ជីវិតពិតពីយុវតីពិការម្នាក់ប្រលងបាក់ឌុបនៅខេត្តតាកែវ
- 2016-08-24 16:03:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតពិតពីយុវតីពិការម្នាក់ប្រលងបាក់ឌុបនៅខេត្តតាកែវ
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃនេះប្រិយមិត្តជាច្រើនក្នុងបណ្តាញសង្គម មានការភ្ញាក់ផ្អើលលាយឡំនឹងទឹកចិត្តអាណិតអាសូរដល់យុវតីមួយរូបប្រលងបាក់ឌុបនៅមណ្ឌលសុខអាន ១ឧសភា ស្រុកត្រាំកក់ខេត្តតាកែវ តែមានមនុស្សតិចតួចណាស់ដែលបានដឹងពីជីវិតពិតរបស់យុវតីអភ័ព្វម្នាក់នេះទេ។
អ្នកស្រី លី អ៊ា ម្តាយរបស់យុវតី អ៊ក ស្រីមុំ ជាសិស្សមកពីសាលាសន្តហ្វ្រង់ស្វរ័បានប្រាប់ Sabayថា៖ “កូនស្រីខ្ញុំម្នាក់នេះមានកាយសម្បទាពិការមែន ប៉ុន្តែនាងមានបញ្ញាឈ្លាសវៃក្នុងការសិក្សាចាប់តាំងពីរៀននៅបឋមសិក្សារហូតដល់វិទ្យាល័យនាងទទួលបានចំណាត់ថ្នាក់ល្អរហូតក្លាយជាសិស្សពូកែប្រចាំសាលារៀងរាល់ឆ្នាំ។"
សូមចុចអាន៖ សិស្សបាក់ឌុបឆ្នាំនេះថាគណិតវិទ្យាពិបាកខ្លាំង តែសង្ឃឹមជាប់ច្រើន
ម្ដាយ និង កូន (រូបថត៖ ទូរសព្ទដៃ)
ស្ត្រីមេម៉ាយរូបនេះបានរម្លឹកពីជីវិតអភ័ព្វកូនស្រីថា នាងជាកូនទី៣ហើយក្នុងចំណោមកូន៤នាក់មានតែនាងម្នាក់ទេដែលមានកាយសម្បទាដូចនេះតាំងពីកំណើតមក ហើយបដិសេធន៏មិនព្រមចូលរៀនរហូតដល់អាយុ៨ឆ្នាំ ដោយតែខ្លាចមិត្តភក្ដិសើចចំអកអោយខ្លួន។
ប៉ុន្តែស្រីមុំមានការផ្លាស់ប្ដូររការគិតទាំងស្រុងក្រោយពីទទួលបានការលើកទឹកចិត្តពីអ្នកគ្រូពិការម្នាក់នៅមណ្ឌលជនពិការខេត្តតាកែវ (International Handicap) ខណៈនាងមកសុំរទេះរុញពីមណ្ឌលនេះយកទៅប្រើ។ ពេលនោះហើយដែលស្រីមុំក្លាយពីក្មេងម្នាក់ដែលធ្លាប់តែខ្លាចសាលាមិនហ៊ានចូលជិតមិត្តភក្ត័ ប្រែទៅជាក្មេងម្នាក់ចង់ចេះចង់ដឹងរហូតរំអុកអោយម្តាយនាំទៅចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាអង្គរនាប។ សិក្សានៅទីនេះរហូតដល់ថ្នាក់ទី៧ទើបស្រីមុំប្រលងជាប់ទៅរៀននៅសាលាសន្តហ្វ្រង់ស្វ័រខាងលិចថ្នល់បែកគូស។ សាលានេះប្រលងជាប់ទើបមានសិទ្ធចូលរៀន។
“នៅឆ្នាំដំបូងម្តាយខ្ញុំជួលម៉ូតូឌុបជូនទៅមកអស់៩០ម៉ីនរៀល ដើម្បីងាយស្រួលក្រោយមកក៏ផ្លាស់ទៅនៅមណ្ឌលកុមារកំព្រារហៅថាមណ្ឌលសុខសាន្តដែលមានចម្ងាយជាង១គីឡូម៉ែត្រពីសាលា។ជីវិតនៅមណ្ឌលនេះខ្ញុំមានភាពកក់ក្តៅច្រើន ទទួលបាននូវបទពិសោធន៏គ្រប់បែបយ៉ាង ហើយអាចសម្របសម្រួលរាល់បញ្ហា” ។ ស្រីមុំនិយាយ។
ដោយសារតែមានគោលដៅជីវិតច្បាស់លាស់ និងសម្លឹងមើលពិភពលោកដោយក្តីសង្ឃឹម ស្រីមុំប្រឹងប្រែងរៀនសូត្រដោយមិនគិតពីការលំបាករហូតទទួលបានការគោរពស្រលាញ់ពីលោកគ្រូ អ្នកគ្រូរួមទាំងមិត្តភក្ត័ ដែលទទួលស្គាល់ថានាងជាសិស្សឆ្នើមប្រចាំសាលា។ ទោះបីយ៉ាងណាក្តីស្រម័យរបស់ស្រីមុំក្រោយពេលប្រលងចប់បាក់ឌុប គឺចង់រៀនផ្នែកធនាគារ ឬព័ត៌មានវិទ្យា។ “ខ្ញុំមានសុបិន ចង់ធ្វើការខាងធនាគារ ឬអង្គការក្រៅរដ្ឋាភិបាលណាមួយ” ។ ស្រីមុំបញ្ជាក់៕
អត្ថបទៈ ជិន វេន រូបថតៈទូរសព្ឌ័ដៃ