ភ្ញាក់ពីដំណេកវិញរលាកដៃមួយចំហៀងព្រោះ iPhone 7
- 2016-11-17 02:37:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ពីដំណេកវិញរលាកដៃមួយចំហៀងព្រោះ iPhone 7
ចន្លោះមិនឃើញ
ស្ត្រីពពោះសញ្ជាតិអូស្ត្រាលីមួយរូបឈ្មោះ Melanie Tan Pelaez បានភ្ញាក់ផ្អើលខ្លាំង ពេលក្រោកពីដំណេកស្រាប់តែឃើញដៃរបស់ខ្លួនរលាកមួយចំហៀងដោយមិនដឹងមូលហេតុ។
ក្រោយបានទៅពិនិត្យនៅឯមន្ទីរពេទ្យ គ្រូពេទ្យឲ្យដឹងថា ស្ត្រីខាងលើបានរងការរលាកកម្រិតទី ២ ដែលបណ្ដាលមកពីវត្ថុអ្វីម្យ៉ាង។ គ្រូពេទ្យបានបន្ថែមទៀតថាឲ្យពិនិត្យមើលជុំវិញគ្រែគេងរបស់នាង ដើម្បីស្វែងរកប្រភពដែលបង្កការរលាកនេះ។ នៅពេលទៅដល់ផ្ទះ Melanie បានដឹងថា iPhone 7 របស់នាងជាអ្នកបង្ករបួសនេះ ដោយសារស្នាមរលាកស៊ីគ្នានឹង iPhone និង ខ្សែសាក ដែលនាងបានដាក់សាកចោលជិតខ្លួនពេលកំពុងគេង។
បន្ទាប់មកទៀត Melanie ក៏បានយកទូរសព្ទទៅកាន់ហាង Apple Store ក្នុងស្រុក ដោយក្រុមការងារទៅទីនេះបានប្រាប់ថា ទូរសព្ទនាងមានចំណុចខ្វះខាតអ្វីម្យ៉ាងដែលធ្វើឲ្យវាមានបញ្ហា។ ក្រុមការងារក៏បានយកទូរសព្ទរបស់ Melanie ទៅកាន់ទីស្នាក់ការ Apple នៅទីក្រុង Cupertino រដ្ឋ California ដើម្បីធ្វើការពិសោធន៍។ ទោះបីជាមានការផ្ដល់ជូន iPhone 7 ថ្មីមួយគ្រឿងក្ដីប៉ុន្តែ Melanie មិនទទួលយកឡើយដោយសារលែងមានទំនុកចិត្ត។
ទាក់ទិននឹងរបួសស្នាមខាងលើអាចកើតឡើង ដោយសារស្ត្រីខាងលើបានដាក់ទូរសព្ទជាប់ខ្លួនពេក ធ្វើឲ្យមិនមានលំហូរខ្យល់ ដែលបណ្ដាលឲ្យទូរសព្ទឡើងកម្ដៅក្ដៅ។ ដូចនេះពេលសាកថ្មទូរសព្ទធ្វើយ៉ាងណាត្រូវធ្វើឲ្យទូរសព្ទស្ថិតនៅកន្លែងទូលាយដើម្បីឲ្យកម្ដៅភាយចេញ៕
ចុចអាន៖ OnePlus 3T RAM 6GB តម្លៃថោកជាង iPhone 7 ពាក់កណ្ដាល