៣​ចំណុច​ចាប់ផ្ដើម​របស់​ មឿន សុខ​ហ៊ុច ​នេះ​អាច​ល្បី​ដូច Buakaw អត់​?

  • 2016-09-01 17:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ​របស់​​ថៃ Buakaw ​ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​ត្រូវ​បាន​គេ​ស្គាល់​សឹង​ពេញ​ពិភព​លោក​​ក្នុង​នាម​ជា​កីឡាករ​ប្រដាល់​ថៃ ខណៈ​អ្នក​ប្រដាល់​កម្ពុជា មឿន សុខ​ហ៊ុច របស់​កម្ពុជា​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​បណ្ដើរៗ​​ បន្ទាប់​ពី​កីឡាករ​​កម្ពុជា​រូប​នេះ ឈ្នះ​ខ្សែក្រវាត់​ប្រាក់​ពី​ព្រឹត្តិការណ៍ Max Muay Thai ។ ​ចុះ​ប្រសិន​បើ​ មឿន សុខ​ហ៊ុច មាន​៣​ចំណុច​នេះ​ តើ​គេ​អាច​ល្បី​ខ្លាំង​ដូច​អ្នក​ប្រដាល់​ថៃ Buakaw ​បាន​អត់​?

 

 

​​ភាព​ល្បី​រន្ទឺ​របស់​ Buakaw បាន​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ជា​ច្រើន​​​ទូទាំងពិភពលោក​​​ចង់​យក​ត្រាប់​តាម និង​ចង់​ល្បី​ខ្លាំង​ដូច​​កីឡាករ​ថៃ​រូប​នេះ។ ​ថ្ងៃ​នេះ​ Sabay ​សូម​លើក​យក​​៣​​ចំណុច​របស់​របស់​អ្នក​ប្រដាល់​កម្ពុជា មឿន សុខ​ហ៊ុច ដែល​អាច​ធ្វើ​គេ​ល្បី​ខ្លាំង​ដូច​អ្នក​ប្រដាល់​ថៃ​ខាង​លើ។

 

១- គោល​ដៅ​ជីវិត​៖ អ្នក​ប្រដាល់​ មឿន សុច​ហ៊ុច ​ធ្លាប់​បាន​ឲ្យ​ដឹង​ថា រូប​គេ​ចង់​ល្បី​ខ្លាំង​ដូច​អ្នក​ប្រដាល់​​ជើង​ខ្លាំង​របស់​ថៃ Buakaw ។ របៀប​វ៉ៃ​របស់​អ្នក​ប្រដាល់​​ថៃ​រូប​នេះ ត្រូវ​បាន​​​​អ្នក​ប្រដាល់​កម្ពុជាកម្ពុជា​​រូប​នេះ​​​ហាត់​រៀន​តាម ​​ដូច​ជា​​​ការ​ប្រកួត​វាយ​សម្រុក​​មិន​ថយ​ក្រោយ​ជា​ដើម។

 

 

មួយ​រយៈ​ពេល​ចុង​ក្រោយ​ បន្ទាប់​ពី​ទទួល​ដំណឹង​ថា អាច​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ដ៏​ធំ​របស់​ថៃ ​សុខ​ហ៊ុច ​បាន​ប្រឹង​ប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ ទើប​​​អាច​ធ្វើ​ឲ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​​ជា​ច្រើន​​ស្គាល់ និង​​អាច​បង្កើត​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​មួយ​នេះ​ជូន​កម្ពុជា​។ ទោះជាយ៉ាងណា​ សុខ​ហ៊ុច បាន​​បញ្ជាក់​ថា នឹង​​​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង​ជាង​ការ​ត្រៀម​ខ្លួន​ប្រកួត​ Max Muay Thai ​លើក​មុន​ ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ចូល​វាយ​ដណ្ដើម​ខ្សែក្រវាត់​មាស។

 

​២-​លទ្ធភាព​គ្រប់​គ្រាន់​​​ក្នុង​ការ​ហ្វឹកហាត់៖​ កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​ប្រដាល់​កម្ពុជា​​ មឿន សុខ​ហ៊ុច បាន​​ក្លាយ​ជា​ប្អូនធម៌​របស់​​លោក​ឧកញ៉ា​ ស្រី ចាន់​ថន ​ហើយ​លោក​​ឧកញ៉ា​បាន​អះអាង​ថា នឹង​ជួយ​ផ្គត់ផ្គង់​ឧបត្ថម្ភ​​ថែម​ទៀត​រាល់​ពេល​ដែល​កីឡាករ​រូប​នេះ​ជួប​បញ្ហា​តម្រូវ​ការនានា ។ ការ​ទទួល​កីឡាករ​​ សុខ​ហ៊ុច ធ្វើ​ជា​ប្អូន​ធម៏​របស់​ឧកញ៉ា​រូប​នេះ​ អាច​ជា​ចំណែក​មួយ​ជួយ​ឲ្យ​​រូប​គេ​មាន​​លទ្ធភាព​ហ្វឹកហាត់​គ្រប់​គ្រាន់​​ ដើម្បី​ពង្រឹង​ខ្លួន​​ឲ្យ​បាន​កាន់​តែ​​ខ្លាំង។

 

 

៣​-​​​​​​​ឱកាស​ល្អ​ដើម្បី​​​ធ្វើ​ខ្លួន​ឲ្យ​​​មាន​ភាព​ល្បី​ខ្លាំង​​នៅ​លើ​ពិភព​លោក​ដូច Buakaw ៖ មឿន សុខ​ហ៊ុច ​កំពុង​ត្រៀម​ខ្លួន​ ដើម្បី​ចូល​រួម​ប្រកួត​​ដណ្ដើម​ខ្សែក្រវាត់​មាស​របស់​កម្មវិធី Max Muay Thai ​​នា​​ខែ​ធ្នូ​ ចុង​ឆ្នាំ​នេះ។ ការ​ចូល​រួម​របស់​គេ​អាច​ និយាយ​​បាន​ថា ជា​ឱកាស​​ដ៏​កម្រ សម្រាប់​អ្នក​ប្រដាល់​កម្ពុជា ហើយ​ប្រសិន​បើ​គេ​អាច​ធ្វើ​បាន​ល្អ ដណ្ដើម​បាន​​ខ្សែក្រវាត់​មាស​នោះ​ទៀត​នោះ ​ពិត​ណាស់​ពិភព​លោក នឹង​ទទួល​ស្គាល់​រូប​គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប ដែល​​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​ចំណុច​កំពូល​ដូច​ជា​​អ្នក​ប្រដាល់​ថៃ​ Buakaw​ ​។

 

 

​​​​​​មឿន សុខ​ហ៊ុច ជា​​​​សិស្ស​គុន​ខ្មែរ​របស់​ក្លឹប​ពុធ​សេរី​វង្ស​ព្រែក​តា​ទែន ​ដែល​បាន​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍ Max Muay Thai ​កាល​ពី​ថ្ងៃ​​២៨ ខែ​សីហា ឆ្នាំ​២០១៦ ដោយ​ប្រកួត​មារ៉ាតុន​​ឈ្នះ​កីឡាករ​ទួរគី​​នា​វគ្គ​ជម្រុះ​​ និង​ឈ្នះ​កីឡាករ​​ស៊ុយអែត​ Ammon Decker ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដើម្បី​បាន​ខ្សែក្រវាត់​ប្រាក់៕

 

ចុះ​តើ​ប្រិយមិត្ត​យល់​ថា ចំណុច​ចាប់​ផ្ដើម​របស់​ មឿន សុខ​ហ៊ុច នេះ​​អាច​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ល្បី​ខ្លាំង​បាន​អត់​?

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​ រូប​ថត៖ Max Muay Thai

អត្ថបទពេញនិយម