មួន ចំណាន កូន​ខ្មែរ​ដំបូង​ទទួល​​​រង្វាន់ ​រូប​ថត​​​ក្រុម​ស្អាត​ជាង​គេ​បំផុត​ពី Google

  • 2016-10-10 16:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​មួន ចំណាន​និង​មិត្ត​រួម​​ក្រុម​​បាន​ថត​រូប​មួយ​សន្លឹក​ជា​ក្រុម ​ក្នុង​កម្មវិធី Google Local Guides រហូត​ទទួល​បាន​រង្វាន់​រូប​ថត​ជា​ក្រុម​ស្អាត​ជាង​គេ​បំផុត (Original GeoWalk Group Photo Award) ពី Google។

 

Original GeoWalk Group Photo Award

 

Sabay៖ ជម្រាប​សួរ​លោក ចំណាន តើ​អ្វី​ជា​កម្មវិធី Google Local Guides?

ចំណាន៖ បាទ! ជម្រាប​សួរ!  កម្មវិធី Google Local Guides ជា​កម្មវិធី​មួយ​ដែល Google ​អនុញ្ញាត​ឲ្យ​​អ្នក​ទាំង​អស់​គ្នា​ដែល​ចូល​ចិត្ត​ប្រើ Google Map ឬ​ជា​ផ្នែក​មួយ​របស់ Google Map អាច​ធ្វើការ​ដៅ​ទីតាំង​កន្លែង​ដែល​អ្នក​កំពុង​ស្ថិត​នៅ ផ្ដល់​ព័ត៌មាន​ខ្លីៗ​ពី​ទីតាំង​នោះ និង​ផ្ដល់​ពិន្ទុ​ដល់​ទីតាំង​នោះ​ដូច​ទៅ​នឹង​មុខងារ CheckIn ឬ Review នៅ​លើ Facebook ដែរ។

 

លោក មួន ចំណាន (រូបបង់កក្រម៉ាពាក់អាវពណ៍ទឹក​ក្រូច)

 

Sabay៖ តើ​ត្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ ដើម្បី​ក្លាយ​ជា Google Local Guides?

ចំណាន៖ លក្ខខណ្ឌ​ដើម្បី​ក្លាយ​ជា Google Local Guides គ្រាន់​តែ​ចូល​ចិត្ត​ថត​រូប Upload រូប​ភាព​ស្អាតៗ​ដាក់​លើ Google ចូល​ចិត្ត​ដៅ​ផែន​ទី ចូល​ចិត្ត​ប្រើ​ផែនទី​នៅ​លើ Google Map ឬ Google Street View។ ត្រូវ​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ទៅ មាន​គណនី Gmail មួយ​និង​ត្រូវ​ដៅ​ទីតាំង​ឬ​ទីក្រុង​ដែល​អ្នក​កំពុង​រស់​នៅ​មួយ​ច្បាស់​លាស់​ដូច​ជា ទីក្រុង​ភ្នំពេញ​ជា​ដើម។

 

 

 

Sabay៖ តើ​នរណា​ខ្លះ ​ដែល​គួរ​ធ្វើ​ជា Google Local Guides? ចំណាន៖ បាទ! តាម​ពិត​ទៅ Google Local Guides ជា​កន្លែង​បើក​ទូលាយ​មួយ​ដែល​មិន​ប្រកាន់​ថា​នរណា ឬ​នរណា​ទេ គ្រាន់​តែ​ពួក​គាត់​ចូល​ចិត្ត​ថត​រូបភាព​ដាក់​លើ Google ក៏​អាច​ក្លាយ​ជា Google Local guides បាន​ដែរ​មិន​ចាំបាច់​ទាល់​តែ​អ្នក​ជំនាញ​នោះ​ទេ គោល​បំណង​​គឺ​ចង់ឱ្យ​មាន​ការ​ចូលរួម និងធ្វើ​ឱ្យ​សហគមន៍ Local Guides​ មាន​ភាព​ប្រសើរ​ឡើង។

 

Sabay៖ តើ​ត្រូវ​បំពេញ​លក្ខខណ្ឌ​អ្វី​ខ្លះ​ដើម្បី​​ឱ្យ Google ជ្រើស​រើស​ចូលរួម​ក្នុង​កម្មវិធី? ចំណាន៖ ដើម្បី​ក្លាយ​ជា​បេក្ខជន Local Guides ដែល​ត្រូវ​បាន Google ជ្រើសរើស​គឺ​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា ត្រូវ​ធ្វើ​វីដេអូ​យ៉ាង​ខ្លី​ត្រឹម ១ នាទី​និយាយ​ពី​គោល​បំណង​ដែល​អ្នក​ចង់​ឱ្យ​សហគមន៍ Local Guides របស់​អ្នក​មាន​ការ​ប្រសើរ​ឡើង​ជាង​មុន មាន​ពិន្ទុ​ចាប់​ពី ៥០០ ឡើង(Level 5) ត្រូវ​ចូល​រួម​ប្រជុំ ឬ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​សហគមន៍ Local Guide ឱ្យ​បាន​ច្រើន ចូលចិត្ត​ដៅ​តំបន់​ដាក់​លើ Google  Map ចូលចិត្ត​Review តំបន់​ដែល​ធ្លាប់​បាន​ទៅ​និង​ជួយ​កែ​ប្រែ​កំហុស​ដែល​គេ​ធ្លាប់​បាន​ដៅ​ពី​មុន​ឱ្យ​ត្រឹមត្រូវ​វិញ។

 

 

Sabay៖ តើ Google ធ្វើ​កម្មវិធី​នេះ​នៅ​ឯណា​ដែរ និង​ប្រារព្ធ​ធ្វើ​ឡើង​បាន​ប៉ុន្មាន​ដង​ហើយ? ចំណាន៖ បាទ! តាម​ពិត​ទៅ គោល​បំណង​ដែល​អ្នក​ចង់ចូលរួម និងធ្វើ​ឱ្យ​សហគមន៍ Local Guides បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០១៥ និង​មាន​នៅ​គ្រប់​បណ្ដា​ប្រទេស​ទូទាំង​ពិភពលោក ប៉ុន្តែ​នេះ​ជា​លើក​ដំបូង​ដែលGoogle បាន​ធ្វើ​កម្មវិធី​នេះ​ឡើង​នៅ​ក្នុង​ការិយាល័យ​កណ្ដាល​ដែល​មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក​តែ​ម្ដង(Google Headquater) ។

 

 

Sabay៖ តើ​កម្មវិធី​នេះ​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ ហើយ​មាន​នរណា​ខ្លះ​បាន​ចូល​រួម? ចំណាន៖ Local Guides Summit 2016 នេះ​ធ្វើ​ឡើង​រយៈ​ពេល​ពី​ថ្ងៃ​ចាប់​ពី​ថ្ងៃ ១២ ដល់ ១៤ ខែ​កញ្ញ​ដែល​មាន​បេក្ខជន Local Guide សរុប៧៥ ប្រទេស​មក​ពី ៣៧ ប្រទេស​ទូទាំង​ពិភពលោកបាន​ចូល​រួម ដែល​ក្នុង​នោះ​មាន​អ្នក Summit ដើម្បី​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​រហូត​ដល់​ជាង ១០០០ អ្នក ចំណែក​ឯ​ខ្ញុំ​ក៏​ជា​បេក្ខជន​ដែល​ត្រូវ​បាន​គេ​ជ្រើស​រើស​ទៅ​ពី​ប្រទេស​កម្ពុជា​យើង​ដំបូង​ដែរ។

 

Sabay៖ តើ​កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​អ្វី​ដែរ? ចំណាន៖ កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​ជួប​ជុំ​អ្នក Local Guides ទូទាំង​ពិភពលោក​បាន​ចែក​រំលែក​ពី​បទពិសោធន៍​ធ្វើ Local Guides ពី​ប្រទេស​នីមួយៗ​និង​មាន​ការ​ណែនាំ​បន្ថែម​ពី​អ្នក​ជំនាញ​ផ្នែក Google Street View និង Google Map របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​បំផុត​របស់​ពិភពលោក​នេះ​ផង​ដែរ។

 

 

Sabay៖ តើ​លោក​មាន​អ្វី​ជា​សារ​ខ្លីៗ ដល់​​យុវវ័យ​​ដែល​ចំណាប់​អារម្មណ៍​ចង់​ក្លាយ​ជា Local Guides?

ចំណាន៖ បាទ! ខ្ញុំ​មិន​មាន​អ្វី​ច្រើន​នោះ​ទេ គ្រាន់​តែ​ចង់​ឱ្យ​យុវវ័យ​ដែល​និយម​ចូល​ចិត្ត​ទៅ​ដើរ​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន ឬ​តំបន់​ទេសចរណ៍​ស្អាតៗ​ក្នុង​ស្រុក​​យើង ឱ្យ​ពួក​គាត់​ថត​រូប​ទាំង​នោះ​ដាក់​បញ្ចូល​ក្នុង Google Map និង​ផ្ដល់​ពិន្ទុ​ឬ​វាយ​តម្លៃ​ទី​នោះ(Rate) ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ ទេសចរណ៍​បរទេស​ឱ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា​យើង​កាន់​តែ​ច្រើន ព្រោះ​ដែល​ភាគ​ច្រើន ពួកគេ​(បរទេស)ស្វែង​រក​ព័ត៌មាន​ពី​តំបន់​ទេសចរណ៍​ទាំង​នោះ​តាម​រយៈ Google Map។

 

​ចុច​អាន៖ ជី សុផាត៖ “ទំនេរៗ ជួយ Google បក​ប្រែ​ភាសាខ្មែរ​ លើ​អីនធើណិតឲ្យ​​បាន​ច្រើន”

 

អត្ថបទ៖ រក្សា

រូបភាព៖ មួន ចំណាន