បើ​មិន​ចង់​មាន​ជំងឺ​មហារីក​ធ្ងន់ធ្ងរ អ្នក​ជំងឺ​ត្រូវ​យកចិត្ត​ទុក​ដាក់​រឿង​ប្រព័ន្ធ​រំលាយ​អាហារ

  • 2016-12-12 05:30:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​វេជ្ជ​បណ្ឌិត ស៊ី ខេ លាវ (C K Leow) គ្រូពេទ្យ​ឯកទេស​ជាន់​ខ្ពស់ និង​វេជ្ជបណ្ឌិត​ព្យាបាល​និង​វះ​កាត់​ជំនាញ​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​កម្ពុជា​ត្រូវ​យក​ចិត្ត​ទុកដាក់​ពី​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​ក្នុង​នោះ​រួមមាន​បំពង់ក ថ្លើម ប្រមាត់ លំពែង​ ពោះវៀនតូច និង​ពោះ​វៀន​ធំ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ជំងឺ​មហារីក​ធ្ងន់ធ្ងរ ដែល​អាច​ឲ្យ​បាត់បង់​ជីវិត​បាន​ភ្លាមៗ។

លោក ស៊ី ខេ លាវ បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ថា ធ្លាប់​មក​ប្រទេសកម្ពុជា​កាលពីឆ្នាំ ២០០៥ ក្នុង​ដំណើរ​ទស្សនកិច្ច​មនុស្សធម៌ ហើយ​លោក​បាន​ដឹងថា ប្រទេស​នេះ​គឺ​មាន​ប្រជាជន​ជាច្រើន​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​តាំងពី​​លើ​រហូត​ដល់​ក្រោម ពោល​គឺ​គិតចាប់​ពី​កន្លែង​ដែល​អាហារ​ចូល និង​កន្លែង​ដែល​កាកសំណល់​អាហារ​ចេញ។

នៅ​ឯ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​សិង្ហបុរី លោក លាវ បាន​ពិគ្រោះ​យោបល់ និង​ព្យាបាល​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ដល់​ជនជាតិ​កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និង​វៀតណាម ហើយ​នៅទីនោះ​មាន​ការ​ចំណាយ​ច្រើន​​ដោយ​លោក​លើក​ឧទាហរណ៍​ថា ក្រៅពី​ថ្លៃ​ពិគ្រោះ​យោបល់ និង​ព្យាបាល​ជំងឺ អ្នកជំងឺ​និង​អ្នក​រួម​ដំណើរ​ត្រូវ​ចំណាយ​លើ​សំបុត្រ​យន្តហោះ សណ្ឋាគារ ការ​ធ្វើដំណើរ និង​ការ​ហូបចុក​អស់​រាប់ពាន់​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ។

“ឥឡូវ ដើម្បី​សម្រួល​ដល់​ប្រជាជន​កម្ពុជា ខ្ញុំ​បាន​មក​ពិគ្រោះ​យោបល់ និង​ព្យាបាល​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​នេះ​នៅ​កម្ពុជា​ជា​ទៀងទាត់​ប្រចាំខែ ដោយ​សហការ​ជាមួយ​មន្ទីរ​ពហុ​ព្យាបាល​​អន្តរជាតិ​ខេមា​បឹងកេងកង រាជធានី​ភ្នំពេញ ព្រោះ​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ខេមា​នេះ ​មាន​ឧបករណ៍​ស្តង់ដារ​គ្រប់គ្រាន់ និង​គ្រូពេទ្យ​មាន​វិជ្ជាជីវៈ គួរ​ឲ្យ​ទុកចិត្ត​បាន ដូច​នៅ​ប្រទេស​របស់​ខ្ញុំ​ដែរ​ ដែល​អាច​ឲ្យ​ខ្ញុំ​វះកាត់​នៅ​ទីនេះ​បាន”។ លោក លាវ និយាយ។

លោក លាវ បាន​រម្លឹក​ថា បញ្ហា​តូច​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ដូចជា​បំពង់ក ថ្លើម ប្រមាត់ លំពែង​ ពោះ​វៀន​តូច និង​​ពោះវៀនធំ​អាច​ទៅ​ជា​បញ្ហា​ធំ ដោយ​ក្លាយ​ជា​ជំងឺ​មហារីក​ធ្ងន់ធ្ងរ ហេតុនេះ​បុគ្គល​គ្រប់រូប​ត្រូវ​មកពិគ្រោះ​​យោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស​ឲ្យ​បាន​ពី​ដំបូង ដើម្បី​ព្យាបាល​ឲ្យ​ទាន់​ពេល។    សូម​បញ្ជាក់ថា លោក លាវ បាន​សិក្សា​ទាំង​នៅ​ប្រទេស​អង់គ្លេស និង​សិង្ហបុរី ហើយ​ក្លាយ​ជា​គ្រូពេទ្យ​ឯកទេស​វះ​កាត់​ទូទៅ​ និង ផ្នែក​ប្រព័ន្ធ​រំលាយអាហារ។ លោក​ក៏​ធ្លាប់​បាន​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ ធ្លាប់​បាន​បង្រៀន និង ព្យាបាល​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​នៅ​ប្រទេស​អង់គ្លេស សិង្ហបុរី និង​ហុងកុង ដែល​មាន​អ្នកជំងឺ​គ្រប់​ជាតិសាសន៍ ទៅ​ពិគ្រោះ​យោបល់ និង​ព្យាបាល​ទាំង​ប្រើប្រាស់​ឱសថ និង​វះកាត់។

នៅ​​កម្ពុជា លោក​វេជ្ជបណ្ឌិត លាវ នឹង​មក ៣ថ្ងៃក្នុងមួយខែ ដើម្បី​ផ្ដល់​ការពិគ្រោះ ពិនិត្យ ធ្វើ​រោគវិនិច្ឆ័យ និង​​ព្យាបាល​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ទៅតាម​ស្ថានភាព​ នៃ​ជំងឺ​នៅ​ឯ​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ខេមា​បឹងកេង​កង ដោយ​លោក​អះ​អាង​​ថា តម្លៃ​ពិត​ជា​ខុសគ្នា​នៅ​ប្រទេស​សិង្ហបុរី ខណៈ​ដែល​មាន​គ្រូពេទ្យ​ឯកទេស​ដូចគ្នា។ 

សម្រាប់​ការ​ណាត់​ជួប​លោក​វេជ្ជបណ្ឌិត ស៊ី ខេ លាវ អ្នក​មាន​បញ្ហា​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​អាច​ទាក់​ទង​លោក​វេជ្ជបណ្ឌិត អ៊ុំ សុភាព នាយក​គ្រប់គ្រង​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ខេមា​បឹង​កេងកង ស្ថិត​នៅ​ដី​ឡូត៍​លេខ ២៨ ផ្លូវ ២៩៤ សង្កាត់​បឹង​កេងកង ១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ឬ​តាម​ទូរស័ព្ទ​លេខ ០១៧ ៥៨៨ ៥៨៨ និង ០៩៩ ៥៨៨ ៥៨៨៕

  អត្ថបទ៖ CCJ

រូបថត៖ ផ្ដល់ឲ្យ