ប្រកាស​ពី​អង្គភាព​គ្រប់​គ្រង​សិទ្ធិ​រួម ដើម្បី​គាំទ្រ​ស្នាដៃ​អ្នក​និពន្ធ ម្ចាស់​កម្មសិទ្ធិ និង​សិទ្ធិ​ប្រហាក់​ប្រហែល

  • 2016-08-17 23:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គភាព​គ្រប់​គ្រង​សិទ្ធិរួម បាន​ចាប់​ផ្ដើម​បង្កើត​​ឡើង​តាំង​ពី​ឆ្នាំ ២០០៨ ប៉ុន្តែ​តែ​ខែ​កក្កដា​មុន​នេះ​ប៉ុណ្ណោះ ក្រសួង​បាន​ចេញ​ប្រកាស អោយ​បង្កើត​រចនាសម្ព័ន្ធ​ផ្លូវការ ហើយ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​​ឈាន​ទៅ​រក​ការ​បង្កើត​ជា​រូប​រាង​អង្គភាព​ដែល​គាំពារ​លើ​ម្ចាស់​សិទ្ធិ ឬ​ម្ចាស់​ស្នាដៃ​ខាង​លើ។

ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ តំណាង​ជំទាវ​រដ្ឋ​មន្ត្រី បាន​មាន​ប្រសាន៍​ថា ដល់​ពេល​ហើយ ដែល​យើង​ត្រូវ​បង្កើត​ឲ្យ​មាន​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម ដើម្បី​ការពារ និង​រក​ប្រយោជន៍​ពី​ស្នាដៃ​របស់​ខ្លួន​ ក៏​ដូចជា​លើក​កម្ពស់​ស្នាដៃ​បង្កើត​ថ្មី​ៗ​ក្នុង​វិស័យ​សិល្បៈ​របស់កម្ពុជា។ ដូច្នេះ​ហើយ ឯកឧត្តម ស្នើ​​អ្នក​និពន្ធ ឬ​ម្ចាស់​ស្នាដៃ​ទាំង​អស់​ស្វែង​យល់ និង​ចូល​រួម​ជាមួយ​អង្គភាព​មួយ​នេះ។

 

អង្គភាព​គ្រប់​គ្រង​សិទ្ធិ​រួម ជា​អង្គភាព​តំណាង​ឲ្យ​អ្នក​និពន្ធ ម្ចាស់​សិទ្ធិ ឬ​ម្ចាស់​សិទ្ធិ​ប្រហាក់​ប្រហែល ដែល​នឹង​ធ្វើ​​ការ​លើ​ការ​​ជួយ​ គាំពារស្នាដៃ​អ្នក​និពន្ធ ម្ចាស់​កម្មសិទ្ធិ និង​សិទ្ធិ​ប្រហាក់​ប្រហែល ក្នុង​នោះ​មាន​ការពារ រក​ទីផ្សារ និង​រក​លាភ​ការ​ជូន​ផង តាម​រយៈ​ផ្ដល់​អាជ្ញាបណ្ណ​ឲ្យ​ប្រើ​ប្រាស់​ស្នាដៃ​តាម​ប្រភេទ​​ខុស​ៗ​គ្នា​។

 

តាម លោក ឆាយ យោធិន អនុប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល លើក​ឡើង​ថា នៅ​​តំបន់​​អាស៊ាន​មាន​តែ​កម្ពុជា និងភូមា ប៉ុណ្ណោះ​ដែល​មិន​ទាន់​មាន​អង្គភាពគ្រប់គ្រង​សិទ្ធិ​រួម ខណៈ ថៃ ឡាវ និង​វៀតណាម​ជា​ដើម គេ​មាន​ហើយ ហើយ​គេ​អាច​រក​លាភការ​ពី​ស្នាដៃ​មរតក​ដើម ជា​ច្រើន​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។

 

និយាយ​ពី​ "សិទ្ធិ" នេះ តាម​លោក យោធិន គឺ​ត្រូវ​បាន​បែក​ចែក​ជា​ពីរទី​១សិទ្ធិ​បេតិកភណ្ឌ និង​សិទ្ធិ​សីលធម៌។លោក​បន្ត​ថា សិទ្ធិ​បេតិកភណ្ឌ ឬ​សិទ្ធិ​សេដ្ឋកិច្ច គឺ​រាល់​អ្នក​ប្រើ​ប្រាស់​ស្នាដៃ យក​ស្នាដៃ​ណា​មួយ​ដែល​មាន​ការ​ទទួល​ស្គាល់​ដោយ​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម ត្រូវ​បែក​ចែក​លាភការ​ទៅ​អ្នក​និពន្ធ ម្ចាស់​សិទ្ធិ​ជា​ដើម តាម​លក្ខខណ្ឌ​តម្រូវ​ការ​នៃ​ការ​ចរចា​ទិញ​សិទ្ធិ​ស្នាដៃ​នីមួយ​ៗ​ទៅ​ប្រើ។

 

"សិទ្ធិ​នេះ នឹង​ត្រូវ​​ផ្ដល់​ជូន​ទៅ​អ្នក​និពន្ធ ម្ចាស់​សិទ្ធិ ឬ​សិទ្ធិ​ប្រហាក់​ប្រហែលដល់​អាយុកាល​៥០ឆ្នាំ​បន្ទាប់​ពី​អ្នក​ទាំង​នោះ ធ្វើ​មរណកាល"។ ដោយ​ឡែក​សិទ្ធិ​សីលធម៌​វិញ គឺ​ជា​សិទ្ធិ​ដែល​ទាម​ទារ​ការ​ទទួល​ស្គាល់​របស់​ម្ចាស់​សិទ្ធិ ឬ​អ្នក​​និពន្ធ មាន​ន័យ​ថា អ្នក​ប្រើ​ប្រាស់​ស្នាដៃ​នឹង​ត្រូវ​តម្រូវ​ឲ្យ​​ដាក់​ឈ្មោះ​អ្នក​និពន្ធ ឬ​ម្ចាស់​សិទ្ធិ​ជា​ដើម ហើយ​ថា សិទ្ធិ​ប្រភេទ​នេះ មិន​មាន​អាយុកាល​ទេ។

ដូច​គ្នា​នេះ​ដែរ លោក ចំរើន ចំរ៉ុង ប្រធាន​ការិយាល័យ​ទទួល​បន្ទុក​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម បាន​មាន​ប្រសាសន៍​ថា អង្គភាព​មួយ​នេះ នឹង​ធ្វើ​ការ​ជា​អ្នក​ការពារ​ស្នាដៃ ជួយ​រក​ទីផ្សារអោយ​ស្នាដៃ និង​រក​លាភការ​ឲ្យ​ម្ចាស់​ស្នាដៃ​ផង។ ប៉ុន្តែ​យ៉ាង​ណា លុះត្រា​ណា អ្នក​និពន្ធ​ ម្ចាស់​សិទ្ធិ ឬ​សិទ្ធិ​ប្រហាក់​ប្រហែល យក​ស្នាដៃរបស់​ខ្លួន​មក​ចុះ​នៅ​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​ប៉ុណ្ណោះ។

 

ដូច្នេះ​ហើយ លោក​ស្នើ​ឲ្យ​អ្នកនិពន្ធ​តាំង​ឡាយ ជជែក​គ្នា ថា​តើ​ត្រូវ​ការ​ការពារ​ស្នាដៃ​របស់​ខ្លួន​បែប​នោះ ក៏​ដូច​ជា​ត្រូវ​ការ​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​​នេះ​ឬ​អត់។​ យ៉ាង​ណា​លោក​ថា ដល់​ពេល​ហើយ ដែល​យើង​ត្រូវ​មាន​អង្គភាព​មួយ​នេះ។ បែប​នេះ លោក​ថា ប្រសិន​បើ​អ្នក​និពន្ធ​មូលមតិ​គ្នា អាច​រក​ក្រសួង ដើម្បី​ជួយ​សម្របសម្រួល​បង្កើត​អង្គភាព​មួយ​នេះ ឲ្យ​ចេញ​រូបរាង​ឡើង។

 

យ៉ាង​ណា​ក៏​ដោយ នៅ​មាន​ភាព​ស្រពិច​ស្រពិល​ខ្លះអំពី​ការ ប្រព័ន្ធ​ប្រមូល​លាភការ​ជូន​ទៅ​ម្ចាស់​សិទ្ធិ ឬ​អ្នក​និពន្ធ​ជា​ដើម​ ដែល​លោក​ឡើង​ដោយ​អ្នក​និពន្ធ ប៉ុល ពិសី រួម​ជាមួយ​វាគ្មិន​មួយ​ចំនួន​ទៀត។ បញ្ហា​នេះ ឯកឧត្តម សោម​សុគន្ធ បាន​មាន​ប្រសាសន៍​ថា យើង​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​បច្ចេកវិទ្យា។ "កាល​ពី​មុន​យើង​អត់​ដឹង​ថា​ ធ្វើ​ម៉េច តែ​ឥឡូវ​បច្ចេកវិទ្យា​ធ្វើ​បាន ឧទាហរណ៍​ថា បទ​របស់​លោក ស៊ិន ស៊ីសាមុត ត្រូវ​បាន​យក​ទៅ​ច្រៀង​ម្ដង​នៅ​កន្លែង​ខារ៉ាអូខេ​មួយ អីចឹង​ម្ចាស់​បទ​នឹង​ទទួល​បាន​១សេន ជា​ឧទាហរណ៍...អីចឹង​បច្ចេកវិទ្យា​ធ្វើ​បាន ខ្ញុំ​សួរ​គេ​រួច​ហើយ"។

 

មាន​ម្ចាស់​ស្នាដៃ អ្នក​និពន្ធ ប្រមាណ​ជាង​១០០​នាក់​បាន​ចូល​រួម​សិក្ខាសាលា​ព្រឹក​មិញ។ ចំនួន​នេះ គឺ​បាត់​ស្ទើរ​ពាក់​កណ្ដាល​ធៀប​នឹង​លិខិត​ដែល​អញ្ជើញមាន​ដល់​ជាង ២០០​នាក់។ មន្ត្រី​ក្រសួង​វប្បធម៌​មួយ​រូប បាន​បង្ហើប​ថា នេះ​ជា​បញ្ហា​។ មន្ត្រី​ថ្លែង​ថា "ពេល​មាន​បញ្ហា​ឆ្លើយ​ដាក់​ក្រសួង តែ​ពេល​មិន​កម្មវិធី​បណ្ដុះបណ្ដាល ឬ​ក៏​សិក្ខាសាលា​អីចឹង​ជា​ដើម ហៅ​ម៉ោ អត់​ដែល​ម៉ោ​ទេ ពិបាក​អីចឹង!"៕

អត្ថបទពេញនិយម