ក្រុមហ៊ុន​ចិន​នឹង​ដេញ​បុគ្គលិកពី​ការងារ​ បើ​ហ៊ាន​ទិញ iPhone 7

  • 2016-09-26 16:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ ១៨ កញ្ញា​ក្រុមហ៊ុន​ចិន​មួយ​មាន​ទីតាំង​នៅ​ខេត្ត​ Henan បាន​ប្រកាស​ពី​គោលការណ៍​​ថ្មី​របស់​ក្រុមហ៊ុន​ ដោយ​ហាម​មិន​ឲ្យ​បុគ្គលិក​ទិញ​ iPhone 7 និង iPhone 7 Plus ប្រើ​ឡើយ។

 

 

យោង​តាម​គោលការណ៍​ថ្មី​នេះ​ប្រសិន​បុគ្គលិក​ណា​ម្នាក់​ទិញ​ ឬ ប្រើ​ iPhone ជំនាន់​ថ្មី​របស់​ Apple នោះ​ពួក​គេ​​នឹង​ត្រូវ​បង្ខំ​ឲ្យ​លា​ឈប់​ពី​ការងារ។ ក្រុមហ៊ុន​សង្ឃឹម​ថា​ដោយ​អនុវត្ត​តាម​គោលការណ៍​ បុគ្គលិក​នឹង​​អើពើ​កាន់​តែ​ខ្លាំង​ចំពោះ​​​​​សុខភាព​ឪពុក​ម្ដាយ​របស់​ពួក​គេ, ការ​ចិញ្ចឹម​កូនៗ និង ក្ដី​សុខ​ក្នុង​ជីវិត។

 

​ការ​កំណត់​នេះ​ដែរ​​ក៏​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​បុគ្គលិក​ទាំង​ឡាយ​ទិញ​ផលិតផល​​​ក្នុង​ស្រុក​ប្រើ​ប្រាស់​ ដើម្បី​គាំទ្រ​ប្រទេស​ជាតិ​របស់​ខ្លួន។ គោលការណ៍​នេះ​ដែរ​​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចិន​ Weibo។ អ្នក​ប្រើ​ប្រាស់​ខ្លះ​​បាន​បង្ហាញ​ទឹកចិត្ត​គាំទ្រ​នឹង​ការ​ហាម​ឃាត់​នេះ​ ចំណែក​ឯ​អ្នក​ប្រើ​ប្រាស់​ខ្លះ​ទៀត​យល់​ថា​នេះ​ជា​ការ​ហាម​ឃាត់​ដ៏​ល្ងង់​ខ្លៅ​មួយ។

 

រំលឹក​ថា​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​​ក៏​មាន​ក្រុមហ៊ុន​ចិន​​ឈ្មោះ​ Bina Technology បាន​សម្រេច​ហាម​​បុគ្គលិក​​ខ្លួន មិន​ឲ្យ​ប្រើ​ប្រាស់​ iPhone ​​ដើម្បី​បង្ហាញ​​ការ​មិន​ពេញ​ចិត្ត​​បន្ទាប់​ពី​​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ក្រុង​ឡាអេ​ ដែល​កាត់​​ឲ្យ​ចិន​ចាញ់​លើ​រឿង​ក្ដី​សមុទ្រ​ចិន​ខាង​ត្បូង៕

 

ចុច​អាន៖ ក្រុមហ៊ុន​ចិន​ហាម​បុគ្គលិក​មិន​ឲ្យ​ប្រើ​ iPhone ក្រោយ​ចាញ់​ក្ដី​សមុទ្រ​ចិន​ខាង​ត្បូង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ shanghaiist​​​​​