ហេតុផល ៤ ពុំគួរលេងហ្គេម Pokemon Go
- 2016-08-10 13:10:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល ៤ ពុំគួរលេងហ្គេម Pokemon Go
ចន្លោះមិនឃើញ
បន្ទាប់ពីហ្គេម Pokemon Go បានមកដល់ប្រទេសកម្ពុជាជាផ្លូវការ មានយុវវ័យជាច្រើនបានចាប់ផ្ដើមលេងហ្គេមមួយនេះជាបន្តបន្ទាប់ ស្របពេលដែលមនុស្សមួយចំនួនទៀតនៅស្ទាក់ស្ទើរនៅឡើយ។ មុនសម្រេចថាលេង Pokemon Go គួរពិចារណាចំណុចទាំង ៤ ខាងក្រោមជាមុន៖
១. អាចបង្កជាគ្រោះថ្នាក់
ចាប់តាំងពីហ្គេមនេះដាក់ឲ្យប្រើប្រាស់ដំបូងនៅសហរដ្ឋអាមេរិក មានការរាយការជាច្រើនអំពីករណីគ្រោះថ្នាក់កើតឡើងលើអ្នកលេងហ្គេម Pokemon Go ដូចជាដើរធ្លាក់គ្រលុក, គ្រេចកជើង ហើយសូម្បីតែដើរបុកបង្គោលភ្លើងក៏មានដែរ។ មូលហេតុដោយសារតែពួកគេជក់ដើរចាប់សត្វពេក រហូតដល់ភ្លេចមើលជុំវិញខ្លួន។
២. អាចប្រឈមនឹងការប្លន់ពីក្រុមចោរ
ការលេង Pokemon Go អ្នកលេងម្នាក់ៗត្រូវដើរចាប់សត្វនៅទីតាំងជាក់លាក់ណាមួយ តាមរយៈការដឹងទីតាំងជាក់លាក់នេះក្រុមជនខិលខូច អាចនឹងសម្ងំចាំធ្វើបទល្មើសនៅទីតាំងទាំងនោះបាន។ ជាក់ស្ដែងនៅរដ្ឋ Missouri សហរដ្ឋអាមេរិកធ្លាប់មានហេតុការនេះម្ដងរួចហើយ ដោយជនសង្ស័យមួយក្រុមមានគ្នា ៤ នាក់ប្រដាប់ដោយអាវុធ បានប្រើ Lure Module ក្នុងហ្គេម Pokemon Go បញ្ឆោតជនរងគ្រោះទៅកាន់ទីតាំងមួយដោយមានបំណងប្លន់ ប៉ុន្តែមិនបានសម្រេចឡើយ។
៣. អាចបាត់បង់ទំនាក់ទំនង
ការញៀននឹងហ្គេមខ្លាំងអាចបង្កើតជាបញ្ហា ជាមួយមនុស្សជាទីស្រឡាញ់បាន។ តាមវិបសាយ Buzzfeed បានរាយការអំពីបុរសម្នាក់បានរង់ចាំជាមួយភរិយារបស់ខ្លួន ដើម្បីត្រៀមវះកាត់បង្កើតកូន។ ស្របពេលនោះបុរសជាប្ដីបានឃើញសត្វ Pidgey នៅលើគ្រែរបស់ភរិយា ហើយក៏បានចាប់សត្វនោះទុក ភ្លាមនោះប្រពន្ធខឹងសម្បារខ្លាំង ដោយយល់ថាប្ដីទុកហ្គេមសំខាន់ជាងខ្លួនទៅទៀត។
៤. ស៊ីលុយ និង ស៊ីថ្មខ្លាំង
ហ្គេមនេះតម្រូវឲ្យទូរសព្ទមានអ៊ីនធឺណិតដើម្បីបង្ហាញទីតាំងជាក់លាក់នីមួយៗ ហើយទន្ទឹមនឹងនេះក៏តម្រូវឲ្យប្រើប្រព័ន្ធ GPS ជាប់ជានិច្ចផងដែរ ដែលទាំងនេះជាចំណុចធ្វើឲ្យស៊ីថ្មខ្លាំង និង អស់លុយលឿនចំពោះការបង់ថ្លៃអ៊ីនធឺណិតទូរសព្ទ៕ ចុចអាន៖ Pokémon Go ទៅដល់ជប៉ុនប៉ុន្មានម៉ោង បង្កគ្រោះថ្នាក់ភ្លាម
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ inquisitr