ស្នេហ៍ស្មោះរំជួលចិត្ត! លាឈប់ពីការងារ មើលថែមិត្តស្រីកើតជំងឺមហារីក
- 2014-11-02 16:49:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នេហ៍ស្មោះរំជួលចិត្ត! លាឈប់ពីការងារ មើលថែមិត្តស្រីកើតជំងឺមហារីក
ចន្លោះមិនឃើញ
បុរសវ័យ ២៤ឆ្នាំម្នាក់ បានលាឈប់ពីការងារនៅស្រុកកំណើតឯខេត្តសានតុង ដើម្បីធ្វើដំណើរទៅមើលថែមិត្តស្រីវ័យ ២៥ឆ្នាំ ដែលកើតជំងឺមហារីកនៅខេត្តហឺណាន កំពុងអង្រួនបេះដូងមនុស្សជាច្រើននៅក្នុងប្រទេសចិន។
លោក Yu Haining បានទាក់ទងគ្នាជាមួយមិត្តស្រី Fan Huixiang អស់រយៈពេល ៥ឆ្នាំមកហើយ។ បន្ទាប់ពីដឹងថាមិត្តស្រី កើតរោគមហារីកដំណាក់កាលចុងក្រោយក្នុងខែមិថុនាកន្លងទៅ លោកបានលាឈប់ពីការងារភ្លាមៗដើម្បីធ្វើដំណើរឆ្លងខេត្តទៅមើលថែនាង។
បុរសស្មោះស្នេហ៍នេះ បានសម្រេចចិត្តថានឹងរៀបការជាមួយមិត្តស្រីក្នុងពេលឆាប់ៗខាងមុខ។ លោកបានបញ្ជាក់ថា ទោះបីអនាគតមានរឿងអ្វីក៏ដោយ លោកនឹងនៅក្បែរនាងរហូត។
លោក Yu បានសុំមិត្តស្រីរៀបការដោយប្រើពាក្យពិតថា "ព្រោះស្រលាញ់អូន.... បងនឹងកាន់ដៃអូនឲ្យជាប់! ព្រោះស្នេហ៍ស្មោះមួយនេះ... បងជឿថាអព្ភូតហេតុនឹងកើតឡើង.....ព្រមរៀបការជាមួយបងទៅ"។
ចំណែក Fan វិញបានប្រាប់អ្នកយកព័ត៌មានថា "មនុស្សស្រីគ្រប់រូបប្រាថ្នាចូលរោងការ.... ប៉ុន្តែខ្ញុំមិនដឹងថាអាចរស់បានប៉ុន្មានថ្ងៃទៀតទេ... បើព្រមរៀបការនឹងគាត់ ហើយចាកចោលគាត់ក្នុងពេលដ៏ខ្លី... តើឲ្យគាត់ធ្វើយ៉ាងណា?"។ នាងក៏បានបញ្ចេញទស្សនៈផ្ទុយពីមិត្តប្រុស ដោយមិនចង់រៀបការឡើយ ព្រោះខ្លាចធ្វើឲ្យគេឈឺចាប់ខ្លាំងពេលបាត់បង់នាង។
អ្នកប្រើប្រាស់អ៊ីនធឺណិតរាប់ពាន់នាក់នៅក្នុងប្រទេសចិន មានការកោតស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះទឹកចិត្តរបស់ Yu Haining។ ពួកគេបានប្រើពាក្យជូនពរចំពោះស្នេហ៍ស្មោះមួយនេះ ខណៈមួយចំនួនទៀតរំភើបចិត្តអរគុណគូសង្សារទាំងពីរនាក់ ដែលធ្វើឲ្យគេជឿជាក់ថាលើលោកនេះពិតជាមានស្នេហ៍ស្មោះ៕
ចុះបើតាមប្រិយមិត្ត គិតថាពួកគេទាំងពីរនាក់គួររៀបការ ឬអត់?
ចុចអាន៖ ដឹងថាមិនអាចរស់ នៅតែប្ដូររៀបការ តែបាន៨ថ្ងៃស្លាប់មែន
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ shanghaiist