ត្រឹមអាណិតមិនស្រលាញ់ ហេតុអ្វីមិនហ៊ានប្រាប់?
- 2016-10-21 17:59:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមអាណិតមិនស្រលាញ់ ហេតុអ្វីមិនហ៊ានប្រាប់?
ចន្លោះមិនឃើញ
មនុស្សពីរនាក់អាចស្គាល់គ្នា និងឈានដល់ការស្រឡាញ់គ្នាលុះត្រាតែមាននិស្ស័យមែនទេ?
ខ្ញុំបាទជាពិធីករនៅវិទ្យុមួយដែលមានប្រិយមិត្តស្គាល់ច្រើនគួរសម អាចថាមកពីយើងសំឡេងពីរោះបានជាធ្វើអោយអ្នកស្ដាប់ជាច្រើនលង់នឹងសំឡេងហើយចង់ឃើញមុខផ្ទាល់ ប៉ុន្តែពេលខ្លះខ្ញុំធ្វើចរិតប្រុសស្អាតដែរ មិនដែលឱ្យអ្នកណាជួបមុខផ្ដេសផ្ដាសទេ។
ចៃដន្យអីនៅថ្ងៃមួយនោះខ្ញុំបានចូលរួមក្នុងការប្រជុំមួយនៅសាកលវិទ្យាល័យ ពេលនោះខ្ញុំបានឃើញនិស្សិតស្រីម្នាក់ដែលនាងជាប្រិយមិត្តរបស់ខ្ញុំហើយតែងតែ Call ចូលនៅក្នុងកម្មវិធីរបស់ខ្ញុំ ហើយក៏ជាមិត្តភក្តិក្នុងហ្វេសបុកដែរ នាងពិតជាក្លាហានមែនទែនបានហៅខ្ញុំអោយទៅអង្គុយជាមួយក្រុមរបស់នាងដែរ ហើយធ្វើដូចស្គាល់គ្នាពីមុនមកអញ្ចឹង ចំណែកខ្ញុំបានតែញញឹមទេ ព្រោះពូកែនិយាយតែក្នុងវិទ្យុទេដល់តែនៅក្រៅចប់។
ចាប់តាំងពីថ្ងៃនោះមកនាងចេះតែទាក់ទងមកខ្ញុំជារឿយៗ ហើយបានណាត់ជួបខ្ញុំដើម្បីទៅញ៉ាំអីជាមួយនាង ដោយនាងតែងតែប្រាប់ថា ក្នុងនាមជាអ្នកគាំទ្រខ្ញុំតែប៉ុណ្ណោះ ហើយខ្ញុំក៏ចេះតែទៅជួបនាងដែររាល់លើកពេលដែលទៅញ៉ាំអីនាងមិនដែលអោយខ្ញុំចេញលុយនោះទេ បើនិយាយពីរឿងលុយគឺនាងមិនខ្វះទេ ដោយសារតែនាងជាកូនអ្នកមាន។
ចាំមិនភ្លេចទេ ថ្ងៃមួយនាងបានតេមកខ្ញុំទាំងយប់ ប្រាប់ថាបងឯងចង់ចូលកាកបាទក្រហមនៅសាកលវិទ្យាល័យអត់? បើបងឯងចូលខ្ញុំប្រាប់លោកគ្រូអោយ ហើយថ្ងៃស្អែកនេះម៉ោង ៥ ព្រឹកគេទៅដាំដើមកោងកាងនៅខេត្តកំពត ។ ខ្ញុំក៏បានឆ្លើយតបទៅនាងយ៉ាងលឿនថាចង់ណាស់ ព្រោះខ្ញុំចង់ចូលយូរណាស់ហើយ ពុទ្ធោគ្រាន់តែចូលភ្លាមបានទៅខេត្តកំពតភ្លែត ហើយបានទៅដាំដើមកោងកាងក្នុងសមុទ្រផ្ទាល់ទៀត ពិតជារំភើបមែនទែន វាជាលើកទីមួយហើយសម្រាប់ជីវិតខ្ញុំ។
ពេលធ្វើដំណើរតាមផ្លូវនាងតែងតែទិញនេះទិញនោះអោយញ៉ាំតាមផ្លូវរហូត ហើយអង្គុយជិតខ្ញុំទៀត ពេលនោះខ្ញុំចាប់ផ្ដើមគិតថានាងមិនមែនគ្រាន់តែចាត់ទុកខ្ញុំជា Idol របស់នាងនោះទេ។ ពេលដាំដើមកោងកាងខ្ញុំជាអ្នកជីកដី ចំណែកនាងជាអ្នកដាំ ប៉ុន្តែហេតុអីខ្ញុំគ្មានអារម្មណ៍អីទៅលើនាងសោះអញ្ចឹង រហូតដល់ពេលព្រលប់ទើបយើងត្រឡប់មកភ្នំពេញវិញ ។ឮ
បន្ទាប់ពីនោះមកទៀតយើងចេះតែបន្តទាក់ទងគ្នាជារៀងរាល់ថ្ងៃ ហើយនាងតែងតែធ្វើអ្វីៗដើម្បីខ្ញុំ ដូចជាទិញខោអាវ ទៅធ្វើម្ហូបដល់ផ្ទះខ្ញុំ ទិញរបស់របរប្រើប្រាស់អោយខ្ញុំ តែនាងនៅតែប្រាប់ថា ក្នុងនាមជាប្រិយមិត្តប៉ុណ្ណោះ ហើយខ្ញុំក៏មិនបានគិតអីលើសពីនឹងដែរ តែរឿងមិននឹកស្មានដល់នោះគឺនាងបានប្រាប់ទៅមិត្តភក្តិគ្រប់គ្នានៅសាលាថា ខ្ញុំ និង នាងជាសង្សារនឹងគ្នា ធ្វើអោយខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងអាចថាខ្ញុំឆោតដែរពេលនោះមិនព្រមប្រាប់នាងថាមិនបានស្រឡាញ់ទេ តែបែរជាព្រមទទួលស្គាល់ព្រោះខ្លាចនាងខ្មាសគេ ហើយចេះតែបន្តទាក់ទងជាមួយគ្នាតទៅទៀត ទាំងខ្លួនឯងមិនបានស្រឡាញ់នាងទាល់តែសោះ។
មានថ្ងៃមួយនោះខ្ញុំបានបបួលមិត្តភក្ដិរបស់ខ្ញុំជាច្រើនទៅលេងផ្ទះរបស់ខ្ញុំ រួមទាំងនាងផងដែរ ប៉ុន្តែចុងក្រោយគ្មានអ្នកណាម្នាក់ទៅសោះ គឺមានតែនាងម្នាក់ប៉ុណ្ណោះដែលទៅជាមួយខ្ញុំ ព្រះអើយលើកទីមួយហើយដែលខ្ញុំដឹកមនុស្សស្រីទៅដល់ផ្ទះធ្វើអោយគ្រួសារខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្តែខ្ញុំប្រាប់ទៅពួកគាត់ថានាងគ្រាន់តែជាមិត្តភក្តិតែប៉ុណ្ណោះ ដោយសារតែពេលនោះនៅវត្តគេលេងល្ខោនទើបគិតថាចង់នៅគេងមួយយប់ដើម្បីបានមើលល្ខោន នាងក៏ត្រូវស្នាក់នៅផ្ទះខ្ញុំមួយយប់។
រឿងមួយដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើលនោះគឺនាងបានទិញអាវគូរស្នេហ៍មិនដឹងតាំងពីពេលណា ហើយយើងក៏ពាក់អាវគូរស្នេហ៍នោះទៅវត្តមើលល្ខោន សាកថាគេមិនគិតថាយើងស្រឡាញ់គ្នាម៉ាម៉ាត់ទៅ។ បន្តបន្ទាប់មកទៀតនាងតែងតែលះបង់ជាច្រើនដើម្បីខ្ញុំទាំងលុយ ទាំងពេលវេលា នាងបានធ្វើខួបកំណើតអោយខ្ញុំ ខ្ញុំចូលចិត្តអីនាងបំពេញអោយគ្រប់យ៉ាង ប៉ុន្តែហេតុអីបានជាខ្ញុំមិនអាចស្រឡាញ់នាងបានគឺបានត្រឹមតែអាណិត ហើយក៏មិនចង់បាត់បង់នាងដែរ ប៉ុន្តែហេតុអីបានជាខ្ញុំមិនសូវយកចិត្តទុកដាក់ចំពោះនាង តែងតែមិនសូវអើពើ សូម្បីតែក្នុងហ្វេសបុកក៏ខ្ញុំមិនសូវបង្ហោះរូបជាមួយនាងដែរ។
មានថ្ងៃខ្លះដោយសារតែនាងនឹកខ្ញុំពេកនាងមកអង្គុយចាំនៅមុខក្រុមហ៊ុនខ្ញុំក៏មានដែរ ហើយថែមទាំងទៅបោកខោអាវ បោកមុង បោកភួយអោយខ្ញុំទៀត។ ពេលនោះហើយដែលនាងធ្លាប់តែជាមនុស្សរីករាយបែរជាចេះស្រក់ទឹកភ្នែកដោយសារតែខ្ញុំ ដោយសារនាងគិតថាខ្ញុំមិនបានស្រឡាញ់នាងនោះទេ ពេលនោះខ្ញុំក៏ចាប់ផ្ដើមចេះលួងគេ ទៅធ្វើម្ហូបអោយគេញ៉ាំ ដើរផ្សារជាមួយនាង ទៅនេះទៅនោះជាមួយនាង រហូតធ្វើអោយនាងស្រឡាញ់ខ្ញុំកាន់តែខ្លាំង ហើយក៏ធ្វើអោយខ្ញុំពិបាកចិត្តកាន់តែខ្លាំងដូចគ្នា ចង់ប្រាប់ថាខ្ញុំមិនបានស្រឡាញ់នាងទេតែក៏មិនហ៊ានប្រាប់ព្រោះខ្លាចនាងឈឺចាប់ ។
លុះក្រោយមកទៀតខ្ញុំតែបន្តព្រងើយកន្តើយដាក់នាងទៀតអារម្មណ៍ដែលតាំងចិត្តស្រឡាញ់នាងបានតែមួយឆាវៗតែប៉ុណ្ណោះ ពេលនោះហើយទើបនាងបានដឹងថាខ្ញុំមិនបានស្រឡាញ់នាងទេ ហើយនាងគិតថាខ្ញុំបោកប្រាស់នាង គឺមានតែនាងទេដែលស្រឡាញ់ខ្ញុំតែម្ខាង។ តើខ្ញុំនៅបន្តទៀតដើម្បីអ្វីបើចិត្តខ្ញុំមិនបានស្រឡាញ់នាងសូម្បីបន្តិចសោះនោះ គឺមានតែបែកគ្នាទេទើបអាចដោះស្រាយបានសុខចិត្តអោយនាងឈឺចាប់រយះពេលខ្លីប្រសើរអោយនាងក្រំចិត្តដោយសារមនុស្សដូចជាខ្ញុំ។ ខ្ញុំបានប្រាប់នាងនូវរាល់រឿងរ៉ាវកន្លងមកថាខ្ញុំមិនដែលស្រឡាញ់នាងទេ គឺបានត្រឹមតែអាណិត ទោះខំធ្វើចិត្តថានឹងស្រឡាញ់នាងតែនៅតែមិនអាច។ ថ្ងៃនោះហើយដែលនាងយំនៅចំពោះមុខខ្ញុំយ៉ាងខ្លាំង ខ្ញុំពិតជារន្ធត់ចិត្តខ្លាំងណាស់ ។
បន្ទាប់មកទៀតនាងក៏បានចាកចេញពីខ្ញុំហើយបានប្លុកហ្វេសបុកខ្ញុំ ផ្ដាច់ការទាក់ទងគ្នា តាំងពីពេលនោះមក ខ្ញុំបានធ្វើអោយមនុស្សម្នាក់ឈឺចាប់ដោយសារខ្ញុំទាំងមិនមានបំណង។ បើស្ដាប់ទៅខ្ញុំជាមនុស្សអាក្រក់ជាមនុស្សបោកប្រាស់ តែធាតុពិតមិនមែនទេ គឺមកពីខ្ញុំឆោតមិនហ៊ានប្រាប់គេតាមត្រង់ហើយម្យ៉ាងទៀតពេលនោះខ្ញុំនៅក្មេងខ្លាំងណាស់ ធ្វើអីមិនចេះគិតមុខគិតក្រោយទេ។
ជាចុងក្រោយចង់ប្រាប់ថាខ្ញុំសុំទោសទោះនាងមិនលើកលែងអោយក៏ដោយចុះ ខ្ញុំចង់ប្រាប់ថាខ្ញុំមិនបានតាំងចិត្តនោះទេ ហើយខ្ញុំគ្រាន់តែសង្ឃឹមថា នាងនឹងផ្ដល់ឱកាសអោយខ្ញុំធ្វើជាមិត្តល្អរបស់នាងផងបានទេ ? ពីខ្ញុំពីមនុស្សដែលខ្ញុំធ្វើអោយនាងឈឺចាប់លើកដំបូងក្នុងជីវិត!!
អត្ថបទ៖ ប្រិយមិត្ត Sabay
មានរឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.visal@sabay.com
ឬទូរសព្ទទៅកាន់លេខ 015 209 699
ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា