ការ​ពិត​ពិសេស១០​យ៉ាង​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី James Ma

  • 2016-10-18 19:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​ក្នុង​ចំណោម​តួ​ឯក​ប្រុស​កំពូល​ៗ​របស់​ប៉ុស្តិ៍​លេខ​៣​ថៃ James Ma ហាក់​កំពុង​ឡើង​កូដ​ខ្លាំង​ក្នុង​ឆ្នាំ​២០១៦​នេះ ​តាម​រយៈ​រឿង "ស្អប់​ព្រោះ​ស្រឡាញ់" ដែល​សម្ដែង​រួម​គ្នា​ជាមួយ​តារា​ឯក​ស្រី Kimberly។ តាមដាន​ការ​ពិត​គួរ​ឲ្យ​ចាប់​អារម្មណ៍​១០​យ៉ាង​របស់​កំលោះ​សង្ហា​រូប​នេះ​ទាំង​អស់​គ្នា៖

 

១. ប្រវត្តិ​ James Ma និង​រឿងរ៉ាវ​ពាក់ព័ន្ធ​គ្រួសារ

 

James Ma មាន​ឈ្មោះ​ពិត​ថា James Assarasakorn បច្ចុប្បន្ន​អាយុ ២២ឆ្នាំ កម្ពស់ ១៨២សង់ទីម៉ែត្រ ជា​កូន​កាត់​ថៃ-ហុងកុង ដោយ​ឪពុក​ជា​ជនជាតិ​ថៃ ឯ​ម្ដាយ​ជា​ជនជាតិ​ហុងកុង និង​មាន​ប្អូន​​ស្រី​ម្នាក់។ កើត​ក្នុង​គ្រួសារ​អ្នក​ជំនួញ James បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ភាសា​អង់គ្លេស​សម្រាប់​ពាណិជ្ជកម្ម​ពី​សាកលវិទ្យាល័យ Assumption បច្ចុប្បន្ន​កំពុង​បន្ត​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម។

 

 
 

២. ប្រវត្តិ​ចូល​សិល្បៈ

 

James Ma មាន​ឱកាស​ចូល​សិល្បៈ​ក្រោយ​ជួប​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​នេះ​ម្នាក់​ដោយ​ចៃដន្យ​ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ហុងកុង។ ក្រោយ​មក​ក៏បាន​ចូល​រួម​ប្រកួត​កម្មវិធី The Star 7 និង​បាន​ជាប់​ជា​បេក្ខជន​តំណាង​ភាគ​កណ្ដាល និង​បាន​ទទួល​ការងារ​ដើរ​ម៉ូដ និង​ថត​ម៉ូដ​ជា​រឿយៗ រហូត​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ប៉ុស្តិ៍​លេខ​៣​ក្នុង​ឆ្នាំ​២០១២។

 

 

៣. James Ma ធ្លាប់​វះកាត់​កែ​សម្ផស្ស?

 

បើ​ទោះ​ជា​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ មុខ​មាត់​ស្រស់​សង្ហា​បាន​មក​ពី​ការ​វះកាត់ James Ma បាន​បដិសេធ​យ៉ាង​ច្បាស់​ថា ខ្លួន​មិន​ធ្លាប់​ឆ្លង​កាត់​មុខ​កាំបិត​អ្វី​ឡើយ ហើយ​ក៏​គ្មាន​គម្រោង​នឹង​វះកាត់​ដែរ។

 

 

៤. Aum ជា​មនុស្ស​ស្រី​ក្នុង​ក្ដី​ស្រមៃ

 

សម្រាប់​មនុស្ស​ស្រី​ក្នុង​ក្ដី​ស្រមៃ James Ma ធ្លាប់​បាន​បង្ហើប​ថា​ខ្លួន​មើល​អត្តចរិត​ជា​សំខាន់ ដោយ​បាន​លើក​ឧទាហរណ៍​ច្បាស់​ៗ​ថា ជា​មនុស្ស​ស្រី​ដូច​តារា​រៀម​ច្បង Aum Patcharapa ដែល​មាន​សមត្ថភាព​ពូកែ រឹងមាំ អាច​មើល​ថែ​ខ្លួន​ឯង​បាន។

 

 

៥. James Ma បុរស​ស្រឡាញ់​ឆ្មា

 

ឆ្មា​គឺ​ជា​សត្វ​ចិញ្ចឹម​ដែល James Ma ស្រឡាញ់​ចូល​ចិត្ត​បំផុត ហើយ​តារា​រូប​នេះ​តែង​បង្ហាញ​កាយវិការ Cute Cute ជា​រឿយៗ​ជាមួយ​ឆ្មា។ លើស​ពី​នេះ James ក៏​ជា​អ្នក​តំណាង​ផ្សព្វផ្សាយ​ចំណី​ឆ្មា​ផង​ដែរ។

 

 
 

៦. James Ma និង​កីឡា

 

James Ma ចូលចិត្ត​លេង​បាល់​តាំង​ពី​តូច ហើយ​ថ្មី​ៗ​នេះ​បាន​មាន​ឱកាស​ហ្វឹកហាត់​កីឡា​ថ្មី​មួយ​ទៀត​យ៉ាង​ជំនាញ​គឺ​កីឡា​វាយ​កូនគោល។

 

 
 

៧. James Ma ចូល​រួម​កម្មវិធី​ផ្សេង​ៗ​តិច​បំផុត

 

បើ​ទោះ​ជា​មាន​ឈ្មោះ​ល្បី James Ma ហាក់​ទទួល​បាន​ការ​អញ្ជើញ​ចូល​រួម​កម្មវិធី​ផ្សព្វផ្សាយ​ផ្សេង​ៗ​តិច​ជាង​គេ ដោយ​មូលហេតុ​សាមីខ្លួន​បាន​បង្ហើប​ថា​ដោយ​សារ​រវល់​ការ​សិក្សា និង​ថត​រឿង។

 

 

៨. រឿង​ភាគ​ថ្មី​បំផុត​របស់ James Ma

 

ក្រោយ​ចប់​រឿង "ស្អប់​ព្រោះ​ស្រឡាញ់" ដែល​ចាប់​ដៃ​គូ​ជាមួយ​ Kimberly តារា​ប្រុស​រូប​នេះ​នឹង​មាន​រឿង​ថ្មី​ជាមួយ​តារា​សម្ដែង Mint Chalida ក្នុង​រឿង "លំហូរ​បេះដូង" និង​ជាមួយ Margie Rasri ក្នុង​រឿង "អាគម" ដែល​នឹង​ចាប់​ផ្ដើម​បញ្ចាំងនៅ​ឆ្នាំ​ក្រោយ។

 

 
 

៩. “ស្អប់​ព្រោះ​ស្រឡាញ់" ជា​រឿង​ភាគ​សម័យ​ដំបូង​របស់ James Ma

 

ក្រោយ​សម្ដែង​រឿង​ភាគ​បុរាណ និង​សម័យ​មុន​ៗ​បាន​ប៉ុន្មាន​រឿង James Ma បាន​ទទួល​តំណែង​ក្នុង​រឿង​ភាគ​សម័យ​ដំបូង​ជា​តួ​គ្រូ​ពេទ្យ​ក្នុង​រឿង "ស្អប់​ព្រោះ​ស្រឡាញ់" និង​ជា​រឿង​ដំបូង​ដែល​ធ្វើ​ឲ្យ​តារា​រូប​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត​រហូត​ទទួល​រហស្សនាម​ថា "ស្វាមី​ប្រចាំ​ប្រទេស"។

 

 
 

១០. James Ma មិន​លេង​ Instagram ទេ

 

ខុស​ពី​តារា​ថៃ​ល្បី​ៗ​ភាគ​ច្រើន​ដែល​ប្រើ​បណ្ដាញ Instagram ដើម្បី​ចែក​រំលែក​សកម្មភាព​ផ្សេង​ដល់​អ្នក​គាំទ្រ​បាន​ឃើញ James Ma មិន​បាន​ប្រើ​បណ្ដាញ​សង្គម​នេះ​ឡើយ ហើយ​ Twitter ក៏​មិន​មាន​ដែរ មាន​តែ​គណនី Facebook ផ្ទាល់​ខ្លួន​មួយ ដែល​យូរ​ទើប​បង្ហោះ​រូប​ម្ដង ៕

 

 
 
 
 

 

ចុចអាន៖តារា​ស្រី​ជំនាន់​ថ្មី​រូប​ណា ស្នង​តំណែង Aum Patcharapa បាន​ល្អ​ជាង​គេ?

ចុចអាន៖អតីត​តារា​វ័យ​ក្មេង​១០​រូប ដែល​ឥលូវ​ធំ​ពេញ​រូបរាង ហើយ​ឡើង​សង្ហា

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ kapook

អត្ថបទពេញនិយម