​អ្នក​ទេសចរ​បរទេស​នៅ​ថៃ​គួរ​​ធ្វើ​អ្វី​ខ្លះ​ ក្រោយ​​ព្រះចៅ​ភូមិបុល​ចូលទិវង្គត ?

  • 2016-10-15 18:35:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​​​​​ប្រទេស​ថៃ​​កំពុង​​កាន់​ទុក្ខ បន្ទាប់​ពី​​មហាក្សត្រ​ភូមិបុល អាប់ឌុលយ៉ាដេត ​សោយ​ទិវង្គត ​ប្រការ​​ខាង​ក្រោម​ខ្លះ​ៗ ​​ដែលអ្នក​​ទេសចរ​បរទេស​​ចាំបាច់​ត្រូវ​ដឹង។

 

 

រដ្ឋាភិបាល​​ក្រុង​បាងកក​​​ បាន​ប្រកាស​ឲ្យ​ប្រជាជន​​កាន់​ទុក្ខ​​រយៈពេល​​មួយ​ឆ្នាំ ​ទង់ជាតិ​​ត្រូវ​​បង្ហូត​ពាក់​កណ្ដាល​ដង​រយៈពេល​ ៣០ថ្ងៃ ​និង​ស្នើ​ឲ្យ​គ្រប់​គ្នា​ចៀសវាង​មាន​ព្រឹត្តិការណ៍​​សប្បាយ​ៗ។

 

តើ​ភ្ញៀវ​បរទេស​គួរ​​ស្លៀក​​ពាក់​​អ្វី ​​អំឡុង​​ពេល​ប្រជាជន​ថៃ​​កាន់ទុក្ខ?

អ្នក​ទេសចរ​ទាំង​ឡាយ ​ត្រូវ​ណែនាំ​​ឲ្យ​​ធ្វើ​​អាកប្បកិរិយា​​សមរម្យ និង​​បង្ហាញ​ការ​គោរព​​ដល់​​ទំនៀម​ទម្លាប់​ថៃ ដែល​​មាន​ចែង​ក្នុង​ច្បាប់​ជាតិ​។

 

រដ្ឋាភិបាល​ថៃ​ស្នើ​ឲ្យ​ពលរដ្ឋ​​​ស្លៀកពាក់​​ខ្មៅ​​បង្ហាញ​​ការ​កាន់​ទុក្ខ​​ទូទាំង​ប្រទេស។ ​​ឯ​ស្ថានទូត​​អង់គ្លេស​វិញ​​​បាន​ណែនាំ​​ឲ្យ​ពលរដ្ឋ​ខ្លួន​​ បើ​អាច​​ស្លៀក​ពាក់​ខោអាវ​ឬ​ពណ៌​ស្រអាប់ និង​​មាន​​សកម្មភាព​បែប​គោរព​​នៅ​ទី​សាធារណៈ តែ​​​​តាម​​រមណីយដ្ឋាន​ឆ្នេរ​សមុទ្រ​​អាច​ស្លៀក​​ឈុត​ងូតទឹក​បាន​ធម្មតា។

 

តើ​អ្នកទេសចរ​ អាច​​ចេញ​ទៅ​លេង​​កន្លែង​ណា​​ខ្លះ​នៅ​ទីក្រុង?

​​រាល់​កន្លែង​​បម្រើ​សេវា​កម្សាន្ត​ទាំង​​អស់​​ត្រូវ​បិទ​​ទ្វារ​​​រយៈពេល​ ៣០ថ្ងៃ ឯ​ហាងទំនិញ​​លក់ដូរត្រូវ​រឹត​បន្តឹង​​ ហើយ​​​អ្នក​ទាំង​នោះ​ត្រូវ​មាន​កាយវិការ​សមរម្យ។

 

ចំណែក​ក្រសួង​ការបរទេស​​ហូឡង់ ​បាន​ក្រើន​រម្លឹក​​អ្នក​ទេសចរ​ខ្លួន​​​ដែល​ធ្វើ​ដំណើរ​​ទៅ​ថៃ ​ចៀស​វាង​ការ​ប្រកាស​ ឬ​ពិភាក្សា​រិះគន់​គ្រួសារ​រាជវង្ស ហើយ​ពួកគេ​ត្រូវ​​ដាក់​លិខិត​សម្គាល់​ខ្លួន​​ជាប់​ជានិច្ច។

 

គួរ​​រំលឹក​ឡើង​វិញ​​ថា ច្បាប់​ការ​ពារ​ព្រះមហាក្សត្រ​ និង​គ្រួសារ​រាជវង្ស​ថៃ​ ​​​ស្ថិត​ក្នុង​​ចំណោម​​​ច្បាប់​តឹងរ៉ឹង​បំផុត​ក្នុង​លោក ​និង​មាន​ទោស​ធ្ងន់ធ្ងរ​​​​បើ​ប្រមាថ​​ ឬ​គំរាម​កំហែង៕

 

 

ប្រែ​សម្រួល៖​ ឡេង ភារុណ ប្រភព៖ BBC