សហគ្រិន ១៥០រូប មកពីក្រុមហ៊ុនល្បីៗចំនួន ៩០ ត្រៀមជួបពិភាក្សាគ្នាលើការវិនិយោគធំៗនៅកម្ពុជា
- 2025-05-25 06:23:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហគ្រិន ១៥០រូប មកពីក្រុមហ៊ុនល្បីៗចំនួន ៩០ ត្រៀមជួបពិភាក្សាគ្នាលើការវិនិយោគធំៗនៅកម្ពុជា
ចន្លោះមិនឃើញ
ក្រសួងទេសចរណ៍ និងតំណាង CIM ដែលជាកម្មវិធីបង្កើតវេទិកាវិនិយោគគាំទ្រថ្នាក់ជាតិ បានប្រកាសដូចគ្នាថា កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះ នៃជំនួបអ្នកវិនិយោគនៅកម្ពុជា ឆ្នាំ២០២៥ ដែលមានក្រុមហ៊ុនជាតិ-អន្ដរជាតិល្បីៗជាង ៩០ នឹងស្វែងរកឱកាសដាក់ទុនវិនិយោគនៅកម្ពុជា នៅថ្ងៃទី២ និងទី៣ ខែមិថុនា ខាងមុខ។
ស្ថាបនិក CIM និងជាប្រធាន PATACC លោក ធួន ស៊ីណាន មានប្រសាសន៍ថា ព្រឹត្តការណ៍ CIM ២០២៥ គឺជាកាតាលីករមួយសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច តាមរយៈការភ្ជាប់អាជីវកម្មកម្ពុជាដែលមានការត្រួតពិនិត្យជាមួយមូលធនអន្តរជាតិ ជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើតឱកាសការងារ ដើម្បីបង្កើនសេដ្ឋកិច្ច រយៈពេលវែង ប្រកបដោយនិរន្តរភាព។ គំនិតផ្តួចផ្តើមនេះក៏ជាចំណុចសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងជំរុញរដូវកាលបៃតងរបស់កម្ពុជា ប្រែក្លាយទៅជារយៈពេលនៃការវិនិយោគដ៏មានតម្លៃខ្ពស់ និង មានការផ្តល់យុទ្ធសាស្ត្ររបស់អ្នកចូលរួម។
បើតាមលោក ធួន ស៊ីណាន ព្រឹត្ដិការណ៍នេះនឹងមានគណៈប្រតិភូវិនិយោគិនចូលរួមចំនួន ១០ប្រទេស។ ក្នុងនោះ មានថៃ ម៉ាឡេស៊ី ចិន កូរ៉េ ជប៉ុន ឥណ្ឌា និងម៉ាល់ឌីវ ជាដើម។ តម្លាភាព និងលទ្ធផល វិនិយោគិនទាំងអស់ដែលបានចូលរួមនឹងត្រូវបានពិនិត្យដោយប្រុងប្រយ័ត្នដើម្បីធានាថាត្រូវគ្នានឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់កម្ពុជា។
សហគ្រិនជ្រើសរើសដោយផ្អែកលើលក្ខណៈអាចអនុវត្តបាន ការពង្រីកអាជីវកម្ម និងឥទ្ធិពលសេដ្ឋកិច្ច-សង្គមរបស់គំរូអាជីវកម្មរបស់វិនិយោគិន។ ជាក់ស្ដែងមានក្រុមហ៊ុនមួយចំនួន បានផ្ដល់តម្រុយដាក់ទុកវិនិយោគលើវិស័យមួយចំនួនបន្ថែមទៀតលើវិស័យទេសចរ និងបដិសណ្ឋារកិច្ច កសិទេសចរ ទេសចរអចលទ្រព្យ និងវិស័យបច្ចេកវិទ្យាជាដើម ដែលភាគច្រើនប្រតិបត្ដិការនៅរាជធានីភ្នំពេញ សៀមរាប និងខេត្ដជាប់មាត់សមុទ្រកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញ រដ្ឋលេខាធិការក្រសួងទេចរណ៍ លោក នី ផល្លី ឲ្យដឹងថា កម្ពុជានៅតែត្រូវការបង្កើនចំនួនក្រុមហ៊ុន ឬអ្នកវិនិយោគលើវិស័យទេសចរណ៍ ដោយក្រសួងមើលឃើញថា ផលិតផលទេសចរ និងគោលដៅទេសចរកម្ពុជានៅតែមានច្រើនដែលអនុញ្ញាតឲ្យអ្នកវិនិយោគឱកាសចំណេញ ហើយក៏ដើម្បីចាក់បំពេញបន្ថែមលើសេវាកម្មទេសចរនៅកម្ពុជាដែលកំពុងខ្វះខាត។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CIM (Cambodia Investment Matching) សហគ្រិនកម្ពុជា ១៥០ នាក់ និងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន ៩០មកពីទូទាំងអាស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសផ្សេងទៀត នឹងបានជួបគ្នានៅក្នុងឱកាសនេះ។ វេទិកានឹងរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា PATA Cambodia Chapter (PATACC) និងសមាគមអ្នកវិនិយោគនវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងមានការគាំទ្រពី ក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន។ វេទិកាជំនួបវិនិយោគកម្ពុជាឆ្នាំ ២០២៥ រៀបចំឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ការទី១ នៃអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា២០២៣ ដល់២០២៨៕