថ្នាក់​វិទ្យាល័យ​ លោក​បាន​រៀន​នៅ​វិទ្យាល័យ​​​ព្រះសុរាម្រិត។

 

ស្ថានភាព​ក្រីក្រ បាន​បង្ខំ​ឲ្យ​ ខេម ​បញ្ចប់​ការ​សិក្សា​នៅ​ត្រឹម​ថ្នាក់​ទី ១០។ ម្ដាយ​របស់​លោក​នៅ​ផ្ទះ​តែ​ម្នាក់ឯង​ មិន​មាន​អ្នក​រកស៊ី​ចិញ្ចឹម ព្រោះ​បង​ស្រី​មិន​បាន​រស់​នៅ​ជា​មួយ​ទេ។ ដូច្នេះ​ហើយ​​ការ​លំបាក​ទាំង​ប៉ុន្មាន​ត្រូវ​ធ្លាក់​មក​លើ​រូប​លោក​ទាំង​អស់។ ម្យ៉ាង​ទៀត​ ដោយ​សារ​ការ​ស្រលាញ់​សិល្បៈ​ ខេម​ បាន​មក​ភ្នំពេញ​ ដើម្បី​ធ្វើ​ការ​ប្រឡង​ចម្រៀង។ ខេម​ មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ឡើង​វិញ​ ព្រោះ​លោក យល់​ថា​ការ​សិក្សា​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​រូប​លោក។ អ្វី​ដែល​​ចង់​ធ្វើ​​នៅ​ពេល​នេះ​ គឺ​សន្សំ​ប្រាក់​ឲ្យ​បាន​ច្រើន​ ដើម្បី​ចូល​រៀន​បន្ត។

 

ខេម​ជា​ក្មេង​តស៊ូ

 

កុមារ ខេម មាន​​ការ​លំបាក​ជា​ពន់ពេក​សម្រាប់​ការ​រស់​នៅ​ជា​មួយ​ម្ដាយ​ ព្រោះ​ឪពុក​បាន​ស្លាប់​​ ខណៈ​បង​ស្រី ខេម ទៅ​រស់​នៅ​ខាង​ប្ដី។ “ការ​ងារ​ខាង​ម្ហូបអាហារ​មិន​សូវ​ឲ្យ​ម៉ែ​ខ្ញុំ​ពិបាក​ទេ ព្រោះ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​រត់​ម៉ូតូ​ឌុប​តាំង​ពី​ ម៉ោង​ ៥​ ទៀប​ភ្លឺ ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ ពេល​ត្រឡប់​មក​វិញ​ត្រូវ​ទៅ​ស្ទូច​ត្រី ព្រោះ​ផ្ទះ​ខ្ញុំ​ជិត​បឹង”។ ខេម​ និយាយ។

 

“កាល​ពី​ខ្ញុំ​អាយុ ​៦ ឆ្នាំ ជីវភាព​ក្រុម​គ្រួសារ​របស់​ខ្ញុំ​មាន​ការ​លំបាក​ជា​ខ្លាំង​ ម្ដាយ​ខ្ញុំ​ធ្វើ​នំ​លក់។ ខ្ញុំ​ត្រូវ​ទួល​នំ​លក់​គ្រប់​ទីកន្លែង ពេល​ខ្លះ​ដាច់​ ពេល​ខ្លះ​ទៀត​មិន​បាន​ដាច់​ទេ”។ ការ​លំបាក​ទាំង​នេះ​ ខេម​មិន​មាន​ការ​រាថយ​ទេ​សម្រាប់​ការ​រស់​នៅ។ តារា​រូប​នេះ​នៅ​តែ​តស៊ូ​ក្នុង​ជីវិត​មិន​មាន​ការ​ត្អូញត្អែរ​ម្ដង​ណា​ឡើយ។ ខេម ​តែង​តែ​ស្ដាប់​ដំបូន្មាន​ម្ដាយ​ជា​និច្ច​មិន​មាន​ការ​ធ្វេស​ប្រហែស​ ម្ដង​ណា​ទេ។ ”ម្ដាយ​ខ្ញុំ​តែង​ពោល​ថា ជីវិត​កើត​មក​តែង​តែ​មាន​ការ​តស៊ូ​ទើប​បាន​ប្រសើរ បើ​មិន​មាន​ការ​តស៊ូ​ទេ​​គេ​មិន​ហៅ​ជីវិត​ទេ”។

 

ខេម រង​ការ​មាក់​ងាយ​មុន​ពេល​ចូល​សិល្បៈ

 

សម្រាប់​អាជីព​ជា​អ្នក​សិល្បៈ លោក ខេម ​បាន​ទទួល​នូវ​ការ​មើល​ងាយ​ពី​មនុស្ស​មួយ​ចំនួន​ជា​ច្រើន ជាពិសេស​អ្នក​ជិត​ខាង មុន​ពេល​ដែល​លោក ក្លាយ​ជា​អ្នក​សិល្បៈ។ ”មាន​គ្រូ​ម្នាក់​ក្នុង​សាលា​និយាយ​ថា កុំ​ទៅ​ប្រឡង​អី​អ្ហើយ នែ! បើ​ឯង​ប្រឡង​ជាប់​ នៅ​ភ្នំពេញ​អញ​ឈប់​បង្រៀន​រហូត”។​ ការ​មាក់ងាយ​ទាំង​នេះ ខេម​ មិន​មាន​ការ​ខឹង​សម្បារ​អ្វី​ឡើយ វា​រឹតតែ​ធ្វើ​ឲ្យ លោក​មាន​ការ​ខិត​ខំ​ព្យាយាម​​បន្ថែម​ទៀត​ ដើម្បី​ជម្នះ​រាល់​ការ​មាក់ងាយ​ទាំង​ឡាយ។ តារា​រូប​នេះ​នៅ​តែ​តស៊ូ​ជា​និច្ច ដោយ​មាន​ជំនឿ​ជាក់​ទៅ​លើ​ខ្លួន​ឯង។ ខេម​បញ្ជាក់​ថា ”មាន​អ្នក​មួយ​ចំនួន​ទៀត​រិះគន់ បើ​ឯង​ប្រឡង​ជាប់​អញ​នឹង​កោ​សក់។ រូប​រាង​ឯង​ខ្មៅ​អញ្ចឹង ទៅ​ធ្វើ​ជា​តារា​ឯណា​កើត នែ! មក​ធ្វើ​ជា​ស្រែ​វិញ​ល្អ​ជាង”។ ពាក្យ​សម្ដី​ទាំង​ហ្នឹង​ត្រូវ​បាន​ ណារិន​ ខឹង​សម្បា​ជា​ខ្លាំង តែ​លោក​ទប់​ចិត្ត​មិន​មាន​គំនុំគុំកួន​អ្វី​ទាំង​អស់។ ខេម​តែង​យក​ពាក្យ​ទាំង​នេះ​មក​គិត​ពិចារណា ដើម្បី​កែ​ប្រែ​ខ្លួន​ឲ្យ​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ អ្នក​ទាំង​អស់​នោះ។

 

ក្រោយ​ពេល​ប្រឡង​ជាប់​ជា​អ្នក​សិល្បៈ ជីវិត​របស់​ ខេម​នៅ​តែ​មាន​ការ​លំបាក​ដដែល ព្រោះ​មិន​មាន​ផ្ទះ​ស្នាក់​នៅ​ ត្រូវ​ដើរ​តែលតោល​ក្នុង​ទី​ក្រុង​ភ្នំពេញ។”មាន​បង​ប្អូន​ម្នាក់​ខាង​ម្ដាយ​ ក្រោយ​របស់​ខ្ញុំ គាត់​បាន​ស្នាក់​នៅ​ក្នុង​ផ្ទះ​អង្គការ ហើយ​ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​គាត់។ អ្វី​ដែល​មាន​ការ​លំបាក​សម្រាប់​ខ្ញុំ គឺ​ផ្ទះ​នោះ​គេ​មិន​ឲ្យ​បង​ប្អូន​ស្នាក់​នៅ​ទេ។ បើ​យើង​ចង់​ស្នាក់​នៅ​គឺ​បាន​តែ​ថ្ងៃៗ​តែ​ប៉ុណ្ណោះ មិន​អាច​ស្នាក់​នៅ​យប់​បាន​ទេ”។

 

ពេល ​ញាំ​បាយ​ម្ដងៗ​ជា​មួយ​មិត្តភ័ក្ដិ​ដែល​បាន​ប្រឡង​ជាប់ មាន​ការ​លំបាក​ជា​ខ្លាំង។ ”មួយ​ពេល​ ៤០០០​ រៀល ជា​មួយ​​មិត្តភ័ក្ដិ​បួន​នាក់​ទៀត។ ពេល​ខ្លះ​ទៀត​ត្រូវ​ញាំ​បាយ​ជា​មួយ​ អំបិល និង ​ទឹក​ភ្នែក”។ ការ​លំបាក​ទាំង​នេះ​ ខេម​នៅ​តែ​ព្យាយាម​មិន​រា​ថយ​ឡើយ។ លោក​នៅ​តែ​តស៊ូ ដោយ​មិន​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ទេ។ ការ​ណ៍​ដែល​ឃើញ​គេ​មាន​ភាព​ហ៊ឺហា ទាំង​សំលៀកបំពាក់​ និង ​ការ​ចាយ​វាយ ខេម មិន​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​អ្វី​ទាំង​អស់។ ណារិន គិត​ថា​ នេះ​មក​ពី​សំណាង​ និង​ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​កន្លង​មក។

 

ការ​ឈាន​ជើង​ចូល​ក្នុង​វិថី​សិល្បៈ

 

ណា​រិន បាន​ប្រឡូក​ចូល​ក្នុង​ពិភព​សិល្បៈ នៅ​ឆ្នាំ​ ២០០៧ ដោយ​មាន​អាជីព​ជា​អ្នក​ចម្រៀង។ ខេម បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​លោក​ប្រឡូក​ចូល​ជា​អ្នក​សិល្បៈ ដោយ​សារ​តែ​មាន​ឧបនិស្ស័យ​តាំង​ពី​តូច​មក​ម្ល៉េះ។ “ផ្ទះ​របស់​ខ្ញុំ​ជិត​បា ម៉ែ​របស់​ខ្ញុំ​គាត់​លក់​អីវ៉ាន់​ក្នុង​នឹង។ ពេល​ឃើញ​គេ​ច្រៀង​ និង ​តែង​ខ្លួន​ស្អាតៗ ខ្ញុំ​តែង​មាន​អារម្មណ៍​ចង់​ធ្វើ​ជា​តារា​ចម្រៀង​ដែរ”។ ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​ថ្នាក់​រៀន​ មិត្តភ័ក្ក និង​គ្រូ​តែង​មាន​ការ​លើក​ទឹក​ចិត្ត​សម្រាប់​រូប​លោក​ជានិច្ច។ “ដល់​ម៉ោង​ត្រឡប់​ទៅ​ផ្ទះ លោក​គ្រូ​បាន​ឲ្យ​ខ្ញុំ​ច្រៀង​ជា​រៀង​រាល់​ ព្រោះ​គាត់​គិត​ថា​ខ្ញុំ​ច្រៀង​ពីរោះ”។

 

ក្នុង​ឆ្នាំ ​២០០៧ តារា​រូប​នេះ​ បាន​​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ Boy Band របស់​ស្ថានីយ​ទូរទស្សន៍ CTN។ ខេម​បាន​ប្រឡង​ជាប់​ជា​តារា​ចម្រៀង​ប្រចាំ​ស្ថានីយ​នេះ។ ការ​ច្រៀង​ក្នុង​ស្ថានីយ​បាន​រយៈពេល​មួយ​ឆ្នាំ​ ខេម​បាន​ចេញ​ពី ​CTN ដោយ​ចប់​កុង​ត្រា​នៃ​ការ​ច្រៀង។

ឆ្នាំ ​២០០៨ ណារិន​បាន​ចូល​ច្រៀង​ឲ្យ​ ផលិតកម្ម​វិញ។ នៅ​ក្នុង​ផលិតកម្ម​នេះ ​លោក មិន​សូវ​ទទួល​បាន​ប្រជាប្រិយ​ភាព​ប៉ុន្មាន​ទេ ដោយ​ផលិតកម្ម​មិន​បាន​ចេញ​ជា VCD លក់​នោះ​ទេ។ ដូច្នេះ​ហើយ​ទើប​មិន​មាន​អ្នក​ស្គាល់​រូប​លោក​ប៉ុន្មាន​ឡើយ។

 

ឆ្នាំ​ ២០១០ ដោយ​ចប់​កុង​ត្រា​ជា​មួយ​ ថាម ខេម​ បាន​ចូល​មក​ច្រៀង​ឲ្យ​ផលិតកម្ម ថោន ​វិញ​ម្ដង។ ការ​ច្រៀង​ក្នុង​ផលិតកម្ម​នេះ​ លោក​ចាប់​ផ្ដើម​មាន​ការ​ទទួល​ស្គាល់​ពី​ទស្សនិកជន អាច​និយាយ​បាន​ថា ផលិតកម្ម​ថោន​បាន​ធ្វើ​ឲ្យ​​​ ខេម ក្លាយ​ជា​ តារា​ចម្រៀង​លំដាប់​ជួរ​មុខ​​មួយ​រូប​ក្នុង​ចំណោម​តារា​ចម្រៀង​ល្បី​ៗ​ផ្សេង​ទៀត ព្រោះ​នៅ​តាម​វិទ្យុ​នានា គេ​លាន់ឮ​សម្លេង​​តារាចម្រៀង​ស្អកៗ ខេម ញឹកញាប់។

 

 ពាន​រង្វាន់

 

ឆ្នាំ​ ២០០៥ ណារិន បាន​ប្រឡង​ជាប់​លេខ​មួយ​ប្រចាំ​ខេត្ត កំពង់ឆ្នាំង។ ការ​ប្រឡង​នេះ​រៀប​ចំឡើង​ដោយ​មន្ទីរ​សិល្បៈ​ខេត្ត។ ឆ្នាំ ​២០០៧ ខេម បាន​ប្រឡង​ជាប់​ក្នុង​កម្មវិធី​ Boy Band របស់​ស្ថានីយ ទូរទស្សន៍CTN។ ក្នុង​កម្មវិធី​ប្រលង​នេះ​លោក​បាន​ជាប់​ជា​តារា​ឆ្នើម​ប្រចាំ​ឆ្នាំ។

 

 

គោល​បំណង​ទៅ​ថ្ងៃ​អនាគត

 

តារា​ចម្រៀង​​សំឡេង​ស្អកៗ​រូប​នេះ ប្រថ្នា​បើក​ហាង​សម្លៀក​បំពាក់​នៅ​ថ្ងៃ​អនាគត។ ការ​លក់​សំលៀក​បំពាក់​នេះ​ គឺ​ផ្ដោត​ទៅ​លើ​តែ​ខោអាវ​ជជុះ​ប៉ុណ្ណោះ មិន​លក់​ខោអាវ​ដែល​មាន​តម្លៃ​ថ្លៃ​នោះ​ទេ ព្រោះ​លោក​គិត​ថា ​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​មាន​កម្រិត​ជីវភាព​ទាប​នៅ​ឡើយ។ ដូច្នេះ​ហើយ​ លោក​សង្ឃឹម​ថា​នឹង​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រិយ​មិត្ត មិត្ត​យុវវ័យ។ សម្រាប់​ គូស្រករ ត្រូវ​បាន​ ណារិន​បញ្ជាក់​ថា មិន​ទាន់​មាន​គម្រោង​យក​នោះ​ទេ​ ដោយ​លោក​ប្រឹង​ប្រែង​រក​ប្រាក់​បន្ថែម​ ដើម្បី​ទុក​សម្រាប់​ទៅ​ថ្ងៃ​ក្រោយ។ ចំពោះ​សិល្បៈ​វិញ​ ខេម​ មាន​ការ​ខិតខំ​ជា​ខ្លាំង​ដើម្បី​ទទួល​បាន​នូវ​ប្រជាប្រិយ​ភាព៕

 

 

សូមចុចអាន៖ ខេម ខាត​ប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ ​ពី​ការ​​​សម្ភាសន៍​ធ្លាក់​ពីរ​​លើក​​នៅ​ទូត​អាមេរិក

 

អត្ថបទៈ អ៊ីង សុឡា