ជួប​ម្ចាស់ហាង​និយាយ​ការ​នាំ Nokia 6 លើ​ទីផ្សារ​ក្នុង​ស្រុក

  • 2017-01-19 07:50:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia 6 មិន​ត្រឹម​តែ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ចិន រហូត​ទទួល​ការ​កុម្ម៉ង់​ទិញ​កើន​ដល់ ១ លាន​គ្រឿង ​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​​មួយ​ចំនួន​ឯ​ណេះ ក៏​អន្ទះសា​ចង់​ទិញ​ស្មាតហ្វូន​នេះ​ដូចគ្នា។ យ៉ាងណា​តាម​បណ្ដា​ហាង​លក់​ទូរសព្ទ​ទំនើប​នៅ​ភ្នំពេញ​ហាក់​នៅ​ស្ទាក់ស្ទើរ រឿង​ដាក់​លក់ Nokia 6 លើ​ទីផ្សារ។

ត្បិត​ឃើញ​ប្រិយមិត្ត​ច្រើន​សួរ​នាំ​ដំណឹង Nokia 6 តែ​ហាង​លក់​ទូរសព្ទ​ទំនើប ស្រី អូន ម្តុំ​គិរីរម្យ​នៅ​មិន​​ទាន់​ប្រាកដ​រឿង​ដាក់​លក់​នោះ​ទេ ដោយ​ហេតុ​ថា​គ្រប់​សេវាកម្ម​ផ្សេងៗ​របស់ Nokia នៅ​កម្ពុជា​មិន​សូវ​ទូលំទូលាយ​ដូច​ពី​មុន។ ដូច្នេះ​វា​អាច​ជា​ហានិភ័យ​ខ្លះ​ដែរ បើ​សិន​ដាក់​លក់​ផលិតផល Nokia លើ​ទីផ្សារ។

ទោះ​នៅ​ស្ទាក់ស្ទើរ​រឿង​ការ​ដាក់​លក់ តែ​ម្ចាស់​ហាង​ខាង​លើ​នៅ​រង់ចាំ​ខាង​ភ្នាក់ងារ​របស់ Nokia នៅ​ក្នុង​ស្រុក ចាត់ចែង​រឿង​ចែកចាយ​ស្មាតហ្វូន ដែលទទួល​ការ​គាំទ្រ​ខ្លាំង​នៅ​ចិន​នេះ។

ចំណែក​ម្ចាស់​ហាង​លក់​ទូរសព្ទ សុខ លី ក៏​អះអាង​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​​ខាង​លោក​រង់ចាំ​តែ​ខាង Nokia នៅ​កម្ពុជា នាំចូល​នឹង​ចែកចាយ​តាម​ហាង​លក់​បន្ត។ ត្បិត Nokia 6 បច្ចុប្បន្ន​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​បរទេស​ពិសេស​ចិន តែ​លទ្ធភាព​លក់​នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក ហាក់​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ពី​ម៉ាក​ទូរសព្ទ​ដទៃ។

Nokia 6 ផលិត​ដោយ​ក្រុមហ៊ុន​វ័យ​ក្មេង HMD ដែល​មាន​បុគ្គលិក​ជា​ច្រើន​ធ្លាប់​ធ្វើ​ការ​ឲ្យ Nokia ពី​មុន។ ក្រុមហ៊ុន​នេះ​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ហ្វាំងឡង់ ដែល​ជា​ទី​កំណើត​ក្រុមហ៊ុន Nokia។

ស្មាតហ្វូន Nokia 6 ដាក់​លក់​លើ​ទីផ្សារ​បរទេស​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​តម្លៃ ២៤៥ ដុល្លារ។ វា​បំពាក់​អេក្រង់​ប្រភេទ Gorilla Glass 3 ទំហំ​ ​៥,៥​ អ៊ីញ​ មាន​ ​Resolution​ ​១០៨០x១៩២០​ ​(Full HD) ដំណើរការ​ដោយ​បន្ទះ​ឈីប​ ​Snapdragon 430 , Octa-Core CPU និង Adreno 505 GPU។ កាន់​តែ​ពិសេស​ ​Nokia 6​ ​មាន​ ​RAM​ ​4​GB​ ​អង្គ​ផ្ទុក​ទិន្នន័យ​ ​64GB​ ​កាមេរ៉ា​ក្រោយ​ 16MP ជា​មួយ​ ​Aperture f/2.0​ ​និង​កាមេរ៉ា​មុខ 8MP៕

អត្ថបទ៖ ផាន់និត