អន្លង់​ព្រីង​ជាប់​​ព្រំ​ដែន​វៀតណាម ជម្រក​សុខដុម​សត្វ​ក្រៀល​​កម្រ​រាប់​រយ​ក្បាល

  • 2016-10-28 22:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មិន​ឆ្ងាយ​ពី​ព្រំដែន​វៀតណាម អន្លង់​ព្រីង​បាន​ក្លាយ​ជា​ដែន​ជម្រក​សត្វ​ក្រៀល​កម្រ​​រាប់​រយ​ក្បាល​មក​តាំង​ទី​លំនៅ​រស់នៅ​យ៉ាង​សុខដុម និង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ជា​បន្ត​បន្ទាប់​ ជាពិសេស​ភ្ញៀវ​ទេសចរ​បរទេស។

 

 

លោក វ៉ាន់ បូរ៉ា ប្រធាន​សហគមន៍​ទេសចរណ៍​អន្លង់ព្រីង​បាន​ឲ្យ​ដឹង​ថា សត្វ​ក្រៀល​បាន​ចាប់ផ្ដើម​មក​រស់នៅ​នៅ​តំបន់​អន្លង់​ព្រីង​នៅ​ឆ្នាំ ២០០០ ដោយ​ដំបូង​មាន​តែ​ពីរ​ទៅ​បី​ក្បាល​រហូត​ឆ្នាំ ២០១៦ ចំនួន​បាន​កើន​ឡើង​ដល់​រាប់​រយ​ក្បាល។

 

លោក​ថា ភូមិសាស្ត្រ​តំបន់​អន្លង់ព្រីង​ជា​តំបន់​ដី​សើម សំបូរ​ចំណី​ទើប​ទាក់ទាញ​សត្វ​ក្រៀល​មក​ពី​តំបន់​នានា​មក​បង្ក​បង្កើត​កូន​ចៅ​រស់នៅ​កាន់​តែ​ច្រើន។ ណាមួយ​ដោយសារ​មាន​ការ​អភិរក្ស​មិន​ឲ្យ​មាន​ការ​បរបាញ់​ ឬ​ដាក់​ថ្នាំ​បំពុល​ដើម្បី​​​​ថែរក្សា​សត្វ​កម្រ​នេះ​ឲ្យ​គង់​វង្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់។

 

លោក​វង់ ហាន សមាជិកក្រុម​ទេសចរណ៍​នៅ​តំបន់​​ទេសចរណ៍​អន្លង់ព្រីង​បាន​ឲ្យ​ដឹង​ថា សហគមន៍​​បាន​ខិតខំ​​​ផ្សព្វផ្សាយ​​តាម​រយៈ​ការ​ចុះ​តាម​​សិក្ខាសាលា​​ ការ​ពង្រី​ក​បណ្តាញ​​​ផ្សព្វផ្សាយ​តាម​អង្គការ និង​ក្រុមហ៊ុន​ទេសចរណ៍​​ ក៏​ដូចជា​ការ​ធ្វើ​ខិត្ត​ប័ណ្ណ​​ដើម្បី​បង្ហាញ​ពី​សក្តានុពល​នៃ​តំបន់​ទេសចរណ៍​អន្លង់​ព្រីង។

 

លោក​ថា កន្លង​ទៅ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​មិន​សូវ​មក​កម្សាន្ត​ច្រើន​ទេ ភាគច្រើន​ភ្ញៀវ​ទេសចរ​វៀតណាម​ និង​ភ្ញៀវ​មកពី​តំបន់​អឺរ៉ុប​មួយ​ចំនួន។ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ភ្ញៀវ​មក​កម្សាន្ត​ សហគមន៍​​​មាន​​រៀបចំ​សេវាកម្ម​ដូចជា​ផ្ទះ​ស្នាក់​នៅ ក្រុម​ធ្វើ​​ម្ហូប​អាហារ​ និង​​មាន​​មគ្គុទ្ទេសក៍​​រង់ចាំ​ផ្តល់​សេវា​នាំ​​ភ្ញៀវ​​ដើរ​ទស្សនា​តំបន់​សត្វ​ក្រៀល និង​តំបន់​កម្សាន្ត​ដែល​នៅ​ជុំវិញ។

 

ដើម្បី​ទស្សនា​ប្រភេទ​សត្វ​កម្រ​ស្ទើរ​ផុត​ពូជ​លើ​ពិភពលោក​នេះ ភ្ញៀវ​​ទេសចរ​អាច​មក​​​​ចាប់​ពី​ខែ​វិច្ឆិកា ​ដល់​ខែឧសភា​ ជា​រយៈពេល​ដែល​​សត្វក្រៀល​​​រាប់​រយ​ក្បាល​បាន​ចាប់ផ្តើម​​បម្លាស់​ទី​ពី​បឹង​ទន្លេសាប​និង​តំបន់​ដទៃ​ទៀតមក​រស់នៅ​យ៉ាង​កកកុញ​នៅ​​​តំបន់​អន្លង់ព្រីង។

 

 

 
 
 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម