រឿង​រ៉ាវ​អស្ចារ្យ​ពី​​​បុគ្គល​ល្បី​​១០រូប បង្ហាញ​​មូលហេតុ​មិន​ត្រូវ​ចុះចាញ់​ក្នុង​ឆាក​ជីវិត

  • 2016-08-10 15:30:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា តែង​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​រូប ដោយ​មិន​សុំ​ការ​អនុញ្ញាត​ជា​មុន​ឡើយ ហើយ​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​ជួប​ការ​លំបាក និង​ពេល​ខ្លះ​កាន់​តែ​ដុនដាប​ខ្លាំង។ បញ្ហា​ខ្លះ​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​ជួប​ការ​លំបាក​បណ្ដោះអាសន្ន តែ​បញ្ហា​ខ្លះ​វិញ អាច​ធ្វើ​ឲ្យ​យើង​ជួប​ការ​លំបាក​ពេញ​មួយ​ជីវិត​តែម្តង។ ទោះ​បី​ជា​អ្នក​ជួប​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ អ្នក​មិន​ត្រូវ​ចុះចាញ់​ឡើយ ហើយ​ត្រូវ​តស៊ូ​ជម្នះ​គ្រប់​ឧបសគ្គ​ទាំងអស់ ដើម្បី​ទទួល​បាន​ជីវិត​ល្អ​ប្រសើរ​ឡើង​វិញ។  

ជាក់ស្តែង ដូច​ជា​បុគ្គលិក​ទាំង​១០រូប​ខាងក្រោម​នេះ ​ពួកគេ​អាច​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ រហូត​អាច​យក​ឈ្នះ​លើ​ការ​លំបាក​ក្នុង​ឆាក​ជីវិត។  

១) លោក Nick Vujicic

 

 

លោក Nick Vujicic រស់​នៅ​ដោយ​គ្មាន​ដៃ និងជើង ប៉ុន្តែ​ចិត្ត​ដ៏​អង់អាច​របស់​គាត់ មិន​បាន​បាក់​ទឹកចិត្ត​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត គាត់​បាន​ក្លាយ​ជា​ភស្តុតាង​មួយ​បញ្ជាក់​ថា អ្នក​អាច​ក្លាយ​ជា​មនុស្ស​ដែល​សប្បាយ​រីករាយ ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ខ្លាំង​យ៉ាង​ណា​ក៏ដោយ។ គាត់​លេង​កីឡា​វាយ​កូនគោល ជិះ​ក្ដារ​លើ​ទឹក ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ផ្តល់​សុន្ទរកថា​ជំរុញ​ទឹកចិត្ត និង មាន​កូន​ចំនួន ២នាក់​ថែម​ទៀតផង។

២) លោក Bill Porter

 

 

នៅ​ពេល​ដែល​អ្នក​មាន​គោល​ដៅ​មួយ ហើយ​មាន​បំណង​ប្រាថ្នា​ដើម្បី​សម្រេច​វា ពេល​នោះ​ទោះ​ជា​អ្នក​មាន​ជំងឺ​អ្វី ក៏​មិនមែន​ជា​ឧបសគ្គ​សម្រាប់​អ្នក​ដែរ។ ជាក់​ស្តែង លោក Bill Porter កើត​មាន​អាការៈ​ពិការ​ខួរក្បាល តែ​គាត់​ចង់​ធ្វើការ​ជា​អ្នកលក់។ ក្រោយមក គាត់​បាន​សម្រេច​គោលដៅ​របស់​ខ្លួន ដោយ​បាន​ក្លាយ​ជា​អ្នកលក់​ឆ្នើម​បំផុត​នៅ​អាមេរិក។

៣) លោក Evgeny Smirnov

 

 

គ្មាន​រឿង​អ្វី​អាក្រក់​សម្រាប់​អ្នក​រាំ ជា​ជាង​ការ​បាត់បង់​សមត្ថភាព​រាំ​នោះ​ទេ។ តើ​ត្រូវ​ឲ្យ​អ្នក​ជំនាញ​រាំ​ធ្វើ​អ្វី នៅ​ពេល​ដែល​បាត់បង់​ជើង​ម្ខាង នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍? ចំពោះ​លោក Evgeny Smirnov ដែល​ជា​ជើងឯក​រាំ​ក្បាច់ Break Dance ជនជាតិ​រុស្ស៊ី នៅ​តែ​បន្ត​រាំ​ដដែល បើ​ទោះបី​ជា​គាត់​ត្រូវ​ប្រើ​ជើង​សិប្បនិម្មិត​ម្ខាង និង​រៀន​រាំ​សារ​ជា​ថ្មី​ម្តង​ទៀត​ក៏​ដោយ។  

៤) នាង Olesya Vladykina

 

 

នាង Olesya Vladykina អាយុ២០ឆ្នាំ បាន​ជួប​គ្រោះថ្នាក់​មួយ នៅ​ក្នុង​ប្រទេសថៃ បណ្តាល​ឲ្យ​បាត់បង់​ដៃ​ឆ្វេង​ម្ខាង និង​មិត្តសម្លាញ់​ម្នាក់។ ហេតុការណ៍​នោះ​បាន​ផ្លាស់​ប្តូរ​ជីវិត​របស់​នាង ប៉ុន្តែ​នាង​មិន​បាន​ចុះចាញ់​ឡើយ។ នាង​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ «Paralympic Games» ចំនួន​២លើក ហើយ​ប្រកួត​បាន​លេខ១ និង​បង្កើត​កំណត់ត្រា​ពិភពលោក​មួយ​ផងដែរ។ នាង​បដិសេធ​មិន​ប្រើ​ដៃ​សិប្បនិម្មិត​ឡើយ និង​ធ្វើ​អ្វី​គ្រប់​យ៉ាង បាន​យ៉ាង​ល្អ​ឥតខ្ចោះ​ដោយ​ដៃ​ម្ខាង។  

៥) លោក Sylvester Stallone (តួរ៉ាំបូ)

 

 

តើ​អ្នក​គិត​ថា​អ្នក​ត្រូវ​តែ​មាន​សម្រស់​ស្រស់ស្អាត ដើម្បី​ក្លាយ​ជា​តារាសម្តែង​ដ៏​អស្ចារ្យ​ម្នាក់​ឬ? បើ​អ្នក​គិត​បែប​នេះ​មែន អ្នក​ពិត​ជា​ខុស​ហើយ។ លោក Sylvester Stallone ដែល​ដើរ​តួអង្គ​រ៉ាំបូ បាន​កើត​មក​ជា​មួយ​នឹង​អាការៈ របួស​ពី​កំណើត ដែល​បណ្តាល​ឲ្យ ផ្នែក​ខាងក្រោម​ខាងឆ្វេង​នៃ​មុខ​របស់​គាត់​ពិការ ហើយ​វៀច​មាត់​បន្តិច និង​និយាយ​ត្រដិត​តិចតួច​ដោយសារ​តែ​មាន​បញ្ហា​អណ្តាត ទៀតផង។  

៦) លោក Andrea Bocelli

 

 

ភាព​ពិការ​ភ្នែក គឺ​ជា​ការ​បង្អត់​មនុស្ស​មិន​ឲ្យ​មាន​សមត្ថភាព ក្នុង​ការ​មើល​ឃើញ​ពិភពលោក ប៉ុន្តែ​មិនមែន​គ្មាន​អារម្មណ៍​ចំពោះ​វា​ឡើយ។ វា​ប្រហែល​ជា​ហេតុផល​មួយ ដែល​ជួយ​ឲ្យ​តារាចម្រៀង​បុរាណ​ពិការភ្នែក​ដ៏​ពេញនិយម ជនជាតិ​អ៊ីតាលី គឺលោក Andrea Bocelli ចែក​រំលែក និង​បំផុសគំនិត​ជាមួយ​ទស្សនិកជន តាម​រយៈបទ​ចម្រៀង​របស់គាត់។ លោក Andrea Bocelli មាន​កូន​ចំនួន៣នាក់ ហើយ​បាន​រៀបការ​សា​ជា​ថ្មី​ម្តងទៀត កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ គាត់​រីករាយ​នឹង​ជីវិត​របស់​គាត់។ គាត់​បាន​និយាយ​ថា ទោះ​បី​ជា​គាត់​គ្មាន​សមត្ថភាព​ដើម្បី​មើល​ឃើញ​ពិភពលោក​ដោយ​ភ្នែក​ទាំងគូ តែ​គាត់​នៅ​តែ​អាច​មើល​វា​ឃើញ ជា​មួយ​បេះដូង​របស់​គាត់។  

៧) នាង Madeline Stuart

 

 

នៅ​ពេល​ដែល​អ្នក​មាន​ក្តី​សុបិន សូម្បី​តែ​ពិការ​ភាព​ក៏​មិន​អាច​បញ្ឈប់​អ្នក​ពី​ការ​សម្រេច​វា​បាន​ដែរ។ នាង Madeline Stuart បាន​កើត​មក​ជាមួយ​នឹង​អាការៈ​ខ្សោយ​បញ្ញា (Down Syndrome) តែ​ចង់​ក្លាយ​ជា​តារាម៉ូដែល​ដើរ​បង្ហាញ​ម៉ូត។ នាង​បាន​ចាប់​ផ្តើម​លេង​កីឡា និង​សម្រក​ទម្ងន់​រហូត​ដល់​ទៅ ២០គីឡូក្រាម។ បន្ទាប់​មក​នាង​បាន​ព្យាយាម​អស់​រយៈ​ពេល​ជា​យូរ ដើម្បី​ក្លាយ​ជា​តារាម៉ូដែល។ ចុង​ក្រោយ​នាង Madeline បាន​សម្រេច​ក្តី​សុបិន​របស់​នាង ដោយ​បាន​ចុះ​កុងត្រា​ជាមួយ​ផលិតផល​សំលៀក​បំពាក់​កីឡា​សម្រាប់​ស្រ្តី ម៉ាក «Manifesta»។  

៨) នាង Victoria Duval

 

 

កីឡា​ការិនី​វាយ​កូន​បាល់​អាមេរិក អាយុ២០ឆ្នាំ នាង Victoria Duval កើត​មាន​ជំងឺ​មហារីក​កូន​កណ្តុរ (Hodgkin Lymphoma) ប៉ុន្តែ​នាង​នៅ​តែ​បន្ត​ហ្វឹក​ហាត់ និង​ទទួល​បាន​ជោគជ័យ​លើ​ការប្រកួត ដើម្បី​មាន​ឱកាស​ចូលរួម​ប្រកួត​វាយ​កូន​បាល់​ធំ​បំផុត «Grand Slam»។  

៩) នាង Chantelle Brown Young

 

 

ភាព​ស្រស់ស្អាត​របស់​តារាម៉ូដែល​ស្រី​ម្នាក់​នេះ​គឺ​ពិត​ជា​ចម្លែក។ កាល​នៅ​ពី​ក្មេង នាង Chantelle បាន​ដឹង​ថា នាង​កើត​មាន​ស្បែក​ពពាល ស្ទើរ​តែ​ពេញ​រាងកាយ​ទាំងមូល។ ដោយសារ​តែ​មាន​រូបរាង​ល្អ​ឥតខ្ចោះ និង​មាន​មុខមាត់​យ៉ាង​ស្រស់ស្អាត នាង​បាន​សម្រេច​ចិត្ត​បង្វែរ​គុណវិបត្តិ ឲ្យ​ក្លាយ​ជា​គុណសម្បត្តិ​វិញ ដោយ​បច្ចុប្បន្ន​នេះ​នាង​គឺ​ជា​តារា​ម៉ូដែល​ដ៏​ល្បី​ឈ្មោះ​ម្នាក់។  

១០) នាង Ksenia Bezuglova

 

 

ស្រ្តី​ជា​ម្តាយ​កូន២ ជនជាតិ​អ៊ីតាលី​រូប​នេះ គឺ​ជា​ម្ចាស់​ជ័យ​លាភី​ក្នុង​ការ​ប្រកួត​សម្រស់ ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​រទេះរុញ។ នាង​គឺ​ជា​សកម្មជន​សង្គម ដែល​ចង់​ធ្វើ​ឲ្យ​បរិយាកាស​សម្រាប់​មនុស្ស​ដែល​ប្រើប្រាស់​រទេះរុញ កាន់តែ​មាន​ផាសុកភាព។ នាង​គឺជា​មនុស្ស​ម្នាក់​ដែល​សប្បាយ​រីករាយ​នឹង​ជីវិត​របស់​នាង ហើយ​មាន​គម្រោង​ជា​ច្រើន។ គំនិត និង សុទិដ្ឋិនិយម​គ្មាន​ដែន​កំណត់​របស់​នាង គឺ​ជា​ឧទាហរណ៍​ដ៏​ភ្លឺ​ស្វាង​មួយ​ដែល​បញ្ជាក់​ថា អ្នក​អាច​យក​ឈ្នះ​លើ​អ្វី​គ្រប់​យ៉ាង​ទាំងអស់ ៕  

ចុចអាន៖ទម្លាប់​​​​​១០​យ៉ាង​ បុគ្គល​ជោគជ័យ​​​​​​បោះ​បង់​ចោល​​​​​ ​​ដើម្បី​​​​អភិវឌ្ឍ​ខ្លួន

ចុចអាន៖វិធី​ជួយ​ឲ្យ​ខ្លួន​ឯង​អាច​ក្រោក​ឈរ​ឡើង​វិញ ក្រោយ​ជួប​បរាជ័យ  

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ brightside

អត្ថបទពេញនិយម
អត្ថបទថ្មី