ពី Developer ប្រាក់​ខែ​ទាប មក​ជា​នាយក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យ៉ាង​ជោគជ័យ

  • 2016-11-18 03:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​ភ្លើង​មហិច្ឆតា​ខ្លាំងក្លា ទើប​ជំរុញ​ឲ្យ​យុវជន​ IT វ័យ​ក្មេង​ពីរ​រូប​ខំ​ប្រឹង​អភិវឌ្ឍ​ខ្លួន​ពី Developer ប្រាក់​ខែ​ទាប មក​ជា​នាយក​ក្រុមហ៊ុន​បច្ចេកវិទ្យា​រក​ប្រាក់​ចំណូល​យ៉ាង​ច្រើន​ក្នុង​មួយ​ខែ។

លោក ជា ឡង់ដា ធ្លាប់​ធ្វើ​ការ​ជា Web Developer រយៈ​ពេល​ពេល​ច្រើន​ឆ្នាំ​នៅ​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​មួយ​ចំនួន។ ប៉ុន្តែ​ដោយ​មើល​ឃើញ ការ​លំបាក​របស់​ពលរដ្ឋ​ក្នុង​ការ​ទិញ​សំបុត្រ​ឡាន​ក្រុង​ពេល​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​ម្តងៗ យុវជន​សម្បុរ​ស្រអែម​រូប​នេះ បាន​ព្យាយាម​បង្កើត​កម្មវិធី​កក់​សំបុត្រ​ឡាន​ក្រុង​អស់​រយៈពេល ៥ ទើប​រួច។

កម្មវិធី​កក់​សំបុត្រ​ឡាន​ក្រុង ឡង់​ដា បាន​យក​ទៅ​ដាក់​ប្រកួត​ប្រជែង​កម្មវិធី​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា​ប្រចាំ​ឆ្នាំ ២០១៦ (Cambodia ICT Award 2016) ​រហូត​ទទួល​បាន​ជយលាភី​មេដាយ​មាស​ផ្នែក​ការ​បង្កើត​ធុរកិច្ច (ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​) ដោយ​ទទួល​បាន​រង្វាន់​ទឹកប្រាក់ ៥ ០០០ ពាន់​ដុល្លារ​។

បច្ចុប្បន្ន ឡង់ ដា ក្លាយ​ជា​នាយក​ក្រុមហ៊ុន​ផ្នែក​ផ្តល់​សេវាកម្ម​កក់​សំបុត្រ​ឡាន​ក្រុង BookMeBus ដោយ​មាន​ដៃ​គូ​សហការ​ជាង ២៧ ក្រុមហ៊ុន។

*រូបថតផ្តល់ឲ្យ*

ចំណែក​ឯ​លោក សុភមង្គល បច្ចុប្បន្ន​ជា​នាយក​ក្រុមហ៊ុន​ផ្តល់​សេវា​បង្កើត​វិបសាយ និង​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​លើ​អាជីវកម្ម​ឈ្មោះ Codingate និង​ធ្លាប់​បម្រើការ​ជា Solution Developer ច្រើន​ឆ្នាំ។ ប៉ុន្តែ​ដោយ​សារ​​សេរី​ភាព​មិន​ចង់​ស្ថិត​ក្រោម​ការ​បញ្ជា​ឆ្វេង​ស្តាំ លោក បាន​សម្រេច​ចិត្ត​ចោល​ប្រាក់​ខែ​រាប់​ពាន់​មក​បើក​ក្រុមហ៊ុន CODINGATE ដោយ​មាន​ដើម​ទុន​ដំបូង​តែ ១២០ដុល្លារ។

បើក​​ដំបូង​មាន​គ្នា​តែ​ពីរ​បី​នាក់ តែ​ដល់​ពេល​ដំណើរ​ការ​រយៈ​ពេល​ ៣ ឆ្នាំ​​ក៏​បាន​ពង្រីក​សមាជិក​ឡើង​ប្រមាណ ៣០ នាក់​ដល់​បច្ចុប្បន្ន។

មក​ដល់​ពេល​នេះ​សម្រាប់​ក្រុមហ៊ុន Codingate របស់ មង្គល បាន​សហការ​ជាមួយ​ដៃគូ​ក្រៅ​ប្រទេស​មួយ​ចំនួន​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​បច្ចេកវិទ្យា​ថ្មីៗ​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក។

បច្ចុប្បន្ន Codingate បាន​បង្កើត​កម្មវិធី​ទូរសព្ទ​និង Web ជា​ច្រើន​សម្រាប់​ដៃ​គូទាំង​ក្នុង​និង​ក្រៅ​ប្រទេស ហើយ​លោក​ជឿ​ថា​ នៅ​រយៈ​ពេល ៥ឆ្នាំ​ខាង ក្រុមហ៊ុន​នឹង​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី ដោយ​យក Google ជា​គំរូ៕

អត្ថបទ៖ ផាន់និត

អត្ថបទពេញនិយម