ធ្វើបាបឪពុកចាស់ ទាល់តែឮសម្ដីកូនខ្លួនឯងមួយម៉ាត់ ទើបភ្ញាក់ខ្លួនព្រើត
- 2016-10-20 21:52:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើបាបឪពុកចាស់ ទាល់តែឮសម្ដីកូនខ្លួនឯងមួយម៉ាត់ ទើបភ្ញាក់ខ្លួនព្រើត
ចន្លោះមិនឃើញ
បុរសចំណាស់ម្នាក់បានរស់នៅជាមួយកូនប្រុសខ្លួន កូនប្រសាស្រី និងចៅប្រុសអាយុ ៤ឆ្នាំ។ ព្រោះតែវ័យកាន់តែជរា ដៃរបស់លោកតាចាប់ផ្ដើមញ័រ ភ្នែកក៏ស្រវាំង និងឧស្សាហ៍ភ្លាំងភ្លាត់។
ពេលល្ងាចៗ សមាជិកគ្រួសារទាំងបួនអង្គុយហូបបាយរួមតុជាមួយគ្នា។ ប៉ុន្តែដៃញ័រនិងភ្នែកព្រិលរបស់លោកតា បានធ្វើឲ្យការពិសាអាហាររបស់គាត់កាន់តែពិបាក។ ពេលខ្លះ គ្រាប់សណ្ដែករមៀលចេញពីស្លាបព្រារបស់គាត់កំពប់ពេញកម្រាលឥដ្ឋ។ ពេលគាត់ចាប់កាន់កែវទឹកដោះគោ មិនប្រយ័ត្នក៏ធ្វើឲ្យទឹកដោះគោកំពប់ប្រឡាក់កម្រាលតុ។
ពីមួយថ្ងៃទៅមួយថ្ងៃ កូនប្រុសនិងកូនប្រសាស្រីកាន់តែធុញទ្រាន់នឹងសកម្មភាពរបស់លោកតា។ "យើងគួរតែធ្វើអ្វីម្យ៉ាងចំពោះបញ្ហាពុក" កូនប្រុសរបស់លោកតានិយាយ។ "មើលទៅយើងមិនអាចទ្រាំនឹងសភាពរញីរញ័រ កំពប់នេះកំពប់នោះ និងការរំខានផ្សេងៗដោយសារគាត់ទៀតទេ"។ គិតដូច្នេះ ទាំងប្ដីប្រពន្ធក៏បានរៀបចំតុមួយនៅកៀនជញ្ជាំងសម្រាប់លោកតាពិសាបាយដាច់ដោយឡែក។ នៅតុនោះលោកតាបានពិសាបាយម្នាក់ឯង ខណៈសមាជិកផ្សេងៗទទួលទានជុំគ្នាយ៉ាងរីករាយ។ ដោយសារលោកតាធ្វើឲ្យបែកចានអស់មួយពីរ ពួកគេចាប់ផ្ដើមឲ្យលោកតាទទួលទានដោយប្រើចានឈើ។ ពេលខ្លះលោកតាហូបបាយទាំងរលីងរលោងទឹកភ្នែក ដោយសារឯកោខ្លាំងពេក។ ទោះយ៉ាងណាកូនៗ នៅតែប្រើសម្ដីគំហកលោកតានៅពេលលោកតាធ្វើឲ្យជ្រុះសមស្លាបព្រា ឬកំពប់អាហារ។ ចៅប្រុសអាយុ៤ឆ្នាំបានសម្លឹងឃើញសកម្មភាពទាំងអស់នេះដោយមិននិយាយអ្វីឡើយ។
ល្ងាចមួយមុនហូបបាយ ឪពុកបានឃើញកូនប្រុសតូចរបស់ខ្លួនយកបន្ទះឈើតូចៗមកលេង។ ឪពុកបានសួរទៅកូនថា «ធ្វើអីហ្នឹងកូន?» ចំណែកកូនប្រុសក៏តបទៅឪពុកខ្លួនយ៉ាងទន់ភ្លន់វិញថា «អូប៉ា ខ្ញុំកំពុងធ្វើចានទុកឲ្យប៉ានិងម៉ាក់ហូបបាយពេលខ្ញុំធំឡើង»។ កូនប្រុសញញឹមហើយក៏បន្តការងាររបស់ខ្លួនទៀត។ សម្ដីមួយម៉ាត់នេះធ្វើឲ្យឪពុកម្ដាយរបស់គេគាំង ស្ងាត់មាត់ឈឹង។ អ្នកទាំងពីរសម្លឹងមុខគ្នាដោយអារម្មណ៍ក្ដុកក្ដួលនឹកឃើញដល់ឪពុកចំណាស់របស់ខ្លួន។ បើទោះជាមិននិយាយអ្វី តែពួកគេដឹងថាគួរធ្វើអ្វីបន្ត។
នៅល្ងាចនោះ បុរសជាប្ដីបានដឹកដៃឪពុកចំណាស់របស់ខ្លួនថ្នមៗនិងនាំគាត់មករួមតុជាមួយគ្នាដូចដើមវិញ។ ចាប់ពីពេលនោះលោកតាបានមករួមតុជាមួយកូនចៅវិញ ហើយពួកកូនៗក៏លែងខ្វល់ខ្វាយរឿងកំពប់បាយសម្ល ឬជ្រុះសមស្លាបព្រារបស់លោកតាទៀតដែរ៕
គំនិតអប់រំ៖ កូនៗឆាប់ចាប់បានអ្វីដែលឪពុកម្ដាយធ្វើបំផុត។ ឪពុកម្ដាយឆ្លាតវៃ តែងធ្វើអ្វីជាគំរូល្អសម្រាប់កូនៗ។ ចំណែកកូនៗត្រូវគោរព ស្រឡាញ់ និងថែរក្សាឪពុកម្ដាយវិញពេលលោកចាស់ទៅ ៕
ចុចអាន៖និទាន “ពស់វែក” ផ្ដល់មេរៀនអប់រំសំខាន់មួយសម្រាប់មនុស្សគ្រប់គ្នា
ចុចអាន៖ឲ្យតម្លៃការលះបង់របស់ម្ដាយ ធ្វើឲ្យកូនសម្រេចគោលដៅ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ បរទេស