ឃើញស្តែងៗ! ​​ផ្សោត​​​​​ ជា​ច្រើន​​ក្បាល​​បង្ហាញ​ខ្លួន​ ទាក់ទាញ​ភ្ញៀវ​បរទេស​សម្រុក​​​ទៅ​មើល​​កុះករ

  • 2016-12-10 00:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋាន​អន្លង់​ផ្សោត​ ​​ដែល​ស្ថិត​នៅ​​ភូមិ​កាំពី​ ខាងកើត​ច្រាំង​ទន្លេ​មេគង្គ ​ចម្ងាយ​១៥​គីឡូម៉ែត្រ​ខាងជើង​ក្រុង​ក្រចេះ​ តាម​ផ្លូវជាតិ​លេខ​៧​ ​បាន​ក្លាយ​ជា​បេះដូង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​ច្រើន​ដាច់​គេ​ ប្រចាំ​ខេត្ត​ក្រចេះ។ ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​ ​ពិសេស​ភ្ញៀវ​ទេសចរ​អន្តរជាតិ​យ៉ាង​ច្រើន​កុះករ ​​​​តែង​នាំ​គ្នា​ទៅ​ទស្សនា​​​ផ្សោត​ផុស​ចេញ​ស្តែងៗ​​ផ្ទាល់​ភ្នែក​តែ​ម្ដង​​ ​​​នៅ​​ទីនោះ។

ទស្សនា​វីដេអូផ្សោត​បង្ហាញ​ខ្លួន​លើ​ផ្ទះ​ទឹក​អន្លង់​ផ្សោត

លោក​ ​ទុយ សុវណ្ណ ​​ប្រធាន​សហគមន៍​​តំបន់​ទេសចរណ៍​អន្លង់​ផ្សោត​ ​បាន​ប្រាប់​ក្រុម​ការងារ​​ «ផ្លូវ​ទៅ​ស្រុក» ​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​​នៅ​អន្លង់​ផ្សោត​ ដែល​ជា​ទី​ជម្រក​សត្វ​ផ្សោត​ច្រើន​ជាង​គេ​បង្អស់​នៅ​កម្ពុជា ​នៅ​សល់​​ប្រហែល​​ពី​ ៣០​ទៅ​៣៥​ក្បាល​ប៉ុណ្ណោះ ​​ខណៈ​​ដែល​​​កាល​ពី​លោក​នៅ​តូច​ មាន​ចំនួន​រាប់​រយ​ក្បាល​ឯណោះ។ ​ផ្សោត​​ ​ដែល​ស៊ី​ត្រី​​ស្ទើរ​គ្រប់​ប្រភេទ​ជា​អាហារ​ បាន​បាត់បង់​ជីវិត​​​​ម្តង​មួយៗ និង​កំពុង​ប្រឈម​​នឹង​ការ​ផុត​ពូជ​បច្ចុប្បន្ន​នេះ​ ​ដោយសារ​​មាន​ការ​លួច​នេសាទ​ខុស​ច្បាប់ ​​ឆក់​ត្រី ឬ​ដាក់​មង​ជា​ដើម ​ហើយ​ជា​ធម្មតា ​ផ្សោត​​ពេល​ប៉ះ​មង ទោះ​មង​​នោះ​​ប៉ុន្មាន​ហ៊ុន​ ក៏​រមូរ​កន្ទុយ​ជាប់ និង​ស្លាប់​បាត់​បង់​ជីវិត​មួយ​រំពេច​នោះ​ដែរ។

ភ្ញៀវ​ទេសចរ​បរទេស​ជា​ច្រើន​ ទៅ​​ជិះ​ទូក​​មើល​ផ្សោត

ទោះ​ជា​យ៉ាង​ណា ​​លោក​បាន​បន្ត​ថា ​ពេល​នេះ​​​ផ្សោត​ដែល​សល់​ប្រហែល​៣៥​ក្បាល​ ​ត្រូវ​បាន​ក្រុម​អភិរក្ស​ទន្លេ​មេគង្គ​ ​​​ព្យាយាម​ថែរក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​​ ដើម្បី​បង្ការ​កុំ​​ឲ្យ​ផុត​ពូជ​ ​និង​​ដើម្បី​បម្រើ​ដល់​ភ្ញៀវ​ទេសចរ ​ឲ្យ​បាន​ជា​ចំណូល​​ជួយ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន នៅ​សហគមន៍​របស់​លោក។

លោក​ ទុយ សុវណ្ណ ប្រធាន​សហគមន៍អន្លង់​ផ្សោត

“ភ្ញៀវ​ទេសចរ​ ​មក​លេង​នៅ​អន្លង​ផ្សោត​ មាន​ការ​កើន​ឡើង​រាល់​ឆ្នាំ​ ជាក់​ស្តែង​ឆ្នាំ​មុន​​មាន​ភ្ញៀវ​ជាតិ​​ប្រហែល​២​ម៉ឺន​នាក់ និង​ភ្ញៀវ​បរទេស​ខ្ទង់​ ៨​ម៉ឺន​នាក់​​​​​ជុំ​វិញ​ពិភពលោក​ ​មក​ទស្សនា​​ និង​ផ្តិត​យក​រូបភាព​​ពេល​ផ្សោត​ផុស​នៅ​ទីនេះ។ ​ប្រជាជន​មាន​ជីវភាព​ធូរធារ​ ​ក៏​បាន​​មក​ពី​​ភ្ញៀវ​ទេសចរ​ទាំង​អស់​នេះ​ មួយ​ផ្នែក​ធំ​ផង​ដែរ តាម​រយៈ​លក់​វត្ថុ​​អនុស្សាវរីយ៍ និង​ម្ហូបអាហារ​ជា​ដើម”។ ​លោក​ សុវណ្ណ ​បាន​បញ្ជាក់​បន្ថែម៕

សត្វ​ផ្សោត​ ដែល​ជិត​ផុត​ពូជ​ ​​ពេល​ផុស​ចេញ (ពេលវា​ដកដង្ហើម)

អត្ថបទ៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម