អតីត Freshie Boy ថៃ​ នរៈ​ពិទូ ប្រឈម​ជាប់​ពន្ធនាគារ​ ពី​១-៥ ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើស​រក្សា​ទុក​គ្រឿងញៀន

  • 2017-01-12 04:50:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ Freshie Boy លេខ១ ប្រចាំឆ្នាំ២០០៦ លោក ថៃ នរៈពិទូ ព្រមទាំង​ភរិយា​ ត្រូវ​បាន​នគរបាល​ចាប់​ឃាត់​ខ្លួន​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ រក្សា​ទុក​គ្រឿង​ញៀន ដែល​បទ​ល្មើស​ត្រូវ​ប្រឈម​ជាប់​ពន្ធនាគារ​យ៉ាង​តិច​ ២ឆ្នាំ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន។

មាត្រា ៤០ នៃ​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿង​ញៀន បាន​ចែង​ថា ការ​ទិញ ការ​រក្សា​ទុក ឬ​ការ​ប្រើប្រាស់​ដោយ​ដឹង​ហេតុផល នៃ​ធនធាន​ និង ទ្រព្យសម្បត្តិ ដែល​បាន​មក​ពី​បទ​ល្មើស ត្រូវ​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ​ពី ១ ឆ្នាំ ដល់ ៥ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ ប្រាំ​លាន​រៀល ដល់ ដប់​លាន​រៀល ឬ​ផ្ដន្ទាទោស​ណាមួយ ក្នុង​ទោស​ទាំង​ពីរ។

*កាលពីព្រឹកថ្ងៃទី១១ ខែមករានេះ អតីត Freshie Boy លេខ១ ប្រចាំឆ្នាំ២០០៦ លោក ថៃ នរៈពិទូ ព្រមទាំងភរិយា ត្រូវបាននគរបាល​ចូលទៅឃាត់ខ្លួនដល់ក្នុងបន្ទប់ខារ៉ាអូខេ​មួយកន្លែង នៅឯខេត្តបាត់ដំបង ពាក់ព័ន្ធទៅនឹង បទល្មើសរក្សាទុក គ្រឿងញៀន។*

លោក មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​គ្រឿង​ញៀន បាន​ប្រាប់ Sabay ថា សមត្ថកិច្ច​បាន​​ចាប់​ផ្ដើម​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ចាប់​តាំង​ពី​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០១៧ បន្ទាប់​ពី​បាន​ប្រកាស​ផ្លូវ​ការ​អំពី​យុទ្ធនាការ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី ២២ ខែ​ធ្នូ ឆ្នាំ ២០១៦ កន្លង​ទៅ។ នៅ​ក្នុង​យុទ្ធនាការ​នេះ សមត្ថកិច្ច​បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​បោស​សំអាត​អំពើ​ប្រព្រឹត្តិ ឬ​ចែក​ចាយ​គ្រឿង​ញៀន ដោយ​មិន​ដឹង​ថា នរណា​ជា​អ្នក​តូច ឬ ធំ ឬ​ក៏​ជា​តារា​នោះ​ទេ។ "ខ្ញុំ​មិន​បាន​ដឹង​ដែរ ទើប​តែ​ឃើញ​មាន​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​ថា សមត្ថកិច្ច​យើង​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ ក្នុង​នោះ​មាន​តារា​ល្បី​ឈ្មោះ​ម្នាក់"។

ប្រសិន​បើ​តុលាការ​រក​ឃើញ​ដូច​ការ​ចោទ​ប្រកាន់​របស់​សមត្ថកិច្ច​​នៅ​ខេត្ត​បាត់​ដំបង អំពី​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​ ការ​រក្សា​ទុក​គ្រឿង​ញៀន គឺ​ប្រឈម​នឹង​ការ​ជាប់​ទោស​ពី​ ១-៥ ឆ្នាំ​ ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿង​ញៀន។

គិត​ត្រឹម​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ១០ ខែ​មករា ឆ្នាំ ២០១៧​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​សរុប​ចំនួន ៣៧៩ ករណី ក្នុង​នោះ​ឃាត់​ខ្លួន​បាន​ ៩២៧ នាក់ ក្នុង​តួលេខ​នេះ មាន​ស្រ្តី ៥៥នាក់។ តួលេខ​នេះ​ក៏​បូក​រួមបញ្ចូល អតីត Freshie Boy ថៃ​ នរៈ​ពិទូ និង ភរិយា​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោក មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​គ្រឿង​ញៀន៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម