កោះទ្រង់​ ​​​​​​​តំបន់​ទេសចរណ៍​ធម្មជាតិ​លំដាប់​ទី២​នៅ​ក្រចេះ​ ​នៅ​១យប់​​ត្រឹម​តែ​៣​ដុល្លារ

  • 2016-12-09 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះ​ទ្រង់​ ដែល​ស្ថិត​នៅ​ទល់​មុខ​ចំ​​ក្រុង​ក្រចេះ​ ​​​បាន​បង្ហាញ​​ទេសភាព​ស្រស់​ស្អាត​ ​​ជា​ទី​កម្សាន្ត​ដ៏​ជក់​ចិត្ត​បំផុត​មួយ​​ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ ដែល​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ខេត្ត​ក្រចេះ ជា​ពិសេស​ការ​ស្នាក់​នៅ​គឺ​ធូរ​ថ្លៃ​មែនទែន ត្រឹម​តែ​៣​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​យប់។

វាល​ខ្សាច់ កោះ​ទ្រង់

​​ធ្វើ​ដំណើរ​ដោយ​ជិះ​ទូក​​ ឆ្លង​ទន្លេ​មេគង្គ​​​ប្រហែល​១​គីឡូម៉ែត្រ ​នឹង​​ទៅ​ដល់​កោះ​ធម្មជាតិ​​​​ដែល​ស្ថិត​នៅ​សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ​​​មាន​​ខ្យល់​អាកាស​​បរិសុទ្ធ​​ ​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ ​ជា​ពិសេស​​​មាន​វាល​ខ្សាច់​ដ៏​ធំធេង​​ទៀត​ផង។ កោះ​ទ្រង់​ ​មាន​​ផ្ទៃ​ដី​ទំហំ​ ២២៣​ហិកតារ ដែល​បែង​ចែក​​​ជា​ពីរ​​ភូមិ​​ (ក្បាល​កោះ និង​ចុង​កោះ)។ ប្រជាជន​ ភាគ​ច្រើន​នៅ​ទីនោះ​ប្រកប​របរ​កសិកម្ម និង​នេសាទ។ ​ភ្ញៀវ​ជាច្រើន​និយាយ​ថា នៅ​ក្រចេះ​ក្រៅពី​អន្លង់​ផ្សោត​កាំពី​ កោះទ្រង់​ជា​បេះដូង​ទេសចរ​ណ៍​ទាក់ទាញ​ភ្ញៀវ​លំដាប់​ទី​២​ និង​ជា​​កសិទេសចរណ៍​ធម្មជាតិ​ ដែល​មាន​​ក្រូច​ថ្លុង​ដ៏​ល្បី​ផ្អែម​ឆ្ងាញ់ និង​ដំណាំ​បន្លែ​ជា​ច្រើន​មុខ​ទៀត​ដូច​ជា​ ស្ពៃ សណ្តែក ត្រសក់ ប៉េងប៉ោះ -ល-។

អ្នកស្រី យាន សុភី (ឆ្វេង - អាវ​ក្រៅខៀវស)

អ្នក​ស្រី​ យាន សុភី​ ជា​បេឡា​​​នៅ​តំបន់​ទេសចរណ៍​សហគមន៍​ធម្មជាតិ​កោះទ្រង់​ ​បាន​ប្រាប់​ក្រុម​ការងារ​ «ផ្លូវ​ទៅ​ស្រុក» ថា៖ "លក្ខណៈ​ពិសេស​នៃ​កោះ​ទ្រង់​នេះ​ វា​មាន​​ភាព​ស្ងប់ស្ងាត់​ល្អ​ ​ខ្យល់​អាកាស​បរិសុទ្ធ​ពី​ទន្លេ​មេគង្គ​ ​ហើយ​ទាំង​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្តរជាតិ​តែង​តែ​ទៅ​​​​កម្សាន្ត​ទី​នោះ​ ពុំ​ដែល​ខាន​ឡើយ ​ដូចជា​ទៅ​មើល​​ថ្ងៃ​រាប់​លិច​ជា​ដើម។ រីឯ​​ការ​ស្នាក់​នៅ​​ក្នុង​តំបន់​សហគមន៍​ទេសចរណ៍​ធម្មជាតិ​នេះ​​មាន Home Stay ឬ​ផ្ទះ​ស្នាក់​​នៅ​មាន​​​តម្លៃ​ត្រឹម​តែ​ចន្លោះ​ពី​​ ៣​ទៅ​៦​ដុល្លារ​តែ​ប៉ុណ្ណោះ ​ក្នុង​១​យប់​"។​

ចំពោះ​មធ្យោបាយ​ធ្វើ​ដំណើរ​កម្សាន្ត​ជុំ​វិញ​កោះ ដែល​​មាន​ចម្ងាយ​​​សរុប​ប្រហែល​​១០​គីឡូម៉ែត្រ​​ ​អ្នក​ស្រី​បាន​បញ្ជាក់​ប្រាប់​ថា ​ភ្ញៀវ​​​​មាន​៤​ជម្រើស​គឺ ​ជិះ​រទេះគោ​​ថ្លៃ​ជាង​គេ​ ១៥​ដុល្លារ, រទេះ​សេះ​១០​ដុល្លារ, ម៉ូតូ​ឌុប​៥​ដុល្លារ និង​ជិះ​កង់​មាន​តម្លៃ​ពី១​ទៅ​២​ដុល្លារ តាម​កង់​ចាស់​ឬ​ថ្មី។ រីឯ​​ម្ហូប​អាហារ​​ ភ្ញៀវ​អាច​កុម្ម៉ង់​​តាម​ចិត្ត​ចង់​ មាន​ត្រី​និង​មាន់​ ហើយ​មាន​តម្លៃ​ធូរ​ថ្លៃ​សមរម្យ​​ផង​ដែរ៕

អត្ថបទ៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម