ជួយ​ដូរ​កង់​​ឡាន​ឲ្យ​នារី​​មិន​ធ្លាប់​ស្គាល់​ ស្រាប់​តែ​​ល្ងាច​​ប្រពន្ធ​ជួប​រឿង​នឹក​ស្មាន​មិនដល់

  • 2017-01-16 02:49:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុរស​​ម្នាក់​កំពុង​បើក​ឡាន​តាម​ដង​ផ្លូវ​ ស្រាប់​តែ​ប្រទះ​ឃើញ​ស្ត្រី​ចំណាស់​​​ម្នាក់​​​កំពុង​​នៅ​​ទីទើរ​​ទៅ​ណា​មិន​រួច​​តាម​ចិញ្ចើម​ផ្លូវ។ ​គាត់​​មើល​ទៅ​​​អ្នក​ស្រី​​នោះ​​ហាក់​​ត្រូវ​ការ​ជំនួយ ដូច្នេះ​​ក៏​​ឈប់​​ឡាន​កញ្ចាស់​ខ្លួន​​​ក្បែរ​​​​ឡាន ​Mercedes ​របស់​អ្នក​ស្រី​​ រួច​ក៏​បើក​ទ្វារ​ចេញ​ទៅ​​សួរ​នាំ។

រូបតំណាង

​គាត់​​ដើរ​ទាំង​​ញញឹម​សំដៅ​ទៅ​កាន់​​ស្ត្រី​នោះ​ ​ប៉ុន្តែ​​អ្នក​ស្រី​បែរ​​​​ជា​ប្រែ​ទឹក​មុខ​បង្ហាញ​ក្ដី​​​ព្រួយបារម្ភ និង​​ភ័យ​ខ្លាច​ ព្រោះ​គ្មាន​​នរណា​​ផ្សេង​ទៀត​​មក​​ឈប់​មើល​​​​គាត់​ឡើយ។ លើស​ពី​នេះ ​អ្នក​ស្រី​គិត​ថា​​បុរស​​នេះ​មិន​គួរ​ឲ្យ​ទុក​ចិត្ត​​​ព្រោះ​​រូបរាង​កាយ​​​​ជា​អ្នក​ក្រ និង​ស្លៀកពាក់​ខោអាវ​​រយីករយាក។

បុរស​ដដែល​​ដឹង​ថា​​​ស្ត្រី​នោះ​ខ្លាច​​ខ្លួន​ហើយ​ ក៏​​​ព្យាយាម​​និយាយ​រំងាប់​ចិត្ត​ដោយ​ពោល​ថា "​ខ្ញុំ​មក​ទី​នេះ​​មក​ជួយ​​អ្នកស្រី​​ទេ​​ កុំ​បារម្ភ​អី។ ខ្ញុំ​ឈ្មោះ Bryan Anderson"។

កង់​​ឡាន​របស់​អ្នក​ស្រី​​​ធូរ​​អស់​ខ្យល់​​ ដូច្នេះ​​គាត់​​សម្រេច​​លូន​ក្រាប​​ក្រោម​​ឡាន​​ជួយ​មើល​ និង​ជួស​ជុល។ ពេល​​គាត់​​ដូរ​កង់​ឡាន​​ឲ្យ​​អ្នក​ស្រី​រួច​ហើយ​​ ​ខ្លួន​របស់​គាត់​ប្រែ​ជា​​កខ្វក់​​ និង​ធ្វើ​ឲ្យ​ដៃ​របួស​ថែម​ទៀត។

ពេល​កិច្ច​ការ​បញ្ចប់​ អ្នក​ស្រី​​បាន​សួរ​ថា "​តើ​ខ្ញុំ​ជំពាក់​លោក​​ប៉ុន្មាន​​បន្ទាប់​ពី​ជួយ​នេះ"?​ Bryan ញញឹម​​បន្តិច​រួច​តប​ថា "​ប្រសិន​​បើ​អ្នក​ស្រី​ពិត​ជា​​ចង់​​សង​ខ្ញុំ​​វិញ​មែន លើក​ក្រោយ​​ពេល​​អ្នក​ស្រី​ឃើញ​នរណា​​ម្នាក់ ​ត្រូវ​ការ​ឲ្យ​គេ​ជួយ ​សូម​អ្នក​ស្រី​​ជួយ​អ្នក​នោះ​ទៅ​ ហើយ​គិត​​​ដល់​ខ្ញុំ​ផង"។ អ្នក​ស្រី​បាន​បើក​​ឡាន ចេញ​ទៅ​​​ទៀត​ដោយ​សុវត្ថិភាព។

​នៅ​ល្ងាច​ថ្ងៃ​ដដែល​ ​អ្នក​ស្រី​បាន​​ចត​ឡាន​​ទំនើប​ខ្លួន​នៅ​ក្បែរ​ហាង​កាហ្វេ​តូច​មួយ រួច​​ក៏​ឃើញ​​នារី​​​អ្នក​បម្រើ​​ម្នាក់​​​​មាន​ផ្ទៃ​ពោះ​​​ជិត​​៨ខែ​ កំពុង​ជូត​សក់​សើម​បណ្ដើរ​ ធ្វើ​ការ​បណ្ដើរ។ អ្នក​បម្រើ​​នោះ​បាន​ញញឹម​​​ដោយ​ភាព​រួសរាយ​រាក់ទាក់ ​​ទោះ​​នាង​​ចំណាយ​ពេល​​​​ឈរ​រង់​ចាំ​​ភ្ញៀវ​​​ពេញ​មួយ​ថ្ងៃ​ក៏​ដោយ។

អ្នក​ស្រី​​នោះ​​ញ៉ាំ​អាហារ​បណ្ដើរ​​ឆ្ងល់​បណ្ដើរ​​ ​រឿង​​គេ​ជួយ​​ពី​ព្រឹក​ថា ​"ហេតុ​​អ្វី​​បុរស​ក្រីក្រ​នោះ​ (Bryan)​​ អី​ក៏​ចិត្ត​ល្អ​ម្ល៉េះ​ ដែល​សុខ​ចិត្ត​​ជួយ​​មនុស្ស​មិន​ធ្លាប់​ស្គាល់​គ្នា​​ពី​មុន​"?

​បន្ទាប់​ពី​ញ៉ាំ​អាហារ​​​រួច​ ​ឲ្យ​គេ​គិត​លុយ​ក៏​ហុច​ក្រដាស​ប្រាក់​១០០​ដុល្លារ។ ​នារី​អ្នក​បម្រើ​​បាន​​យក​​ប្រាក់​​នោះ​​ទៅ​ឲ្យ​អ្នក​គិត​លុយ​អាប់​ ​តែ​ពេល​ត្រលប់​មក​តុ​វិញ​​​ អ្នក​ស្រី​ជិះ​ឡាន​ Mercedes​ នោះ ​​បាន​ចេញ​ទៅ​បាត់​ហើយ​។ អ្នក​ស្រី​បាន​​បន្សល់​​ទុក​លិខិត​​មួយ​ច្បាប់​ក្នុង​កន្សែង​លើ​តុ​ដោយ​សរសេរ​ថា "​អ្នក​​មិន​បាន​ជំពាក់​​ខ្ញុំ​​អ្វី​ទាំង​អស់​។ ពេល​​បុរស​ម្នាក់​បាន​ជួយ​ខ្ញុំ ​ខ្ញុំ​​ត្រូវ​ជួយ​អ្នក​ដទៃ​​ដើម្បី​សង​គុណ​​​បុរស​នោះ​វិញ។ ​ប្រសិន​​បើ​​អ្នក​ពិត​ជា​​ចង់​​សង​ខ្ញុំ​​ សូម​កុំ​ឲ្យ​​ចង្វាក់​​នៃ​​​ក្ដី​ស្រលាញ់​​មួយ​នេះ​​បញ្ចប់​ឲ្យ​សោះ​ ជួយ​អ្នក​ដទៃ​ទៀត​តាម​លទ្ធភាព"។ នារី​អ្នក​​​បម្រើ​ដដែល​​​បាន​រក​ឃើញ​​​​ប្រាក់​​​១០០​ដុល្លារ​​ចំនួន​ ៤​សន្លឹក​ទៀត​​ ក្នុង​កន្សែង​សម្រាប់​​ឲ្យ​នាង​​​​​​ប្រើ​ប្រាស់​​ពេល​សម្រាល​កូន។

​នៅ​ពេល​យប់​ នារី​​បម្រើ​ខាង​លើ​​​ បាន​ត្រលប់​មក​ផ្ទះ​វិញ​​ដោយ​​​គិត​​អំពី​អ្នក​ស្រី​ និង​​ប្រាក់​ដែល​​ទុក​ឲ្យ​​​នាង​។ នាង​ឆ្ងល់​​ថា​ ហេតុ​អ្វី​​ស្ត្រី​​នោះ​​​ដឹង​ថា ​ខ្លួន​ និង​ប្ដី​​ត្រូវ​ការ​​ប្រាក់​​ខ្លាំង​​នា​ពេល​នេះ ពិសេស​​ចំ​ពេល​​ជិត​សម្រាក​កូន​ទៀត។

នាង​​​ដឹង​ថា​​​ប្ដី​​របស់​ខ្លួន​​​ក៏​ព្រួយបារម្ភ​រឿង​​ពុំ​មាន​ប្រាក់​សម្រាល​​កូន​ដែរ តែ​​នាង​រីករាយ​នឹង​ប្រាប់​ដំណឹង​​ល្អ​​ទៅ​គាត់។ ​បន្ទាប់​មក​​នាង​ថើប​ប្ដី​ រួច​ខ្សឹប​ថា​ "​បង ឥឡូវ​រឿង​គ្រប់​យ៉ាង​​នឹង​ប្រសើរ​ឡើង​ហើយ​។ អូន​ស្រលាញ់​បង លោក​ប្ដី​ Bryan Anderson”៕

តម្លៃ​អប់​រំ៖ ត្រូវ​ចេះ​ជួយ​អ្នក​ដទៃ​​ដែល​ត្រូវ​ការ​តាម​លទ្ធភាព ​​ទោះ​គេ​ជា​មនុស្ស​មិន​ធ្លាប់​​ស្គាល់​ក៏ដោយ។ មិន​ត្រូវ​វាយ​តម្លៃ​លើ​ការ​ស្លៀក​ពាក់​​​ខោអាវ​កញ្ចាស់​ៗ​របស់​អ្នកដទៃ​​​ឡើយ​។ សេចក្ដី​ល្អ​​របស់​​អ្នក​​ នឹង​តប​ស្នង​មក​អ្នក​វិញ​​​ជាមួយ​​អំពើ​ល្អ​ដូច​គ្នា​នា​ថ្ងៃ​ណា​មួយ។