ស្រ្ដីរាប់ពាន់នាក់ប្រថុយជីវិតវះកាត់ពង្រីកកំប៉េះគូទនៅថៃ
- 2014-11-03 19:06:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រ្ដីរាប់ពាន់នាក់ប្រថុយជីវិតវះកាត់ពង្រីកកំប៉េះគូទនៅថៃ
ចន្លោះមិនឃើញ
គេហទំព័រ Daily Mail បានចុះផ្សាយថាមានស្រ្ដីក្នុងប្រទេសអង់គ្លេសរាប់ពាន់នាក់ បានប្រថុយជីវិតទៅវះកាត់ពង្រីកកំប៉េះគូទនៅក្រៅប្រទេសអង់គ្លេស ដែលក្នុងនោះក៏មាននៅប្រទេសថៃផងដែរ។ ការធ្វើដំណើរវែងឆ្ងាយនេះ គឺដោយសារការវះកាត់នៅប្រទេសទាំងនោះ មានតម្លៃថោកជាងនៅអង់គ្លេស។
ស្រ្ដីអង់គ្លេស ឈ្មោះ Joy Williams បានស្លាប់ក្រោយការវះកាត់នៅថៃ
ប្រជាប្រិយភាពនៃការវះកាត់ពង្រីកនេះ ត្រូវបានគេអះអាងថាកំពុងកើនឡើងយ៉ាងគំហុក ដោយសារតែយុវតីកំពុងមានទំនោរចង់បានកំប៉េះគូទធំ ដូចទៅនឹងតារាល្បី Kim Kardashian។ គ្រូពេទ្យវះកាត់ម្នាក់បានអះអាងថា គ្រាន់តែមួយទសវត្សចុងក្រោយ មានអត្រាកំណើនដល់ទៅ១៥០ភាគរយនៃចំនួនស្រ្ដីអង់គ្លេសដែលវះកាត់របៀបនេះ។
អ្នកជំនាញម្នាក់ គឺវេជ្ជបណ្ឌិត Douglas Harrison បានទទូចឲ្យស្រ្ដីទាំងអស់គិតឡើងវិញ និងមានការប្រុងប្រយ័ត្នពេលធ្វើដំណើរទៅវះកាត់នៅក្រៅប្រទេស ព្រោះវាជាការប្រថុយជីវិតដោយសារការវះកាត់ខ្វះសុវត្ថិភាព។
ការលើកឡើងបែបនេះ គឺក្រោយពីស្រ្ដីអង់គ្លេស អាយុ២៣ឆ្នាំម្នាក់ឈ្មោះ Joy Williams បានស្លាប់ ក្រោយត្រលប់ពីវះកាត់ពង្រីកកំប៉េះគូទនៅប្រទេសថៃបាន១០ថ្ងៃ។ ការវះកាត់នោះ នាងត្រូវចំណាយប្រាក់២០០០ផោន ឬប្រហែល៣២០០ដុល្លារអាមេរិក ខណៈតម្លៃនៅអង់គ្លេស គឺ៧០០០ផោន ឬជាង១១០០០ដុល្លារអាមេរិក។
Kim Kardashian តារាដែលមានកំប៉េះគូទស្អាត
វេជ្ជបណ្ឌិតជំនាញខាងវះកាត់កែសម្ផស្សដដែលនេះ បាននិយាយថា៖ "ការវះកាត់ពង្រីកកំប៉េះគូទគឺសុវត្ថិភាពល្អណាស់ ប្រសិនបើធ្វើបានត្រឹមត្រូវ ប៉ុន្តែប្រសិនបើអ្នកទៅស្វែងរកកន្លែងវះកាត់ដែលមានតម្លៃថោក នោះអ្នកប្រៀបដូចជាយកជីវិតទៅលេងនឹងល្បែងមរណៈអីចឹង"។
កន្លងមក មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថាតារាល្បី វ័យ៣៤ឆ្នាំ Kim Kardashian ក៏ធ្លាប់វះកាត់បែបនេះដែរ ដោយចំណាយលុយអស់រាប់លានដុល្លារឯណោះ ប៉ុន្តែនាងធ្លាប់បានចេញមុខបដិសេធចំពោះពាក្យចចាមអារ៉ាមនោះហើយ៕
ចុចអាន៖ ជាអ្នកនយោបាយសោះ តែសម្រស់មិនចាញ់តួកុន
ដោយ៖ សុខ សុវត្ថិ
ប្រភព៖ dailymail