ប្រទះ​ឃើញ​ភព​អាច​ឲ្យ​មនុស្ស​រស់​នៅ​បាន​ មាន​ចម្ងាយ​ ៤ ឆ្នាំ​ពន្លឺ​ពី​ផែនដី​

  • 2016-08-25 17:07:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​​ទើប​​ប្រកាស​ពី​ការប្រទះ​ឃើញ​ភព​​មួយ​​​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ ដែល​អាច​ទ្រទ្រង់​ជីវិត​​​បាន​ ដោយ​វា​​មាន​ចម្ងាយ​ត្រឹម​ ៤ ឆ្នាំ​ពន្លឺ​ពី​ភព​ផែនដី​តែប៉ុណ្ណោះ។

 

 

ភព​ថ្មី​នេះ​មាន​ទំហំ​ធំ​ជាង​ផែនដី​បន្តិច​ដែល​វា​ធ្វើ​ដំណើរ​គោចរ​ជុំវិញ​ផ្កាយ​ Proxima Centauri ដែល​ជា​ផ្កាយ​មួយ​ស្ថិត​នៅ​ក្បែរ​ផែនដី​ជាង​គេ។ ភព​នេះ​ត្រូវ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​រក​ឃើញ​ និង​ សិក្សា​ពី​វា​ តាម​រយៈ​ការ​ប្រើ​ប្រាស់​កែវយឹត​ European Southern Observatory ហើយ​គេ​បាន​ដាក់​ឈ្មោះ​ភព​នេះ​ថា​ Proxima b។ ត្បិត​ថា​ ៤ ឆ្នាំ​ពន្លឺ​ មាន​ចម្ងាយ​ឆ្ងាយ​ដល់​ទៅ​ ៤០ លាន​លាន​គីឡូម៉ែត្រ ប៉ុន្តែ​យានអវកាស​ល្បឿន​លឿន​ដែល​អាច​បង្កើត​បាន​​នៅ​ថ្ងៃ​អនាគត នឹង​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ភព​នេះ​បាន។

 

​ផ្កាយ​ Proxima Centauri ថត​បាន​ដោយ​កែវយឹត​ Hubble របស់​ NASA

 

និយាយ​ពី​ចំណុច​សំខាន់ៗ​របស់​ Proxima b មាន​ចម្ងាយ​ ៧,៥ លាន​គីឡូម៉ែត្រ​ពី​ផ្កាយ​របស់​វា ហើយ​ចំណាយ​ពេល​ត្រឹម​ ១១,២ ថ្ងៃ​ ដើម្បី​រង្វិល​ជុំ​ម្ដង។ ទំហំ​របស់​ភព​នេះ​អាច​ធំ​ជាង​ភព​ផែនដី​ប្រហែល​ ១,៣ ដង។ ​​សីតុណ្ហភាព​លើ​ផ្ទៃ​ខាង​ក្រៅ​នៃ​​ភព​អាច​​មាន​ចន្លោះ​ពី​ -៩០​ អង្សា​សេ​ ទៅ​ ៣០ អង្សា​សេ មាន​ន័យ​ថា​ភព​នេះ​អាច​មាន​ជា​ប្រភព​ទឹក​ ដែល​ជា​ធនធាន​សំខាន់​មួយ​សម្រាប់​ទ្រទ្រង់​ជីវិត។

 

 

សាស្ត្រាចារ្យ​ Guillem Anglada-Escude មក​ពី​​សកលវិទ្យាល័យ​ Queen Mary University ទី​ក្រុង​ឡុងដុង​ ជា​អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ​នេះ​ ដោយ​មាន​​តារាវិទូ​ ៣០ រូប​ចូល​រួម​ បាន​ឲ្យ​ដឹង​ថា តម្រុយ​ពី​ភព​នេះ​បាន​ប្រទះ​ឃើញ​កាល​ពី​ខែ​​មីនា​ ឆ្នាំ​ ២០០០ ហើយ​គេ​ត្រូវ​ចំណាយ​ពេល​ ១៥ ឆ្នាំ​បន្ថែម​ទៀត​ ដើម្បី​ស្វែង​រក​ភស្តតាង​បញ្ជាក់​ពី​វត្តមាន​នៃ​ភព​ មុន​ការ​ប្រកាស​របក​គំហើញ​នេះ​ដល់​ពិភពលោក​បាន​ដឹង៕​​​​​​​​​​​​

 

ចុច​អាន៖ ណាសា​បារម្ភ​ពី​អាចម៍​ផ្កាយ​ទំហំ​​យក្ស​ អាច​បុក​ផែន​ដី​នៅ​សតវត្ស​ទី​ ២២

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ DailyMail​