តារាស្រីម្នាក់ធ្លាប់ចោរឆក់ខ្សែដៃមាសអស់ ៥ ជី ថ្ងៃបុណ្យអុំទូក
- 2014-11-05 17:33:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីម្នាក់ធ្លាប់ចោរឆក់ខ្សែដៃមាសអស់ ៥ ជី ថ្ងៃបុណ្យអុំទូក
ចន្លោះមិនឃើញ
តារាសម្ដែង កញ្ញា ហេង ស្រីពេជ្រ បានប្រាប់ថា នាងធ្លាប់ចោរឆក់អស់ខ្សែដៃមាស ៥ ជី ក្នុងថ្ងៃទី ២ នៃពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ កាលពីឆ្នាំ ២០០៦ គ្រាដែលនាងដើរទិញអីវ៉ាន់ ដែលក្រុមហ៊ុននានា ដាក់តាំងលក់ក្នុងពិធីនេះ។
ស្រីពេជ្រ បានរៀបរាប់ប្រាប់ថា កាលនៅឆ្នាំ ២០០៦ នាងបានបើកហាងអ៊ុតសក់ ដោយចង់ទិញផលិតផលខ្លះៗទាន់មានការចុះតម្លៃនៅរដូវបុណ្យអុំទូក នៅថ្ងៃទី ២ ប្រហែល ៧.៣០ យប់ នាង និង កូនជាងបានទៅទិញ ឥវ៉ាន់នៅតាមស្តង់ម្ដុំ មុខណាហ្គាវើល។ ស្រីពេជ្រ បានបន្តថា នៅគ្រានោះ មានមនុស្សប្រជ្រៀតគ្នាខ្លាំងណាស់ ព្រោះមានមនុស្សច្រើន។ ដើរចូលហ្វូងមនុស្សច្រើន មិនបានប៉ុន្មានផង ស្រាប់តែបាត់ខ្សែដៃពីខ្លួនតែម្ដង ដោយខ្សែដៃនោះជាមាសសុទ្ធ មានទម្ងន់ ៥ ជី។
តារាស្រីត្រូវប៉ានតែតួជំទាវ ម្នាក់នេះមិនបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចឡើយ ព្រោះគិតថា មនុស្សច្រើនបែបនោះ មិនដឹងទៅរកជនល្មើសនៅឯណាឡើយ ហើយក៏ត្រឡប់មកផ្ទះវិញទាំងមិនសប្បាយចិត្ត។ ចាប់តាំងពីពេលនោះ មកស្រីពេជ្រ រាងមិនដែលទៅកន្លែងមានមនុស្សច្រើន ប្រជ្រៀតគ្នាឡើយ ជាពិសេសក្នុងពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែតែម្ដង។
នេះគ្រាន់តែសារមួយរបស់ កញ្ញា ហេង ស្រីពេជ្រ ប៉ុណ្ណោះ ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្ន នៅក្នុងពិធីបុណ្យអុំទូក ខណៈនៅក្នុងពិធីនេះ ជាទូទៅមានមនុស្សច្រើនកកកុញស្ទើរគ្រប់ទីកន្លែងជាពិសេសនៅពេលយប់។
តារាស្រី មានកំណើតមកពីខេត្ត កំពង់ឆ្នាំងម្នាក់នេះ បានលើកឡើងថា ប្រសិនបើជៀសបានសូមកុំទៅកន្លែងដែលមានមនុស្សច្រើនប្រជ្រៀតគ្នា តែបើចង់ទៅខ្លាំងសូមកុំយកវត្ថុមានតម្លៃតាមខ្លួនឲ្យសោះ ព្រោះអាចមានជនឆ្លៀតឱកាសច្រើនណាស់៕
អានអត្ថបទបន្ត៖ តារាម៉ូដែលម្នាក់ត្រូវចោរឆក់កាលពីចុងសប្ដាហ៍មុន អានអត្ថបទបន្ត៖ អ្នកគ្រប់គ្រងកម្មវិធីម្នាក់ថា ខេម អាចប្រជែង ព្រាប សុវត្ថិ និង សិរីមន្ត បាននាថ្ងៃខាងមុខ!
អត្ថបទ៖ ខុត សីហា