Apple ពិចារណា​ផលិត​ iPhone នៅ​អាមេរិក ​តម្លៃ​​ឡើង​គុណ​ជា​ ២

  • 2016-11-18 01:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​សាក​សួរ​ទៅ​កាន់​ដៃ​គូ​ដំឡើង​ធំៗ​របស់​ខ្លួន​រួម​មាន​រោងចក្រ​ Foxconn និង Pegatron ដើម្បី​ស្វែង​រក​ទីតាំង​ផលិត​ iPhone នៅ​សហរដ្ឋអាមេរិក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Nikkei។

Foxconn បាន​ចាប់​ផ្ដើម​​អនុវត្ត​ផែនការ​នេះ​ហើយ​ នៅ​ឡើយ​តែ​ Pagatron ដោយ​រោងចក្រ​នេះ​​​យល់​ឃើញ​ថា​អ្វីៗ​អាច​នឹង​មាន​តម្លៃ​ថ្លៃ។ មូលហេតុ​ចម្បង​ដ៏​ធំ​មួយ​ដែល​នាំ​ឲ្យ​ Apple ពិចារណា​ផលិត​ iPhone នៅ​អាមេរិក​ព្រោះ​តែ​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​លោក​ ដូណាល់​ ត្រាំ បាន​ប្រកាស​ជា​សាធារណៈ​​ឲ្យ​ Apple សង់​សង្វាក់​ផលិតកម្ម​នៅ​អាមេរិក ហើយ​ថែម​ទាំង​បាន​គំរាមកំហែង​​លើ​ការ​ដំឡើង​ពន្ធ​នាំ​ចូល​ពី​ប្រទេស​ចិន។

នៅ​អំឡុង​ជំនួប​មួយ​កាល​ពី​ខែ​មីនា​ លោក​ ត្រាំ​ បាន​លើក​ឡើង​ថា៖ "ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ Apple ចាប់​ផ្ដើម​ផលិត​កុំព្យូទ័រ​ និង iPhone នៅ​​ក្នុង​ទឹក​ដី​របស់​យើង​ មិន​មែន​ប្រទេស​ចិន​ឡើយ។ តើ​​យើង​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ​ បើ​គេ​ផលិត​ផលិតផល​ទាំង​នោះ​​នៅ​ប្រទេស​ចិន?​"។

យ៉ាងណា​ក្ដី​មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​គម្រោង​ការ​ផលិត​ iPhone នៅ​អាមេរិក​មិន​អាច​ទៅ​រួច ទី​មួយ​គឺ​តម្លៃ ព្រោះ​ការ​ផលិត​ iPhone នៅ​អាមេរិក​នឹង​ធ្វើ​ឲ្យ​តម្លៃ​ឡើង​គុណ​នឹង​ពីរ។ ម្យ៉ាង​វិញ​ទៀត​គ្រឿង​បន្លាស់​ភាគ​ច្រើន​ដែល​ប្រើ​ដំឡើង​ iPhone មាន​ប្រភព​ពី​ទ្វីប​អាស៊ី ដូច​នេះ​​ត្រូវ​ចំណាយ​​មួយ​តង់​ទៀត​​លើ​ការ​ដឹក​ជញ្ជូន​គ្រឿង​បន្លាស់​ទាំង​នោះ។

​ទោះ​បី​ជា​ iPhone ផលិត​នៅ​អាមេរិក​មែន​ប៉ុន្តែ​អ្នក​​វិភាគ​សេដ្ឋកិច្ច​លើក​ឡើង​ថា​ Apple នឹង​ប្រើ​គ្រឿង​ស្វ័យ​ប្រវត្តិ​ និង​ មនុស្ស​យន្ត​ ក្នុង​សង្វាក់​ផលិតកម្ម​របស់​ខ្លួន ដែល​មាន​ន័យ​ថា​វា​មិន​ជួយ​បង្កើត​ការងារ​ច្រើន​ដល់​​ពលរដ្ឋ​អាមេរិក​ដូច​ដែល​លោក​ ត្រាំ​ ចង់​បាន​នោះ​ទេ៕

ចុច​អាន៖​ ភ្ញាក់​ពី​ដំណេក​វិញ​រលាក​ដៃ​មួយ​ចំហៀង​ព្រោះ​ iPhone 7

​​​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters

អត្ថបទថ្មី