សំណង់មហិមាទាំង៣គ្មានគូប្រៀបរបស់ចិន កំពុងកក្រើកពិភពលោក
- 2016-09-27 16:57:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំណង់មហិមាទាំង៣គ្មានគូប្រៀបរបស់ចិន កំពុងកក្រើកពិភពលោក
ចន្លោះមិនឃើញ
មុខមាត់ថ្មីរបស់ប្រទេសចិនកំពុងល្បីរន្ទឺបច្ចុប្បន្ននេះ គឺវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្មានគូផ្ទឹមនៅលើពិភពលោកដូចជា ផ្លូវ ស្ពាន សំណង់អគារ និងវិស័យអវកាសផ្សេងទៀត។
នាប៉ុន្មានថ្ងៃនេះ សារព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយព្រោងព្រាតពីសមិទ្ធផលសំណង់ប្លែកៗមិនគួរឲ្យជឿនៅចិនដូចជា ស្ពានបាតកញ្ចក់ខ្ពស់និងវែងបំផុត, ផ្លូវហាយវេលើវាលខ្សាច់វែងបំផុត, ផ្លូវឆ្លងសមុទ្រវែងបំផុត ផ្លូវរថភ្លើងវែងៗច្រើនខ្សែ និងតេឡេស្កុបយក្សធំបំផុតជាដើម។ សំណង់មហាសាលទាំង៣ខាងក្រោម កំពុងទទួលបានចាប់អារម្មណ៍ និងកោតស្ញប់ស្ញែងពីមនុស្សជាច្រើនជុំវិញពិភពលោកថ្មីៗនេះ។
១. តេឡេស្កុបយក្ស FAST
FAST ជាតេឡេស្កុបធំបំផុតលើលោក មានបេសកកម្មតាមស្វែងរកជីវិតសត្វក្រៅភពផែនដី សិក្សាពីលំហ និងតារានៅសែនឆ្ងាយ ដែលមានរាងដូចបាតខ្ទះទំហំ៥០០ម៉ែត្រ ឬស្មើនឹងទីលានបាល់ទាត់៣០ដង ស្ថិតនៅចន្លោះកូនភ្នំនៃខេត្តគួយចូវ ភាគនិរតីប្រទេសចិន ហើយទើបដាក់ដំណើរការកាលពីថ្ងៃទី ២៥កញ្ញានេះប៉ុណ្ណោះ។ ទឹកប្រាក់ចំណាយលើការសាងសង់ប្រមាណ ១៨០លានដុល្លារអាមេរិក ដោយចាប់ផ្ដើមការដ្ឋានក្នុងឆ្នាំ ២០១១។
២. ស្ពានឆ្លងសមុទ្រវែងបំផុត Hong Kong-Zhuhai-Macao Bridge
ស្ពាននេះត្រូវបានគេទទួលស្គាល់ថា ជាស្ពានឆ្លងកាត់សមុទ្រវែងបំផុតលើផែនដី បើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២៧កញ្ញា ២០១៦នេះ។ គម្រោងស្ពានបូកបញ្ចូលគ្នាមានប្រវែងសរុប ៨៩គីឡូម៉ែត្រ ដោយជាសាច់ស្ពានលើសមុទ្រសុទ្ធ ៣៧គីឡូម៉ែត្រ ជាផ្លូវរូងក្រោមដី ១១គីឡូម៉ែត្រ ក្រៅពីនេះជាថ្នល់ជាតិ។ ស្ពាននេះបានកាត់បន្ថយពេលវេលាធ្វើដំណើរពីទីក្រុងជូហៃ ខេត្តក្វាងទុង ទៅទីក្រុងហុងកុងរយៈពេល ៣ម៉ោង មកត្រឹមតិចជាង ៣០នាទីប៉ុណ្ណោះ។ ទឹកចំណាយមានចំនួន ១៥,៧ពាន់លានដុល្លារអាមេរិក។
៣.ផ្លូវហាយវេលើវាលខ្សាច់វែងបំផុត
ផ្លូវហាយវេ វែងជាងគេបំផុតលើពិភពលោកនេះលាតសន្ធឹងពីស្រុក Linhe ទីក្រុង Bayan Nur ទៅទីក្រុង Baigeda តំបន់ស្វ័យយ័ត Inner Mongolia ទើបបើកសម្ពោធកាលពីថ្ងៃទី ២៥កញ្ញា ២០១៦នេះ និងកាត់បន្ថយពេលធ្វើដំណើររវាងទីក្រុងទាំងពីររយៈពេល ២ម៉ោង។ វាមានប្រវែង ៩០០គីឡូម៉ែត្រ តែទឹកប្រាក់ចំណាយមិនត្រូវបង្ហើបឲ្យដឹងនៅឡើយទេ៕
ចុចអាន៖ កម្មករសំណង់រើសបានលុយជាង ៣៥ម៉ឺនដុល្លារ សុខចិត្តប្រគល់ឲ្យម្ចាស់ដើមវិញ