អានចប់ព្រឺសម្បុរ! រឿង "ពាក្យសន្យា" ផ្ដល់មេរៀនសំខាន់មួយសម្រាប់គូស្នេហ៍
- 2016-10-14 21:44:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អានចប់ព្រឺសម្បុរ! រឿង "ពាក្យសន្យា" ផ្ដល់មេរៀនសំខាន់មួយសម្រាប់គូស្នេហ៍
ចន្លោះមិនឃើញ
ចាប់តាំងពីដំបូង គ្រួសារខាងខ្ញុំមិនព្រមឲ្យខ្ញុំស្រឡាញ់សង្សារខ្ញុំឡើយ។ ពួកគាត់តែងគំរាមខ្ញុំថា ប្រសិនបើខ្ញុំនៅតែចចេសចង់រស់នៅជាមួយគាត់ ខ្ញុំអាចនឹងរងទុក្ខមួយជីវិត។
ដោយសារសម្ពាធពីអ្នកផ្ទះ ធ្វើឲ្យខ្ញុំមួម៉ៅនិងតែងតែឈ្លោះជាមួយគាត់។ ខ្ញុំស្រឡាញ់គាត់ណាស់ និងធ្លាប់សួរគាត់ថា «បងស្រឡាញ់ខ្ញុំប៉ុណ្ណាទៅ?» ព្រោះតែជាមនុស្សមិនចេះនិយាយផ្អែម គាត់តែងតែធ្វើឲ្យខ្ញុំខឹងរហូត។ ដោយត្រូវអ្នកផ្ទះជេរស្ដីកាន់តែច្រើនទៀត អារម្មណ៍ខ្ញុំកាន់តែមិនល្អ។ គាត់ក៏បានក្លាយជាផ្ទាំងស៊ីបសម្រាប់ខ្ញុំជះកំហឹង។ ទោះយ៉ាងណា គាត់នៅតែស្ងៀមស្ងាត់និងព្រមឲ្យខ្ញុំជះកំហឹងដាក់គាត់។
ក្រោយមក គាត់បានបញ្ចប់ការសិក្សាបរិញ្ញាបត្រ។ គាត់មានគម្រោងបន្តការសិក្សានៅក្រៅប្រទេស ប៉ុន្តែមុនពេលគាត់ចាកចេញ គាត់បានសុំខ្ញុំ... រៀបការ
«បងមិនចេះនិយាយផ្អែមទេ ប៉ុន្តែបងដឹងច្បាស់ថាបងស្រឡាញ់អូន។ បើអូនព្រម បងសន្យានឹងមើលថែអូនមួយជីវិត។ រឿងគ្រួសារអូន បងនឹងព្យាយាមធ្វើគ្រប់យ៉ាងឲ្យគាត់ទទួលស្គាល់យើង»។
«បងសុំខ្ញុំរៀបការ មែនហ្នឹង?» ខ្ញុំសួរ។ គាត់ងក់ក្បាល ខ្ញុំយល់ព្រមជាមួយគាត់ទាំងរំភើបរកពាក្យអ្វីនិយាយមិនចេញ។
ដោយមើលឃើញការប្រឹងប្រែងរបស់គាត់ គ្រួសារខ្ញុំក៏ព្រមទទួលស្គាល់ស្នេហាពួកយើង។ ទីបំផុតពួកយើងបានភ្ជាប់ពាក្យជាមួយគ្នាមុនគាត់ទៅបរទេស។ ខ្ញុំនៅស្រុកកំណើតដដែល ហើយក៏ចាប់ផ្ដើមប្រឡូកក្នុងសង្គមការងារ ខណៈដែលគាត់នៅសិក្សាឯបរទេស។ ពួកយើងនៅតែទាក់ទងគ្នាតាមទូរសព្ទនិងសំបុត្រ។ ទោះជាត្រូវឆ្លងកាត់បញ្ហាពិបាកបែបណា តែពួកយើងមិនដែលបោះបង់ឡើយ។
ថ្ងៃមួយ ខ្ញុំចេញពីផ្ទះទៅធ្វើការតាមធម្មតា។ តាមផ្លូវទៅចំណតឡានក្រុង ស្រាប់តែមានឡានមួយជិះរេចង្កូតមកបុកខ្ញុំ។ ពេលខ្ញុំដឹងខ្លួនឡើងវិញ ខ្ញុំឃើញម៉ាក់ប៉ា ហើយក៏ដឹងថាខ្ញុំរងរបួសធ្ងន់ តែសំណាងល្អ ខ្ញុំមិនស្លាប់។
ឃើញម៉ាក់ប៉ាខ្ញុំយំឡើងហើមភ្នែក ខ្ញុំចង់លួងលោមគាត់ តែរំពេចនោះខ្ញុំដឹងថា ខ្ញុំនិយាយមិនចេញសូម្បីមួយម៉ាត់។ ខ្ញុំខំប្រឹងហាមាត់និយាយខ្លាំងយ៉ាងណា ក៏មិនអាចចេញសំឡេងសូម្បីបន្តិច។ ខ្ញុំនិយាយលែងបានទៀតហើយ។ គ្រូពេទ្យបានប្រាប់ថា របួសខ្ញុំបានធ្វើឲ្យប៉ះទង្គិចដល់ខួរក្បាល ដែលធ្វើឲ្យខ្ញុំនិយាយលែងបានអស់មួយជីវិត។ អាចលឺសម្ដីគ្រប់ម៉ាត់ដែលម៉ាក់និងប៉ានិយាយលួងលោម តែឆ្លើយតបមិនបាន ខ្ញុំក៏សន្លប់។ ជាច្រើនថ្ងៃកន្លងមក ខ្ញុំមិនអាចធ្វើអ្វីបានក្រៅតែពីយំហើយយំទៀត។
ក្រោយមក ខ្ញុំបានចេញពីមន្ទីរពេទ្យ។ ត្រលប់ទៅផ្ទះវិញ គ្រប់យ៉ាងនៅដូចដើមទាំងអស់ លើកលែងតែសំឡេងទូរសព្ទ។ សំឡេងទូរសព្ទរោទ៍បានក្លាយជាសំឡេងដ៏គួរឲ្យខ្លាចសម្រាប់ខ្ញុំ កាន់តែឮខ្ញុំកាន់តែឈឺចាប់ តែមិនអាចប្រាប់គាត់ពីរឿងនេះឡើយ។ ខ្ញុំមិនចង់ឲ្យគាត់មានសម្ពាធដោយសាររឿងនេះទេ ហើយក៏សរសេរសំបុត្រប្រាប់គាត់ថា «ខ្ញុំមិនអាចរង់ចាំបានតទៀតទេ ស្នេហាយើងបញ្ចប់ត្រឹមហ្នឹងចុះ» ព្រមទាំងផ្ញើចិញ្ចៀនភ្ជាប់ពាក្យឲ្យគាត់វិញ។ ឲ្យតែមានសំបុត្រនិងទូរសព្ទពីគាត់ពេលណា អ្វីដែលខ្ញុំធ្វើបានគឺសម្រក់ទឹកភ្នែក។
ដោយសារតែឃើញការឈឺចាប់របស់ខ្ញុំ ប៉ាខ្ញុំបានសម្រេចចិត្តរើផ្ទះ ដោយសង្ឃឹមថាខ្ញុំអាចបំភ្លេចអ្វីគ្រប់យ៉ាង និងស្រស់ថ្លាជាងមុន ពេលស្ថិតក្នុងបរិយាកាសថ្មី។ ខ្ញុំបានព្យាយាមរៀនភាសាកាយវិការបន្តិចម្ដងៗ និងចាប់ផ្ដើមជីវិតសាជាថ្មី ហើយក៏ប្រាប់ខ្លួនឯងឲ្យបំភ្លេចគាត់ដែរ។
ថ្ងៃមួយ មិត្តភ័ក្ដិជិតដិតរបស់ខ្ញុំបានប្រាប់ខ្ញុំថា គាត់ត្រលប់មកវិញហើយ។ គាត់ខំតាមរកខ្ញុំគ្រប់កន្លែង តែខ្ញុំបានប្រាប់មិត្តខ្ញុំមិនឲ្យនិយាយរឿងខ្ញុំប្រាប់គាត់ឡើយ និងឲ្យគាត់បំភ្លេចខ្ញុំចោលចុះ។ ថ្ងៃមួយ មិត្តខ្ញុំប្រាប់ខ្ញុំថា គាត់ជិតរៀបការហើយ និងបានយកធៀបការឲ្យខ្ញុំដែរ។ ខ្ញុំបើកធៀបមើលទាំងក្ដុកក្ដួល ហើយក៏ភ្ញាក់ផ្អើលព្រោះឃើញឈ្មោះកូនក្រមុំដូចឈ្មោះខ្ញុំបេះបិទ។
ខ្ញុំរៀបនឹងសួរមិត្តភ័ក្ដិ ស្រាប់តែគាត់លេចមុខមកនៅចំពោះមុខខ្ញុំ។ គាត់បានធ្វើភាសាកាយវិការទាំងរដិបរដុប ប្រាប់ខ្ញុំថា «បងបានចំណាយពេលមួយឆ្នាំ បង្ខំខ្លួនឯងរៀនភាសាកាយវិការឲ្យចេះ ដើម្បីមកប្រាប់អូនថា បងមិនភ្លេចពាក្យសន្យាទេ សូមផ្ដល់ឱកាសឲ្យបងម្ដងទៀត បងសុំធ្វើជាសំឡេងរបស់អូន បងស្រឡាញ់អូន»។
ជាមួយភាសាកាយវិការយឺតៗ និងចិញ្ចៀនភ្ជាប់ពាក្យបំពាក់លើដៃខ្ញុំវិញ គាត់ធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក ដោយក្ដីរំភើបម្ដងទៀត។
មេរៀន៖ មិនត្រូវកំសាក និងរត់ចេញឡើយនៅពេលមានបញ្ហាកើតឡើង។ ត្រូវចាំថាគ្រប់បញ្ហាតែងតែមានដំណោះស្រាយ។ កុំធ្វើឲ្យនរណាម្នាក់ខូចចិត្តដោយសារអ្នក ព្រោះអ្នកមិនអាចដឹងថាថ្ងៃណាវានឹងកើតឡើងលើអ្នកវិញនោះទេ ៕
ចុចអាន៖ រឿងបុរសវាយថ្ម បង្ហាញលទ្ធផលចុងក្រោយរបស់មនុស្សលោភលន់
ចុចអាន៖ប្ដីសោកស្ដាយស្ទើរបោកក្បាល ក្រោយអានសំបុត្រប្រពន្ធដែលខ្លួនជ្រុលដៃធ្វើឲ្យស្លាប់
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ បរទេស