ឲ្យតម្លៃការលះបង់របស់ម្ដាយ ធ្វើឲ្យកូនសម្រេចគោលដៅ
- 2016-09-08 23:22:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឲ្យតម្លៃការលះបង់របស់ម្ដាយ ធ្វើឲ្យកូនសម្រេចគោលដៅ
ចន្លោះមិនឃើញ
និស្សិតទើបបញ្ចប់ការសិក្សាម្នាក់ បានដាក់ពាក្យធ្វើជានាយកក្រុមហ៊ុនធំមួយ។ គាត់បានឆ្លងកាត់ការសម្ភាសលើកទីមួយបានជោគជ័យ ហើយលោកប្រធានបានសម្រេចសម្ភាសលើកចុងក្រោយមួយទៀត។
ប្រធានដដែល បានដឹងព័ត៌មានរបស់បេក្ខជនតាមរយៈប្រវត្តិរូបសង្ខេប (CV) ថា គេជានិស្សិតរៀនចប់ និងតែងតែទទួលបានពិន្ទុល្អតាំងពីថ្នាក់អនុវិទ្យាល័យ រហូតមក។
ប្រធាន៖ តើអ្នកមានបានទទួលអាហារូបករណ៍នៅសាលាណាមួយ ឬនៅ? បេក្ខជន៖ មិនមានទេ ប្រធាន៖ តើឪពុករបស់អ្នកជាអ្នករកប្រាក់បង់សាលាឲ្យរៀនមែនទេ? បេក្ខជន៖ ឪពុករបស់ខ្ញុំលាចាកលោកយូរហើយ តាំងពីខ្ញុំអាយុ ១ឆ្នាំមកម្ល៉េះ ហើយម្ដាយខ្ញុំជាអ្នករកប្រាក់បង់ថ្លៃសាលា ប្រធាន៖ តើម្ដាយរបស់អ្នកធ្វើប្រកបមុខរបរអ្វីដែរ? បេក្ខជន៖ ម្ដាយរបស់ខ្ញុំជាអ្នកស៊ីឈ្នូលបោកគក់
លោកប្រធានបានសុំមើលដៃបេក្ខជននោះ រួចឃើញថាដៃទាំងពីរគឺស្រឡូនរាបស្មើល្អមែនទែន។ ប្រធាន៖ តើអ្នកធ្លាប់ជួយបោកគក់សំលៀកបំពាក់ម្ដាយទេ? បេក្ខជន៖ មិនធ្លាប់ទេ! ម្ដាយរបស់ខ្ញុំតែងតែចង់ឲ្យខ្ញុំខិតខំរៀនសូត្រ និងអានសៀវភៅឲ្យបានច្រើនប៉ុណ្ណោះ។ លើសពីនេះ គាត់ពូកែបោកគក់លឿនជាងខ្ញុំឆ្ងាយណាស់។ ប្រធាន៖ ខ្ញុំមានសំណើមួយ។ ពេលអ្នកត្រឡប់ទៅផ្ទះវិញ ទៅលាងសម្អាតដៃម្ដាយរបស់អ្នកផ្ទាល់ រួចស្អែកចាំមកជួបខ្ញុំម្ដងទៀត។
បេក្ខជនរូបនេះមានអារម្មណ៍សប្បាយរីករាយ និងគិតថាខ្លួនមានឱកាសជាប់ច្រើន ព្រោះបានជួបអ្នកសម្ភាសម្ដងទៀត។ ពេលគាត់ត្រឡប់ទៅផ្ទះវិញ គាត់រីករាយនឹងសុំលាងសម្អាតដៃទាំងពីររបស់ម្ដាយ។ ម្ដាយបេក្ខជន មានអារម្មណ៍ចម្លែកបន្តិច និងរីករាយ តែមិនឲ្យកូនដឹងចិត្តឡើយ។
ម្ដាយបានហុចដៃឲ្យកូនលាងសម្អាត បេក្ខជននោះបានលាងថើៗយឺតៗ ហើយទឹកភ្នែករបស់កូនបានស្រក់លើដៃម្ដាយដោយមិនដឹងខ្លួន។ កូន ដឹងថាខ្លួនទើបចាប់កាន់ដៃម្ដាយសម្អាតជាលើកដំបូងនេះប៉ុណ្ណោះ ហើយឃើញដៃមានស្នាមជ្រីវជ្រួញ ក្រិន និងស្នាមជាំជាច្រើនកន្លែងលើដៃ។ ស្នាមជាំខ្លះធ្វើឲ្យគាត់ឈឺចាប់ និងញ័រដៃពេលត្រូវទឹក។
នេះជាពេលដំបូងដែលយុវជនខាងលើដឹងកាន់តែច្បាស់ថា ដៃទាំងគូរបស់ម្ដាយនេះហើយ ដែលធ្លាប់បោកគក់រាល់ថ្ងៃ ដើម្បីរកប្រាក់បង់ថ្លៃសាលាឲ្យខ្លួនរៀន។ ស្នាមជាំលើដៃ គឺជាតម្លៃមិនអាចកាត់ថ្លៃបាន និងជួយឲ្យកូនរូបនេះរៀនដល់ចប់ ពិន្ទុល្អ និងមានអនាគត។
បន្ទាប់ពីលាងដៃម្ដាយរួចរាល់កូនកំព្រាឪពុករូបនេះ បានជួយបោកគក់ខោអាវដែលនៅសល់ទាំងអស់។ ក្នុងយប់ដដែល អ្នកម្ដាយបានជជែកលេងជាមួយកូនអស់រយៈពេលជាយូរ។ នៅព្រឹកបន្ទាប់ កូននេះបានទៅកាន់កន្លែងសម្ភាសន៍តាមការណាត់។
លោកប្រធានកត់សម្គាល់ឃើញថា បេក្ខជនរូបនេះបានយំកាលពីថ្ងៃម្សិលមិញរួចសួរបន្តថា៖ ប្រធាន៖ តើអាចប្រាប់ខ្ញុំបានទេ តើអ្នកបានធ្វើអ្វី និងរៀនបានអ្វីខ្លះនៅក្នុងផ្ទះរបស់អ្នកកាលពីថ្ងៃម្សិលមិញ? បេក្ខជន៖ ខ្ញុំបានលាងសម្អាតដៃម្ដាយរបស់ខ្ញុំ និងជួយបោកសំលៀកបំពាក់ ដែលនៅសល់ទាំងអស់ទៀតផង។ ប្រធាន៖ សូមប្រាប់អារម្មណ៍របស់អ្នក? បេក្ខជន៖ ទី១. ឥឡូវខ្ញុំស្គាល់ថាអ្វីជាការខិតខំប្រឹងប្រែង។ បើពុំមានម្ដាយ ខ្ញុំនឹងមិនមានថ្ងៃនេះទេ។ ទី២. ការធ្វើការជាមួយគ្នា ហើយចេះជួយគ្នា ទើបបានសម្រេចគោលដៅ។ ទី៣. ខ្ញុំបានយល់ពីសារសំខាន់ និងតម្លៃនៃទំនាក់ទំនងគ្រួសារមួយ។ ប្រធាន៖ ចំណុចទាំងនេះ ជាអ្វីដែលខ្ញុំកំពុងស្វែងរកឲ្យធ្វើជានាយករបស់ក្រុមហ៊ុនខ្ញុំ។ ខ្ញុំចង់បានមនុស្សណា ដែលតែងតែឲ្យតម្លៃការខិតខំរបស់អ្នកដទៃ ចេះដឹងសុខទុក្ខអ្នកដទៃ រហូតធ្វើអ្វីមួយបានសម្រេច និងមនុស្សដែលមិនយកលុយដាក់ជាគោលដៅតែមួយគត់ក្នុងជីវិត។
ក្រោយមកយុវជនរូបនេះ ត្រូវបានជ្រើសរើសឲ្យកាន់មុខតំណែងខាងលើ ដោយរូបគេមិនបានធ្វើឲ្យក្រុមហ៊ុនអស់សង្ឃឹម ជាមួយការប្ដេជ្ញាចិត្តធ្វើការ ហើយទទួលការគោរពពីអ្នកក្រោមឱវាទជាច្រើន។ ក្រុមហ៊ុននោះ ទទួលការរីកចម្រើនទៅមុខយ៉ាងលឿន។
តម្លៃអប់រំរឿង៖ ប្រសិនបើអ្នកណាម្នាក់មិនយល់ និងមិនធ្លាប់ឆ្លងកាត់ការលំបាក ត្រូវរៀនសូត្រជាមួយមនុស្សដែលខ្លួនគោរពស្រលាញ់ និងជឿជាក់។ ត្រូវឲ្យតម្លៃចំពោះមនុស្សជុំវិញខ្លួន ដែលខិតខំលះបង់ ឬជួយជ្រោមជ្រែងយើង៕
ចុចអាន៖ រឿងខ្លីតែបង្កប់ន័យជ្រៅពី “ការស្អប់”
ចុចអាន៖ ទឹកចិត្តឪពុកមានចំពោះកូន បើអ្នកបានដឹងនឹងស្រក់ទឹកភ្នែក
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Moralstories