ជំនឿ ទាក់ទងនឹងភ្លើងអាប ហោះនៅពេលយប់
- 2016-11-28 10:31:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនឿ ទាក់ទងនឹងភ្លើងអាប ហោះនៅពេលយប់
ចន្លោះមិនឃើញ
នៅតាមផ្នូរខ្មោច ព្រៃស្មសាន រឺ ទីវាលដែលគេបោះបង់ចោល ពេលរាត្រីដ៏ស្ងាត់ជ្រងំ មនុស្សមួយចំនួនបានអះអាងថា ខ្លួនបានឃើញដុំភ្លើងពណ៌បៃតងហោះភ្លឹបភ្លែតៗ ចេញពីទីនោះ គួរអោយព្រឺក្បាល ហើយត្រូវបានអ្នកស្រុកចាត់ទុកថាគឺជាភ្លើងអាប រឺ ភ្លើងព្រាយ។ តើអ្វីដែលស្ថិតនៅពីក្រោយភ្លើងហោះដ៏ចម្លែកនេះ?
បើតាមជំនឿរបស់អ្នកស្រុកដែលបានដំណាលតៗគ្នាមក បានអោយដឹងថាពួកអាប (អាចស្រី រឺ ប្រុស) ដែលចេះវិជ្ជាផ្លូវងងឹត គឺមិនហ៊ានដើរចេញទៅក្រៅនៅពេលថ្ងៃនោះឡើយ។ បន្ទាប់មករង់ចាំដល់យប់ជ្រៅពេលអ្នកភូមិដេកលក់អស់ ទើបផ្ដាច់ក ហូតក្បាល និង គ្រឿងក្នុងខ្លួនឯងចេញពីដងខ្លួន ហើយហោះទៅរកស៊ីភក់ជ្រាំ ស៊ីកូនក្អាត់ កូនកង្កែប និង ជាតិឈាម លាមកជាដើម។ ចំណែកភ្លើងបៃតងខ្ចីដែលភ្លឺភ្លឹបភ្លែតៗនោះ អ្នកស្រុកជឿថាគឺជាភ្លើងដែលចេញពីប្រមាត់របស់អាបនោះ។
មិនតែប៉ុណ្ណោះអ្នកស្រុកជឿទៀតថា ពួកអាបទាំងនោះចេះវិជ្ជាពូកែណាស់ បើវាទៅស៊ីភក់ជ្រាំផ្ទះណាហើយ គ្រួសារក្នុងផ្ទះនោះច្បាស់ជាធ្លាក់ខ្លួនឈឺជាមិនខាន រឺ ធ្វើទុក្ខរហូតដល់ស្លាប់តែម្ដង។ ម្ល៉ោះហើយទើបអ្នកស្រុកតែងនាំគ្នាយកបន្លាស្អិត បន្លាឫស្សី និង ដំបងយក្សយកទៅស្រះតាមភក់ជ្រាំក្បែរផ្ទះ ពិសេសពេលមានស្ត្រីកើតកូនក្នុងភូមិ។ មូលហេតុគឺពួកអាបទាំងនោះធំក្លិនឈាម និង ជាតិឆ្អាបក៏ហោះហើររករបស់ទាំងនោះស៊ីជាមិនខាន។ ទាំងអស់នេះគឺគ្រាន់តែជាការតំណាលតៗគ្នាដោយពុំទាន់មានភស្តុតាងពិតប្រាកដបញ្ជាក់នៅឡើយទេ។
ដោយឡែកបើយោងតាមសៀវភៅ "មួយសែនបញ្ហា" របស់សាស្ត្រាចារ្យប្រាជ្ញជុំ បានបកស្រាយអំពីចម្ងល់មួយនេះថា តាមពិតភ្លើងហោះភ្លឹបភ្លែតៗនោះ គឺជាបាតុភូតវិទ្យាសាស្ត្រមួយដែលគេអោយឈ្មោះថា " ការឆេះនៃផូស្វ័រ” ។ ផូស្វ័រ (Phospore) គឺជាសារធាតុគីមីមួយប្រភេទដែលមានលក្ខណៈជាម្សៅ ពណ៌ស រឺ ក្រហមនៅក្នុងរ៉ែ ហើយមានលក្ខណៈរាវនៅក្នុងឆ្អឹងរបស់មនុស្ស និង សត្វ។ ធម្មជាតិរបស់សារធាតុនេះគឺងាយឆេះបំផុតដោយ គ្រាន់តែប៉ះនឹងអុកស៊ីហ្សែនក្នុងខ្យល់ ក៏បង្កើតបានជាអណ្ដាតភ្លើងពណ៌បៃតងខ្ចីភ្លាមមួយរំពេច។ ម្ល៉ោះហើយទើបនៅតាមផ្នូរខ្មោច និង ព្រៃស្មសានដែលមានកប់សាកសព និង សត្វងាប់ស្អុយរលួយតែងមានបាតុភូតនេះកើតឡើង។
សារធាតុផូស្វ័រនេះបានហូរចេញពីក្នុងឆ្អឹងនៃសាកសពទាំងនោះ ហើយប៉ះនឹងបរិយាកាសខាងក្រៅដែលមាន អុកស៊ីហ្សែន វាក៏ឆេះចេញជាអណ្ដាតភ្លើងតែម្ដង។ ហើយកន្លែងខ្លះ ដែលមានស្មៅស្ងួត វាក៏អាចបណ្ដាលអោយឆេះជាភ្លើងផងដែរ។ បាតុភូតភ្លើងហោះនេះក៏កើតមានឡើងនៅពេលថ្ងៃផងដែរ ប៉ុន្តែដោយសារពេលថ្ងៃមានពន្លឺព្រះអាទិត្យចាំងខ្លាំង ទើបធ្វើអោយ មនុស្សទូទៅមិនអាចមើលឃើញភ្លើងនេះបានច្បាស់ និង មិនចាប់អារម្មណ៍។
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការបកស្រាយចម្ងល់មួយនេះ?