មិន​ចេះ​តិកនិក​តថ្លៃ​អស់​នេះ ប្រយ័ត្ន​អ្នក​លក់​សំលៀក​បំពាក់​​កោរ​មិន​ដាក់​ទឹក

  • 2016-10-27 18:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដើរ​ផ្សារ​ទិញ​សំលៀក​បំពាក់​ម្ដងៗ ក្រៅ​ពី​ត្រៀម​លុយ​ហើយ​នោះ​ គឺ​ត្រូវ​ត្រៀម​មាត់​សម្រាប់​តថ្លៃ​អ្នក​លក់​ទៀត បើ​មិន​អីចឹង​ទេ​អាច​ត្រូវ​អ្នក​លក់​ចំណេញ១គុណនឹង២។ ឥឡូវ​នេះ​សាក​ល្បង​ដក​ស្រង់​បទ​ពិសោធន៍​ពី​កំពូល​អ្នក​តថ្លៃ​វិញ​ម្ដង​មើល ធ្វើ​យ៉ាង​ណា​ទើប​ទិញ​ហើយ​មិន​ស្ដាយ​ក្រោយ។

 

 

១.​ កុំ​ខ្លាច​ និង​កុំ​អោយ​អ្នក​លក់​ដឹង​ចិត្ត​៖

ធាវី ដែល​ជា​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ផ្នែក​ធនាគារ​បាន​និយាយ​ថា៖ "និយាយ​ពី​រឿង​អ្នក​លក់​កោរ​វិញ​ខ្ញុំ​មិន​ដែល​ទេ​បង​ រឿង​តថ្លៃ​នឹង​លេខ​១​ហ្មង​"។ ធាវី បន្ត​ទៀត​ថា៖ " ចាស.. ថ្វី​បើ​យើង​ស្រ​ឡាញ់​ខោ​អាវ​នឹង​មែន​ តែ​យើង​កុំ​អោយ​អ្នក​លក់​ដឹង​ចិត្ត​យើង​ បើ​គាត់​ដឹង​ថា​យើង​ស្រឡាញ់​ខ្លាំង​គាត់​មិន​ងាយ​ចុះ​ទេ ហើយ​រឹត​តែ​កាត់​ថ្លៃ​ខ្ពស់​" ។ ធាវី បន្ថែម​ទៀត​ថា ​អ្នក​លក់​អាច​កោរ​បាន​មក​ពី​អ្នក​​ទិញ​ខ្លួន​ឯង​ដែល​សម្ដែង​អោយ​ឃើញ​ថា​ចង់​បាន​ខោ​អាវ​​នឹង​ខ្លាំង​ពេក ​ដែល​ធ្វើ​អោយ​អ្នក​លក់​ដឹង​ចិត្ត​។ ​ ២. វិភាគ​លើ​គុណភាព​ទំនិញ​ និង​តម្លៃ​៖ ​ ​​សុជាតា ដែល​ជា​និស្សិត​ឆ្នាំ​ទី​៣ ​ជំនាញ​ International Business ក៏​ជា​អ្នក​ដែល​ចូល​ចិត្ត​ដើរ​ផ្សារ​ម្នាក់​ផង​ដែរ​និយាយ​ថា​៖ " ចាស​បង... ដូច​អាវ​មួយ​ចឹង​ បើ​គេ​កាត់​ 20$ ចឹង​ញ៉ុម​ត​នៅ​តែ​ 7$ ឬ 8$ បើ​ 15$ ត​នៅ​សល់ 5$ អី​នឹង"។

 

ជាតា ​លើក​ឡើង​ថា៖ ​"ជា​ទូទៅ​អ្នក​លក់​អាច​កាត់​ថ្លៃ​មួយ​ជា​បី បើ​មិន​ត​ទេ​ប្រាកដ​ជា​ចំណេញ​កប់​ក្ដោង​មិន​ខាន"។ ជាតា​បាន​បន្ត​ទៀត​ថា​៖ "មុន​នឹង​យើង​អោយ​តម្លៃ​ប៉ុននេះ ​ប៉ុននោះ​ គឺ​ត្រូវ​វិភាគ​មើល​គុណ​ភាព​នៃ​របស់​នោះ​ដែរ​ ពេល​ដែល​យើង​ដឹង​ថា​របស់​ល្អ​ឬ​មិន​ល្អ​ យើង​កំណត់​តម្លៃ​ហើយ​តថ្លៃ​យក​តែ​ម្ដង​ ជួន​កាល​របស់​ខ្លះ​យើង​ធ្លាប់​ដឹង​តម្លៃ​រួច​ហើយ​ ចឹង​គាត់​ក៏​មិន​អាច​កោរ​យើង​បាន​ដែរ"។

 

៣. ចេះ​បញ្ចុះ​បញ្ចូល​អ្នក​លក់​៖ នៅ​ត្រង់​ចំណុច​នេះ​ ធាវី និយាយ​ថា៖ "ពេល​ខ្លះ​យើង​ត្រូវ​ចេះ​លេង​ពាក្យ​សម្ដី ទឹក​មុខ​យ៉ាង​ម៉េច​អោយ​អ្នក​លក់​ទន់​ចិត្ត​ហើយ​លក់​អោយ​យើង​ក្នុង​តម្លៃ​ទាប​"។ ធាវី បាន​លើក​ជា​ឧទាហរណ៍​ ពេល​និយាយ​ទៅ​កាន់​អ្នក​លក់​ថា៖ "ទៅ​បង​លក់​អោយ​ប្អូន​មួយ​នឹង​ទៅ​ណា គ្នា​ឯង​សោះ​ខ្ញុំ​ទិញ​តែ​កន្លែង​បង​ទេ​ ធ្វើ​មើល​តែ​មិន​ធ្លាប់​ស្គាល់​ចឹង​ ចាំ​បាច់​កាត់​ថ្លៃ​ធ្វើ​អី​ទេស​" ។ ធាវី​ បន្ត​ទៀត​ថា​ ទោះ​មិន​ដែល​ទិញ​កន្លែង​គាត់​ក៏​ដោយ តែ​យើង​ចេះ​តែថា​ខ្លះ​ទៅ និយាយ​ចុះ​និយាយ​ឡើង​អ្នក​លក់​បាក់​ចិត្ត​ស្ដូក​។

 

៤. ដើរ​ចេញ​ អ្នក​ស្រី ភារុណ ​​ដែល​ជា​ង​កាត់​ដេរ​សំលៀក​បំពាក់​មួយ​រូប បាន​ចែក​រំលែក​នូវ​តិកនិក​របស់​គាត់​ថា​ បើ​សិន​ជា​អ្នក​លក់​នោះ​មិន​ព្រម​លក់​គឺ​ដើរ​ចេញ​តែម្ដង​ ដោយ​គាត់​បាន​និយាយ​ថា​៖ "ចា.. អូន​ហ្នឹង​ហើយ​បើ​គាត់​ថា​តម្លៃ​នឹង​គាត់​លក់​មិន​បាន​ទេ​ យើង​ដើរ​ចេញ​ហ្មង​អូន​"

អ្នក​ស្រី​បាន​​បន្ត​ថា​៖ " អូន​ឯង​ទៅ​ខ្លាច​អី​បើ​អ្នក​លក់​ម៉ា​គគោក បើ​គាត់​លក់​បាន​គាត់​ប្រាកដ​ជា​ហៅ​យើង​វិញ​ហើយ​ តែ​បើ​គាត់​មិន​ហៅ​មាន​ន័យ​ថា​គ្នា​លក់​មិន​កើត​ដែរ​"។ ស្ត្រី​ចូល​ចិត្ត​ដើរ​ផ្សារ​រូប​នេះ ​បាន​បន្ថែម​ទៀត​ថា៖ "បើ​ទៅ​សួរ​កន្លែង​ផ្សេង​ទំនិញ​នោះ​មាន​តម្លៃ​ដូច​គ្នា​យើង​អាច​បក​ទៅ​ជួយ​ទិញ​គាត់​វិញ​ទៅ"។

 

 

មាន​ធ្លាប់​ទិញ​ខោ​អាវ ត្រូវ​គេ​កោរ​អត់?

 

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ