ធ្លាប់​ឲ្យ​​ទឹក​​ដោះ​គោ​ក្មេង​មួយ​កែវ ពេល​ខ្លួន​ឈឺ​ធ្ងន់​​បែរ​ជួប​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​

  • 2017-01-17 23:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ក្មេង​ប្រុស​​កម្សត់​ម្នាក់​ឈ្មោះ ​Howard Kelly ដើរ​លក់​ឥវ៉ាន់​បន្តិច​បន្តួច​តាម​​ផ្ទះ​​អ្នក​ភូមិ ​​​ដើម្បី​បាន​ប្រាក់​ផ្គត់​ផ្គង់​ការ​សិក្សា​របស់​ខ្លួន​ជា​មួយ​ការ​តស៊ូ​ព្យាយាម​​ខ្ពស់​។

រូបតំណាង

ថ្ងៃ​​មួយ Kelly ដើរ​លក់​មិន​ដាច់ និង​​មាន​​ប្រាក់​​ជាប់​ខ្លួន​មួយ​កាក់​ប៉ុណ្ណោះ ​ប៉ុន្តែ​ក្រពះ​​ចាប់​ផ្ដើម​​ឃ្លាន​ខ្លាំង​ទ្រាំ​លែង​បាន។​ Kelly បាន​​ទៅ​ដល់​​ផ្ទះ​​មួយ​​នៅ​ក្បែរ​​នោះ ហើយ​សម្រេច​ចិត្ត​​ទាំង​បង្ខំ​​សុំ​​អាហារ​​​គេ​ញ៉ាំ។

​​ប៉ុន្តែ​​ពេល​ស្ត្រី​ជា​​​ម្ចាស់​ផ្ទះ​បើក​ទ្វារ​ទទួល ​ស្រាប់​តែ​ក្មេង​នោះ​​ហ៊ាន​សុំ​ត្រឹម​តែ​​ទឹក​​មួយ​កែវ​ប៉ុណ្ណោះ។ នាង​សម្លឹង​មើល Kelly​ ពី​ចុង​ជើង​​ដល់​ចុង​សក់​ រួច​ដឹង​ថា​​គេ​ប្រហែល​​ជា​ឃ្លាន​​ខ្លាំង​ណាស់​ហើយ ដូច្នេះ​​​នាង​​បាន​​យក​ទឹក​ដោះ​គោ​មួយ​កែវ​ធំ​​ឲ្យ​។

ឃើញ​បែប​នេះ ​ក្មេង​ប្រុស​​​កម្សត់​​បាន​​ទទួល​យក​ដៃ​ពីរ​​ទាំង​រំភើប​រីករាយ​។ ពេល​ផឹក​រួច​​ គេ​បាន​​សួរ​​ស្ត្រី​នោះ​ថា "​តើ​ខ្ញុំ​ជំពាក់​​​ប៉ុន្មាន?” ស្រ្តី​នោះ​ឆ្លើយ៖ "ក្មួយ​មិន​ជំពាក់​មីង​អី​ទេ ម្ដាយ​មីង​​បង្រៀន​​មីង​​មិន​​ឲ្យ​ចង់​បាន​​សំណង ​​​ពេល​ជួយ​គេ​ដោយ​ទឹក​ចិត្ត​នោះ​ទេ"។ ឮ​ដូច​នេះ​ Kelly ត្រេកអរ​​ពន់​ពេក​​ព្រោះ​ខ្លួន​មិន​មាន​ប្រាក់​ស្រាប់​ផង​ និង​​បាន​​លើក​ដៃ​អរគុណ​អស់​ពី​ចិត្ត​ពី​ថ្លើម។ បន្តិច​ក្រោយ​មក​ Kelly តប​វិញ​៖ "ឥឡូវ​នេះ ខ្ញុំ​​មាន​អារម្មណ៍​ថា​ មិន​ត្រឹម​តែ​រាងកាយ​​​រឹង​មាំ​ទេ ​​ព្រម​ទាំង​​ជំនឿ​ស្មារតី​ក្នុង​ការ​គិត​​ក៏​មាន​​ច្រើន​​​ដោយ​សារ​ពាក្យ​​សម្ដី​​ប៉ុន្មាន​ម៉ាត់​​របស់​មីង​ ខ្ញុំ​នឹង​ចង​ចាំ​ជានិច្ច​"។

អស់​រយៈពេល​​ជា​ច្រើន​​ឆ្នាំ​​កន្លង​ផុត​​ទៅ ​ស្ត្រី​នោះ​​បាន​​ធ្លាក់​ខ្លួន​​​ឈឺ​​ធ្ងន់ សូម្បី​​គ្រូពេទ្យ​​ក្នុង​​ភូមិ​​ក៏​មិន​អាច​មើល​នាង​​ជា​ ដូច្នេះ​​ត្រូវ​បញ្ជូន​​ទៅ​​ព្យាបាល​នៅ​ទីក្រុង​។ ​បន្ទាប់​ពី​​​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​សិក្សា​វិភាគ​រោគ​​ ទើប​រក​ឃើញ​ថា​នាង​កើត​ជំងឺ​​កម្រ​ម្យ៉ាង​​ពិបាក​ព្យាបាល ទើប​ហៅ​លោក​វេជ្ជបណ្ឌិត​​ Howard Kelly មក​ពិគ្រោះ​យោបល់​។ នៅ​ពេល​​លោក​ចូល​​បន្ទប់​​​សង្គ្រោះ​របស់​ស្ត្រី​​នោះ​ក្នុង​មន្ទីរពេទ្យ​​ គាត់​ស្រាប់​តែ​​ចំណាំ​​ស្ត្រី​នោះ​បាន​ភ្លាម​ព្រោះ​នាង​​ជា​អ្នក​​មាន​​គុណ​​កាល​ខ្លួន​នៅ​ក្រ​ខ្សត់។

លោក​វេជ្ជបណ្ឌិត​​ដដែល បាន​ប្ដេជ្ញា​ប្រឹង​ប្រែង​​ឲ្យ​អស់​​សមត្ថភាព​ជួយ​សង្គ្រោះ​ស្ត្រី​​នេះ​ឲ្យ​​ជា​សះស្បើយ​ពី​ជំងឺ​ទាល់​តែ​បាន។ ​ការ​​តស៊ូ​ព្យាយាម​របស់​ Kelly ​​​បាន​​ចំណាយ​អស់​​​រយៈ​ពេល​ជា​ច្រើន​​ថ្ងៃ ហើយ​រូប​គេ​​បាន​​​ខ្នះខ្នែង​សុំ​ជំនួយ​​សង្គ្រោះ​ពី​គ្រូពេទ្យ​​ផ្សេង​​ទៀត រហូត​ព្យាបាល​​ជំងឺ​​នាង​ជា​សះស្បើយ​តែម្ដង​។

បន្ទាប់​​អាការៈ​​បាន​​ធូរ​​ច្រើន នាង​​​បាន​ទទួល​​វិក្កយបត្រ​បង់​ប្រាក់​ថ្លៃ​ព្យាបាល។ ​នាង​​ព្រួយ​បារម្ភ​​ខ្លាំង​​ព្រោះ​តាម​​ស្ថាន​ភាព​ជំងឺ​​ធ្ងន់ធ្ងរ​ និង​​រយៈពេល​ព្យាបាល​​យូរ នាង​​ថា​ខ្លួន​រកស៊ី​​មួយ​ជីវិត​ក៏​ប្រហែល​​គ្មាន​ប្រាក់​ឲ្យ​គ្រូ​ពេទ្យ​ដែរ។ ​ប៉ុន្តែ​​នៅ​​ទី​បំផុត ​ពេល​​​បើក​វិក្កយបត្រ​​​មើល​ នាង​បែរ​ជា​រក​ឃើញ​​ពាក្យ​​បី​បួន​ម៉ាត់​នៅ​ជ្រុង​ម្ខាង​នៃ​សំបុត្រ​ថា "មីង​​មិន​​ជំពាក់​ពេទ្យ​​អ្វី​ទេ ថ្លៃ​ព្យាបាល​​ទាំង​អស់​​ត្រូវ​សង​ដោយ​ថ្លៃ​ទឹក​ដោះ​គោ​មួយ​កែវ​ដែល​​​មីង​ធ្លាប់​ឲ្យ​ក្មួយ៕"

តម្លៃ​អប់រំ៖ ការ​ជួយ​​អ្នក​ដទៃ​​ដោយ​មិន​គិត​ចង់​បាន​សំណង​​មក​វិញ​ ត្រូវ​គេ​ចាត់​ទុក​ជា​រឿង​ប្រពៃ​​ និង​ឲ្យ​តម្លៃ​បំផុត​ក្នុង​សង្គម​មួយ។ ​អ្នក​ដទៃ​ធ្លាប់​​ជួយ​​យើង​​តិច ឬ​ច្រើន​ក្ដី ត្រូវ​​ចេះ​តប​ស្នង​ដឹង​គុណ​​គេ​វិញ​តាម​លទ្ធភាព​ខ្លួន​មាន​។ មិន​​ត្រូវ​​ម៉ាក់​ងាយ​កុមារ​​​តូច​ៗ ព្រោះ​ពួក​គេ​​អាច​នឹង​មាន​អនាគត​​ប្រសើរ​ជាង​យើង។

រូបតំណាង