អ្នកគ្រប់គ្រងកម្មវិធីម្នាក់ថា ខេម អាចប្រជែង ព្រាប សុវត្ថិ និង សិរីមន្ត បាននាថ្ងៃខាងមុខ!
- 2014-11-05 17:00:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគ្រប់គ្រងកម្មវិធីម្នាក់ថា ខេម អាចប្រជែង ព្រាប សុវត្ថិ និង សិរីមន្ត បាននាថ្ងៃខាងមុខ!
ចន្លោះមិនឃើញ
អ្នកគ្រប់គ្រងកម្មវិធីសិល្បៈម្នាក់និយាយថា ខេម អាចប្រជែងទីផ្សារជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បាននាថ្ងៃខាងមុខ។
ការនិយាយដូច្នេះខណៈទីផ្សារតារាចម្រៀងរូបនេះកំពុងឡើងកូដខ្លាំងនាពេលបច្ចុប្បន្ន ដោយបទចម្រៀងរបស់លោកទទួលការចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន។
“ទាំងទឹកដមសំនៀង ប្រជាប្រិយភាព និងស្ទិលផ្សេងៗនាពេលបច្ចុប្បន្នខ្ញុំគិត ខេម គាត់អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងទីផ្សារ ព្រាប សុវត្ថិ និង សិរីមន្តបាន"។ នេះជាការបញ្ជាក់ពីអ្នកគ្រប់គ្រងកម្មវិធីម្នាក់និយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ។
អ្នកគ្រប់គ្រងកម្មវិធីសុំមិនបញ្ចេញខាងលើបន្តថា បទចម្រៀង ខេម ក្នុងផលិតកម្ម Town នាឆ្នាំ ២០១៤ ទទួលការចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន។ ខុសប្លែកពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលបទចម្រៀងរបស់លោកហាក់មិនសូវទាក់ទាញប៉ុន្មានទេពីសំណាក់មិត្តយុវវ័យមួយរយៈចុងក្រោយ។
ដោយឡែក ខេមរៈ សិរីមន្ត ជាតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មសាន់ដេ ក៏ប៉ុន្តែក្នុងឆ្នាំ ២០១៤ នេះ លោកក៏មិនសូវជាមានបទចម្រៀងច្រើនធ្វើឱ្យទស្សនិកជនផ្ដោតអារម្មណ៍ទេ ខុសប្លែកពីតារាចម្រៀងមកពីខេត្ត កំពង់ឆ្នាំងខាងលើ ឡើងកូដខ្លាំងក្នុងឆ្នាំនេះ។
ទាក់ទងនឹងការប្រដូចនេះតារាចម្រៀងផ្ដើមចេញពីអ្នករត់ម៉ូតូឌុប ខេម បានបង្ហាញអារម្មណ៍សប្បាយរីករាយ ក៏ប៉ុន្តែលោកមិនទាន់ហ៊ានទទួលការឱ្យតម្លៃនេះទេ។
ខេម បញ្ជាក់ថា៖ "អរគុណគាត់ប្រដូចខ្ញុំទៅតារាចម្រៀងល្បីឈ្មោះទាំងពីរ តែខ្ញុំគិតថាសមត្ថភាពរបស់ខ្ញុំនៅមានកម្រិតត្រូវពង្រឹងបន្ថែមទៀត"។
បើទោះបីជាមិនទាន់ហ៊ានប្រៀប ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្តក្ដី ក៏ប៉ុន្តែតារាចម្រៀងចេញពីការប្រឡងជាប់កម្មវិធី Boy Band របស់ស្ថានីយទូរទស្សន៍ CTN កាលពីឆ្នាំ២០០៧ កន្លងទៅហាក់មានមោទនភាពចំពោះខ្លួនឯងដោយមួយរយៈចុងក្រោយបទចម្រៀងទទួលការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ជាពិសេសមិត្តៗយុវវ័យ។
តារាចម្រៀងរូបនេះបានថ្លែងអំណរគុណដល់ទស្សនិកជន រួមនឹងផលិតកម្ម Town ក៏ដូចជាអ្នកនិពន្ធទាំងអស់បានជួយជ្រោមជ្រែងធ្វើឱ្យលោកមានទីផ្សារដូចពេលបច្ចុប្បន្ន។
ទន្ទឹមនឹងប្រជាប្រិយភាពកំពុងកើនឡើង រួមនឹងការប្រដូចរបស់អ្នកគ្រប់គ្រងកម្មវិធីខាងលើទៅនឹងតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត លោក ខេម បញ្ជាក់ថានឹងប្រឹងប្រែងបន្ថែមទៀត ដោយស្វែងរកនូវអ្វីដែលថ្មីៗដើម្បីបម្រើអារម្មណ៍ទស្សនិកជន។
“ខ្ញុំមានមុខដល់សព្វថ្ងៃក៏ដោយសារទស្សនិកជន ដូច្នេះខ្ញុំមិនឱ្យទស្សនិកជនអស់សង្ឃឹមទេ។ ខ្ញុំនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងសម្រាប់បម្រើអារម្មណ៍ពួកគាត់ទាំងអស់"។ ខេម បន្ថែម។
ខេម ជាតារាចម្រៀងម្នាក់កំពុងលេចធ្លោក្នុងផលិតកម្ម Town ក៏ដូចជាក្នុងពិភពសិល្បៈទាំងមូលនាឆ្នាំ២០១៤នេះ។ មុនពេលមានឈ្មោះបោះសំឡេងដូចបច្ចុប្បន្នតារាចម្រៀងរូបនេះធ្លាប់ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងរហូតញ៉ាំបាយមួយពេល ៣ពាន់រៀលគ្នា៤នាក់ក៏មាន៕
សូមចុចអាន៖ ខេម ពីអ្នករត់ម៉ូតូឌុបមកជាតារាចម្រៀងលំដាប់ជួរមុខនាពេលបច្ចុប្បន្ន