យុវជនពីររូប ជោគជ័យបង្កើតកម្មវិធីទូរសព្ទ ទោះគ្មានជំនាញ IT
- 2017-02-06 02:23:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនពីររូប ជោគជ័យបង្កើតកម្មវិធីទូរសព្ទ ទោះគ្មានជំនាញ IT
ចន្លោះមិនឃើញ
ទោះបីគ្មានជំនាញ IT តែយុវជនឆ្នើមពីររូប តស៊ូរៀនលើអនឡាញបង្កើតកម្មវិធីទូរសព្ទ រហូតជោគជ័យមិនគួរឲ្យជឿ។
អ្នកខេត្តកំពង់ធំ សិក្សាជំនាញឧស្សាហកម្ម ជៀប គន្ធា ប្រាប់ថា មូលហេតុបណ្ដាលចិត្តលោកបង្កើត App សម្រាប់សិស្សកម្រិតវិទ្យាល័យដាក់ក្នុងប្រព័ន្ធប្រតិបត្តិការ Android ព្រោះតែការស្រឡាញ់វិស័យបច្ចេកវិទ្យា និងក្នុងគោលបំណងចង់ឲ្យមានកម្មវិធីអប់រំជាភាសាខ្មែរនៅលើអ៊ីនធឺណិតកាន់តែច្រើនដើម្បីជួយសម្រួលក្នុងការស្រាវជ្រាវដល់សិស្សជំនាន់ក្រោយ។
ការបង្កើត App នេះ អតីតសិស្សពូកែគណិតវិទ្យាខាងលើបន្តថា ជួបការលំបាកច្រើន ដោយកម្មវិធីនីមួយៗត្រូវស៊ីពេលប្រហែល ១ សប្ដាហ៍។ ម៉្យាងលោកគ្មានមូលដ្ឋានជំនាញ IT ទេ ប៉ុន្តែដោយសារចិត្តស្រឡាញ់ជំនាញនេះទើបព្យាយាមសាកល្បងធ្វើរហូតបានសម្រេច។
ទំនេរពីការសិក្សា គន្ធា តែងតែទៅហាងកាហ្វេណាមានអ៊ីនធឺណិត ដើម្បីរៀនពីការសរសេរកូដ និងតិចនិកក្នុងការបង្កើត App។ លើ Youtube ដែលមានការបង្ហាញណែនាំនិងវិបសាយផ្សេងៗដែលមានឧទាហរណ៍ស្រាប់ គន្ធាបានព្យាយាមរៀនអនុវត្តនិងព្យាយាមបំបែកដោយខ្លួនឯង។
មកទល់ពេលនេះអ្នកអភិវឌ្ឍកម្មវិធី Android រូបនេះ បង្កើត App សរុបបាន ១១ ដោយអាចប្រើប្រាស់គ្រប់កម្រិត រាប់តាំងពីថ្នាក់អនុវិទ្យាល័យ ដល់វិទ្យាល័យ។ កម្មវិធីបានភ្ជាប់ជាមួយរូបមន្តសង្ខេប លំហាត់ដោះស្រាយ កម្រងវិញ្ញាសាប្រឡងសិស្សពូកែប្រចាំឆ្នាំ វិញ្ញាសាត្រៀមប្រឡងបាក់ឌុប វិញ្ញាសាត្រៀមប្រឡងអាហារូបករណ៍ទៅបរទេស ប្រឡងចូលសាលាពេទ្យជាដើម។
ងាកមកលោក ស៊ាន វណ្ណារិទ្ធ ត្រឹមជាមគ្គទេសក៍ទេសចរណ៍ អាចបង្កើតបណ្ដាញសង្គមវ័យក្មេង Like Cambodia សម្រាប់ពលរដ្ឋខ្មែរប្រើប្រាស់។ លោកប្រឹងអស់ ២ ឆ្នាំ ទើបបណ្ដាញសង្គមមួយនេះ លេចរូបរាងឡើងនៅចុងឆ្នាំ ២០១៦។
ស្ថាបនិករូបនេះ អះអាងថា លោករៀនចប់ផ្នែកទេសចរណ៍ មិនមែនផ្នែកព័ត៌មានវិទ្យានោះទេ តែដោយកូនចិត្តចង់ឲ្យកម្ពុជាមានបណ្ដាញសង្គមផ្ទាល់ខ្លួន ក៏ខំបង្កើត Like Cambodia រហូតភ្លេចបាយភ្លេចទឹក ទាល់បានសម្រេច។
រយៈពេលយូរដល់ពីរឆ្នាំបង្កើត Like Cambodia នេះ វណ្ណារិទ្ធថា ដោយសារលោកមិនសូវមានពេលពេញលេញ ព្រោះជាប់ការងារផ្នែកទេសចរណ៍។ លោកតែងតែឆ្លៀតពេលពីការងារមគ្គទេសក៍ទេសចរណ៍ មកបង្កើតបណ្ដាញសង្គមក្នុងក្តីសុបិន ដោយបានការជួយពន្យល់ខ្លះៗពីមិត្តភ័ក្ដិនិងរៀនតាមអនឡាញ ទាំងខ្លួនមិនដែលមានជំនាញខាងសរសេរកូដទាល់តែសោះ។
Like Cambodia ដែលចាយពេលបង្កើតដល់ពីរឆ្នាំនិងមានមុខងារស្រដៀង Facebook ស្ថាបនិកខាងលើថា ជំហានដំបូងសម្រាប់តែពលរដ្ឋកម្ពុជាប្រើប៉ុណ្ណោះ តែបើជោគជ័យលោកនឹងពង្រីកខ្លួនតទៀត។
អំឡុងចុងឆ្នាំ ២០១៦ និងដើមឆ្នាំ ២០១៧ មានអ្នកប្រើប្រាស់កម្ពុជាជាច្រើនសម្រុកមកប្រើបណ្ដាញសង្គមរបស់លោក រហូតដល់មានបញ្ហា Server ទើបអ្នកខ្លះជួបបញ្ហា Sign in មិនចូល។
បច្ចុប្បន្នមានអ្នកកំពុងប្រាស់ Like Cambodia សកម្មប្រហែល ២ពាន់នាក់។ វណ្ណារិទ្ធ សង្ឃឹមថា Like Cambodia នឹងក្លាយជាបណ្ដាញសង្គមមានប្រជាប្រិយភាពមួយសម្រាប់ពលរដ្ឋកម្ពុជា៕