គ្រូ​បង្វឹក​បាល់ទាត់​សៀមរាប​ ចង់​អភិវឌ្ឍន៍​ក្រុម​ខ្លួន​ឲ្យ​ដូច​ក្លឹប​អាជីព​នៅ​កម្ពុជា

  • 2016-12-09 07:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ សៀមរាបអង្គរ​ ចង់​អភិវឌ្ឍន៍​ក្រុម​របស់​ខ្លួន​ឲ្យ​ដូច​ក្រុម​បាល់ទាត់​អាជីព​ផ្សេងៗ​ទៀត​នៅ​ប្រទេស​កម្ពុជា​ប្រសិន​បើ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សប្បុរសធម៌​ណា​ក៏​បាន។​

លោកគ្រូ ឈឹម សារ៉ាត់ ពាក់អាវព័ណស

លោក​ ឈឹម​ សារ៉ាត់ ដែល​ជា​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ខេត្ត​សៀមរាប​ ឲ្យ​ដឹង​បន្ទាប់​ពី​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម​បាល់ទាត់​ Cam -Tiger​ ថា​ប្រសិន​បើ​មាន​សប្បុរសធម៌​ខាង​ណា​ជួយ​ដល់​ក្រុម​របស់​លោក​ លោក​ចង់​អភិវឌ្ឍន៍​ក្រុម​បាល់ទាត់​ខេត្ត​មួយ​នេះ​ឲ្យ​ទៅ​ជា​អាជីព​ដូច​ក្លឹប​ខ្លាំង​ដទៃ​ទៀត​នៅកម្ពុជា។​

បច្ចុប្បន្ន​នេះ​ក្រុម​របស់​លោក​មិន​អាច​ប្រៀបធៀប​ជា​មួយ​ក្លឹប​អាជីព​ផ្សេង​ៗ​ទេ​គឺ​វា​ខុស​គ្នា​ឆ្ងាយ​ ដូចជាបច្ចេកទេស​នៃ​ការ​លេង​របស់​គេ​ខ្ពស់​ មាន​ពេលវេលា​សម្រាប់​ហ្វឹកហាត់​ត្រឹម​ត្រូវ​ កីឡាករ​របស់​គេ​មាន​ប្រាក់​ខែ​ជា​ប្រចាំ​ និង​មាន​ប្រាក់​ចំណាយ​ផ្សេងៗ​ក្នុង​ក្លឹប។​ រី​ឯ​ក្រុម​របស់​លោក​សុទ្ធ​តែ​ជា​កីឡាករ​លេង​ស្ម័គ្រចិត្ត​ទាំង​អស់​ហើយ​ភាគ​ច្រើន​ជា​កីឡាករ​ក្មេងៗ។​ បើ​ទោះ​ជា​មិន​មាន​លទ្ធភាព​ក្ដី​តែ​គ្រូ​បង្វឹក​រូប​នេះ​នៅ​តែ​មាន​ក្ដី​ស្រមៃ​ថា​នឹង​ចង់​ដឹង​នាំ​ក្រុម​ខ្លួន​ឲ្យ​មាន​ភាព​រីកចម្រើន​និង​ខ្លាំង​ដូច​ក្លឹប​បាល់ទាត់​អាជីព​ៗ​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ។​

ក្រុម​បាល់ទាត់​ខេត្ត​ សៀមរាប​ ជា​ម្ចាស់​មេដាយ​មាស​លើ​ប្រភេទ​កីឡា​បាល់ទាត់​នៃ​ព្រឹត្តិការណ៍​កីឡាជាតិលើក​ទី១។​ ក្រុម​បាល់ទាត់​ម្ចាស់​មេដាយ​មាស​មួយ​នេះ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​ចាញ់​ក្រុម​ Cam-Tiger​ ដោយ​លទ្ធផល ​៦-០​ នា​ជំនួប​មិត្តភាព​កាល​ពី​ថ្ងៃ​ទី២​ ខែ​ធ្នូ​ ឆ្នាំ​២០១៦៕​

អត្ថបទ៖ នួន ស៊ីណា​